ធ្លាប់​លេង​ល្បែង​ឈូង តិច​អត់​ដឹង​អត្ថន័យ​សំខាន់​ដូច​ម្ដេច​ទៅ?

  • 2019-04-03 08:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន​ច្រើន​ ដែល​គេ​និយម​លើក​យក​​មក​លេង​កម្សាន្ត​នៅ​រដូវ​បុណ្យទាន​ជាពិសេស​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ល្បែង​ប្រជាប្រិយ​ខ្មែរ​ ដែល​គេ​និយម​លេង​ច្រើន​ជាង​គេ​នោះ មាន​ដូចជា ​បោះ​អង្គញ់ ចោល​ឈូង លាក់​កន្សែង ទាញ​ព្រ័ត្រ ​ស្ដេច​ចង់ លោត​អន្ទាក់ ​រុញ​អង្រែ ជាដើម។ ក្នុង​ចំណោម​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ទាំង​អស់​នេះ​សុទ្ធសឹងតែ​មាន​អត្ថន័យ​សំខាន់​ដូច​គ្នា ហើយ​បាន​ដើរ​តួនាទី​ទៅ​តាម​ល្បែង​និមួយៗ តែ​ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​ល្បែង​មួយ​ប្រភេទ​ នោះ​គឺ​ ល្បែង​ឈូង។

តើ​ល្បែង​ឈូង​មាន​សារសំខាន់​ដូច​ម្ដេច​ខ្លះ? គេ​លេង​ដើម្បី​អ្វី? ឆ្លើយ​តប​នឹង​សំណួរ​នេះ Sabay សូម​ដក​ស្រង់​អត្ថន័យ​តាម​សៀវភៅ​ "ល្បែង​ប្រជាប្រិយ​ខ្មែរ" ដែល​រៀបរៀង​ដោយ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ បាន​ឲ្យ​ដឹង​ថា ល្បែង​ឈូង ត្រូវ​បាន​គេ​រាប់​ចូល​ក្នុង​ក្រុម​ការ​ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ដៃ​ឲ្យ​ត្រង់​ផង ជា​ការ​កម្សាន្ត​សប្បាយ​ ដោយ​មាន​ការ​រាំ​ច្រៀង​លាយ​ជាមួយ​គ្នា​ផង។

តើ​ល្បែង​ឈូង​គេ​លេង​ដូច​ម្ដេច​ទៅ? ល្បែង​នេះ ជា​ល្បែង​មួយ​យ៉ាង​របស់​មនុស្ស​កម្លោះ​ក្រមុំ​ ឬ​មនុស្ស​ចំណាស់​ៗ ប្រុស-ស្រី ទូទាំង​កម្ពុជរដ្ឋ គេ​តែងតែ​លេង​នៅ​វេលា​យប់​ខែ​ភ្លឺ ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី (ខែចេត្រ-ពិសាខ) ។ គេ​ចែក​គ្នា​ជា​២ពួក ប្រុស​១ពួក, ស្រី​១ពួក។

តាម​ឯកសារ​បាន​សរសេរ​ទៀត​ថា ក្នុង​១ពួកៗ មាន​គ្នា​ចំនួន​ពី ១០នាក់ ឬ​២០នាក់​ឡើង​ទៅ ឈរ​ត្រៀម​ជា​២ជួរ​ ទល់​មុខ​គ្នា ឃ្លាត​ពី​គ្នា​ប្រមាណ​ជា ៨ ឬ ១០ម៉ែត្រ។ គេ​យក​ក្រមា​ ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា "ឈូង" សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅ​មក​រក​គ្នា។

ទាក់ទង​នឹង​ការ​លេង​ឈូង​នេះ​ដែរ មុន​ដំបូង​ខាង​ប្រុស​ៗ​បោះ​ឈូង​ទៅ​ឲ្យ​ក្រុម​ស្រីៗ ​ខាង​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់​ជា​ស្អុយ ហើយ​គេ​ផ្ដើម​បោះ​ទៅ​ឲ្យ​ខាង​ប្រុស​វិញ ឯ​ក្រុម​ប្រុសៗ​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី។ កាល​ចាប់​បាន​ហើយ​ចោល​សំដៅ​ទៅ​ក្រុម​ស្រីៗ គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ​ បើ​ចោល​ខុស​គេ​ចាត់​ជា​ស្អុយ​រួច​គេ​ផ្ដើម​បោះ​ជា​ថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស​ ហៅ​ថា​ច្រៀង​រាំ​ជូន​ឈូង។ របៀប​ច្រៀង​រាំ​នោះ​ ម្នាក់​កាន់​ឈូង​នាំ​មុខ ម្នាក់​ដៃ​ទទេ​រាំ​តាម​ក្រោយ​ ហើយ​ច្រៀង​ជា​ទំនុក​ថា "ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​ ប្រុស​ស្ងួន​ ទទួល​ឈូង​ទៅ"។ ក្រុម​ស្រី​ៗ​ក្រៅ​ពី​នោះ​គ្រប់​គ្នា​ទទួល​ថា "ឱ​ណា​កែវ​ កែវ​ពីអា ឱ​ណា​កែវ​អឺយ អឺអឹងអឺយ ! “ រួច​ហើយ​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ប្រុសៗ ទទួល​យក​ ហើយ​ក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅ​ឲ្យ​ស្រី​ចាប់​វិញ។

បើ​ក្រុម​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅ​ទៅ​ក្រុម​បុរស​វី បើ​ចោល​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​រាំ​នាំ​ឈូង​ទៅ​ជូន​ខាង​ស្រី ដោយ​ច្រៀង​ជា​ទំនុក​ថា "បង​ចាប់​ឈូង​បាន​ បងបី​ត្រកង ព្រលឹង​មាស​បង ទទួល​ឈូង​ទៅ"។ ក្រុម​ប្រុសៗ​ គ្រប់​គ្នា​ទទួល​បន្ទរ​ថា "ឱណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឹង​អឺយ ! “។ ហើយ​ក៏​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ក្រុម​ស្រីៗ ទទួល​យក​ ទើប​ផ្ដើម​បោះ​តទៅទៀត។

ឈូង​លោះ​ខ្ញុំ" ដើម​ដំបូង​ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​ ១ទំនុក​ជាមុន។ ឯ​ទំនុក​ច្រៀង​ឈូង​មាន​ច្រើន​បែប​ ប្លែកៗ​ទៅតាម​ប្រាថ្នា​របស់​អ្នក​នាំ​ច្រៀង​ និង​តាម​ស្រុក។ ទី​នេះ ស្រង់​យក​តែ​ទំនុក​ធម្មតា ដែល​អ្នក​លេង​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់​គ្នា​ថា "បង​បោះ​ឈូង​ទៅ អូន​អើយ កម្ពស់​ចុង​ដូង (ស្ទួន) ក្រមុំ​ឈរ​ច្រូង​ អូន​អើយ​ទទួល​ឈូង​បង" ឬ​ថា "​បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មាន​ខ្លួន ទទួល​ឈូង​បង"...។ ច្រៀង​ហើយ​គេ​ស្រែក​ថា "ឈូង​អើយ​ឈូង !

ក្រោយ​ច្រៀង​រួច​ហើយ​ អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅ​លើ​ក្រុម​ស្រីៗ ឲ្យ​ស្រីៗ​ចាប់​។ ខាង​ស្រី​ចាប់​ឈូង​បាន​ គេ​ចោល​សំដៅ​ទៅ​រក​ប្រុស​ណា​ដែល​ត្រូវ​ចិត្ត បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា​ គេ​ទៅ​ចាប់​ប្រុស​នោះ​មក​ទុក​ខាង​ក្រុម​ស្រីៗ។ បើ​ចោល​មិន​ត្រូវ​ទេ ខាង​ប្រុស​ចាប់​ឈូង​នោះ​ ចោល​សំដៅ​មក​រក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ​ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យក​ទៅ​លើក​មុន​នោះ ត្រូវ​បាន​រួច​ខ្លួន បើ​ប្រុស​ចោល​មិន​ត្រូវ​ស្រី​វិញ​ទេ​ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល។ បើ​ខាង​ណា​ពូកែ​ចោល​ គេ​ចោល​យក​ម្ខាង​ៗ​ទាល់​តែ​អស់។ កាល​ណា​អស់​គ្នា​ហើយ​គេ​ផ្ដើម​លេង​សាជាថ្មី ដោយ​ឲ្យ​ខាង​ស្រី ចោល​ឈូង​ ទៅ​ឲ្យ​ខាង​ប្រុស​មុន​វិញ។ មុន​នឹង​ស្រីៗ​បោះ​ឈូង​ទៅ​ឲ្យ​ខាង​ប្រុស​ គេ​ស្រែក​ច្រៀង​ថា "អូន​បោះ​ឈូង​ទៅ បង​អើយ​ កម្ពស់​ចុង​ស្លា ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង​ប្អូន" ជាដើម ច្រៀង​ហើយ​គេ​ស្រែក​ថា "ឈូង​អើយ​ឈូង!” ហើយ​គេ​បោះ​ឈូង​ទៅ​លើ​ក្រុម​ប្រុសៗ​។

ឯ​ខាង​ប្រុស​ បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅ​ទៅ​ស្រីៗ កាល​ត្រូវ​លើ​ស្រីណា​ម្នាក់​គេ​ចាប់​យក​ស្រី​នោះ​មក​ទុក​ខាង​គេ។ បើ​ខាង​ណា​អស់​មនុស្ស​ គេ​ចែក​គ្នា​លេង​សាជាថ្មី។

មនុស្ស​ដែល​គេ​ចាប់​បាន​នោះ ជួន​កាល​គេ​ចង​មុខ​ឲ្យ​ជិត​លែង​ឲ្យ​រត់​ទៅ​កាន់​ទី​ផ្សេងៗ ជា​ការ​កម្សាន្ត​សប្បាយ។

របៀប​លេង​បែប​ទី​២នេះ ជួន​កាល​អ្នក​លេង​ គេ​ច្រូត​កាត់​មិន​បាច់​ច្រៀង​ស្រាប់​តែ​ចោល​តែម្ដង​ក៏​បាន៕

តើ​ប្រិយ​មិត្ត​ណា​ធ្លាប់​លេង​ទេ? មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ?

ប្រភព​ដក​ស្រង់​ចេញ​ពី​សៀវភៅ "ល្បែង​ប្រជាប្រិយ​ខ្មែរ​" ដែល​ចង​ក្រង​ដោយ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ ដោយរៀបរៀង​ដោយ៖

  • ១. លោក ចាប ពិន អធិបតី​ក្រុម​ជំនុំ

  • ២. អ្នកស្រី ពេជ្រ សល់

  • ៣. លោក លី ធាមតេង

  • ៤. ស្ដើង ធូរ សមាជិក នៃ​ក្រុម​ជំនុំ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា