ត្រឹម​តែ​ ៣១​ប្រកួត Arsenal មាន​ពិន្ទុ​ស្មើ​នឹង​ពេល​ចប់​រដូវ​កាល​មុន​បាត់

  • 2019-04-02 12:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​យក​ឈ្នះ​ក្លឹប​ Newcastle United ក្នុង​លទ្ធផល ២-០ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នេះ ក្លឹប​ Arsenal មិន​ត្រឹម​តែ​ឡើង​មក​លេខ ៣ ក្នុង​តារាង​ចំណាត់ថ្នាក់​លីគ​កំពូល​អង់គ្លេស​ទេ​ តែ​ថែម​ទាំង​មាន​ពិន្ទុ​ស្មើ​នឹង​បញ្ចប់​រដូវ​កាល​ ២០១៧/១៨ ដោយ​មាន ៦៨​ពិន្ទុ។

កាល​ពី​រដូវ​កាល ២០១៧/១៨ ក្លឹប​កាំភ្លើង​ធំ​ Arsenal ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ចាស់​វស្សា​ជនជាតិ​លោក Arsene Wenger។ ពេល​នោះ​ដែរ​ Arsenal បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៦ ក្នុង​ Premier Leagueនិង​មាន​ ៦៨​ពិន្ទុ​ក្នុង​ដៃ។

ដោយឡែក​ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ​វិញ ក្លឹប​មួយ​នេះ​បាន​តែងតាំង​អ្នក​ចាត់ការ​អេស្ប៉ាញ Unai Emery ដែល​មាន​បទពិសោធន៍​ក្នុង​ការដឹកនាំ​ក្លឹប​នៃ​លីគ​កំពូល​អេស្ប៉ាញ និង​លីគ​កំពូល​បារាំង​។ គិត​ត្រឹម​សប្ដាហ៍​ទី ៣១​នេះ លោក​បាន​ដឹកនាំ​ក្លឹប​ឲ្យ​ឈរ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ Premier League ដែល​ ឈ្នះ ១៩​ដង ស្មើ ៦ដង និង​ចាញ់ ៦​ដង ហើយ​មាន​ ៦៨​ពិន្ទុ​ក្នុង​ដៃ។

ក្នុង​ពេល​នេះ​ដែរ ក្លឹប​ Liverpool ឈរ​កំពូល​តារាង​ ដោយ​លេង​បាន​ ៣២​ប្រកួត​ និង​មាន​ ៧៩​ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ Manchester City ដែល​នៅ​សល់​មួយ​ប្រកួត​ និង​មាន​ ៧៧​ពិន្ទុ។ លេខ ៣​ Arsenal ចំណែក​ឯ​ Tottenham Hotspur ធ្លាក់​ទៅ​លេខ​ ៤​ មាន​ ៦១​ពិន្ទុ​ស្មើ​នឹង​ ក្រុម​លេខ ៥ Manchester United ខណៈ​ក្លឹប​ Chelsea ឈរ​លេខ ៦ ដោយ​មាន ៦០​ពិន្ទុ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី