ស្រីស្អាត ជីជី ចេញមករកស៊ីលក់លៀសហាល ត្រូវគេដៀលថា “ធ្លាក់ខ្លួន”
- 2019-04-03 05:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត ជីជី ចេញមករកស៊ីលក់លៀសហាល ត្រូវគេដៀលថា “ធ្លាក់ខ្លួន”
ចន្លោះមិនឃើញ
ថៅកែហាង Spicy Shoup ស្រស់ស្អាត ជីជី បានចេញមុខលក់លៀសហាលយ៉ាងចំហនាមួយរយៈចុងក្រោយនេះ រហូតដល់មានពាក្យនិន្ទាថា នាងធ្លាក់ខ្លួនដល់ថ្នាក់លៀស បើសូម្បីតែខ្លួនឯងជាតារាមួយរូបក្ដី។
តាមការបង្ហើបរបស់កញ្ញា ជីជី ពាក្យនិន្ទានេះនាងទទួលបានពីក្នុងចង្កោមអ្នកសិល្បៈរបស់នាង ក្រោយពីគេបានឃើញនាងចេញមកផ្សព្វផ្សាយលក់លៀសហាលរាល់ថ្ងៃនៅលើបណ្ដាញសង្គម។ យ៉ាងណាក៏ដោយ ស្រីស្អាត មិនបានបញ្ចេញឲ្យដឹងឡើយថា ម្ចាស់ប្រយោគនិន្ទានាងនោះ ជានរណាឡើយ។ ជីជី ថា មនុស្សក្នុងសិល្បៈជាមួយគ្នានោះ បាននិយាយពីនាងថា "ម៉េចវាធ្លាក់ខ្លួនលក់លៀសចឹង ធ្វើតារាទៅលក់លៀស!”។
ទទួលបានប្រយោគនេះ ជីជី បានតបវិញ ចំពោះអ្នកសិល្បៈមួយចំនួននោះ ដែលបានយកនាងធ្វើជាប្រធានបទ ស្របពេលដែលកំពុងតែរវល់រឿងរកស៊ី។ "ចុះបើខ្ញុំលក់លៀស តើវាទើសអ្នកត្រង់ណា? ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន គ្រប់មុខរបរសុចរិតគឺសុទ្ធតែមានតម្លៃ? មុខរបរខ្ញុំ ញើសឈាមខ្ញុំ កម្លាំងខ្ញុំ ហើយខ្ញុំលក់លៀសគឺមិនមែនលក់ខ្លួនដូចអ្នក យល់នៅ?”
ក្រោយពីការឆ្លើយតបនេះ មិត្តរួមអាជីពផ្សេងទៀត ដូចជាលោក ហេង នរកក្កដា និង នៅ សុនិតា ដែលគាំទ្រនាង បានចូលមកលើកទឹកចិត្ត ត្បិតថា អ្វីដែលនាងបាន និងកំពុងធ្វើ គឺជារបរត្រឹមត្រូវ និងសុចរិត។
ជីជី ត្រូវបានគេឃើញចេញមកលក់លៀស ប្រមាណជា ២ខែមកហើយ ដោយលៀសហាលរបស់នាង មានតម្លៃ ៥០០០រៀលក្នុង១កំប៉ុង។ ក្រៅពីរបរនេះ និងអាជីពសិល្បៈ ដោយធ្វើជាពិធីការិនីនៅទូរទស្សន៍ស៊ីធីអិន ជីជី ក៏ជាម្ចាស់អាជីវកម្ម Spicy Shoup ដែរ ដែលបានបើកដំណើររយៈ ពេលយូរមកហើយ។ ដោយឡែកអាជីវកម្មលក់លៀស គឺនាងលក់នៅមុខហាងស៊ុបរបស់នាងតែម្ដង ដែលមានទីតាំងនៅម្ដុំដេអិន៕