បារាំង​ អង់គ្លេស​ស៊ី​ច្រើន​គ្រាប់​ដូច​គ្នា​ តែ​ក្រុម​ការពារ​ជើង​ឯកបន្តស្មើទៀតយប់មិញ​

  • 2019-03-26 01:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ ក្រុម​តារា​ប្រជា​ប្រិយ​​អង់គ្លេស​ និង​បារាំង​​​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​គ្រាប់​បាល់​ច្រើន​គ្រាប់​ដូច​គ្នា​ ប៉ុន្តែ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​​ព័រទុយហ្គាល់​បាន​បន្ត​ស្មើ​ជា​លើក​ទី​២។

ការ​ប្រកួត​រវាង​អង់គ្លេស និង​ម៉ុងតេណក្រូ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​បន្ត​ឈរ​លើ​កំពូល​តារាង​ពូល​ A ​ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​លត់​ក្រុម​ជម្រើស​ជាតិ​ម៉ុងតេណេក្រូ​​ដល់​ផ្ទះ​ដោយ​​លទ្ធផល​ ៥-១។ ៥​គ្រាប់​របស់​អង់គ្លេស​រក​បាន​ដោយ​ Ross Barkley ២​គ្រាប់​ ហើយ​ Michael Keane, Harry Kane និង​ Raheem Sterling ម្នាក់​១​គ្រាប់​ ខណៈ​ម៉ុងតេណេក្រូ​រក​បាន​១​គ្រាប់​ដោយ​ Marko Vesovic។ ចាំ​ថា កាល​ប្រកួត​លើក​ទី​១​ អង់គ្លេស​លេង​​ក្នុង​ផ្ទះ​របស់​ខ្លួន​បាន​​បំបាក់​សាធារណរដ្ឋឆេក​ដោយ​លទ្ធផល​ ៥-០។

អង់គ្លេស​អបអរ​

ចំណែក​នៅ​ពូល​ H ក្រុម​ខ្លាំង​ជម្រើស​ជាតិ​បារាំង​​ក៏​ឈរ​នៅ​លើ​កំពូល​តារាង​ដែរ​តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អ៊ៀរឡង់​ដោយ​លទ្ធផល​ ៤-០។ Samuel Umtiti រក​បាន​១​គ្រាប់​ Olivier Giround រក​បាន​១គ្រាប់​ Kylian Mbappe រក​បាន​១​គ្រាប់​ និង​ Antoine Griezmann រក​បាន​១​គ្រាប់។ កាល​ប្រកួត​លើក​ទី​ បារាំង​បាន​យក​ឈ្នះ​ម៉ុលដូវ៉ា​ដោយ​លទ្ធផល​ ៤-១។ ​

Ronaldo របួសត្រូវ​ប្តូរ​ចេញ​យប់​មិញ

នាំ​គ្នា​ចាប់​អារម្មណ៍​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ ព័រទុយហ្គាល់​ នៅ​មិន​ទាន់​រក​បាន​ជ័យជម្នះ​ឡើយ​ក្នុង​ការ​ប្រកួត​២​លើក​កន្លង​មក។ យប់​មិញ​នេះ​​ ព័រទុយហ្គាល់​​លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង​បាន​ត្រឹម​ស្មើ​ ស៊ែប​ដោយ​លទ្ធផល​ ១-១ ខណៈ​ការ​ប្រកួត​លើក​ទី​១​​​ក៏​លេង​ក្នុង​ផ្ទះ​ខ្លួន​ដែរ​ដោយ​ស្មើ​អ៊ុយក្រែន​ ០-០។ តារា​ឆ្នើម​ Cristiano Ronaldo លេង​ទាំង​ពីរ​លើក​ ប៉ុន្តែ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​ឡើយ។ ពូល​ B នេះ​ អ៊ុយក្រែន​ កំពុង​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ​១​ និង​ស្មើ​១​ ហើយ​ព័រទុយហ្គាល់​កំពុង​ឈរ​លេខ​​៣​ដោយ​មាន​២​ពិន្ទុ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា