បុណ្យចូលឆ្នាំខ្មែរ បើបានឆ្លៀតទៅវត្ត មកអានបម្រាម ៤ចំណុច ទៅវត្តឲ្យបានសមសួនជាកូនខ្មែរ
- 2019-04-12 04:15:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យចូលឆ្នាំខ្មែរ បើបានឆ្លៀតទៅវត្ត មកអានបម្រាម ៤ចំណុច ទៅវត្តឲ្យបានសមសួនជាកូនខ្មែរ
ចន្លោះមិនឃើញ
ពិធីបុណ្យចូលឆ្នាំ ៣ថ្ងៃ ក្រៅពីជួបជុំសាច់ញាតិ បងប្អូន មិត្តភក្ដិ សប្បាយរីករាយ មានលេងល្បែងប្រជាប្រិយខ្មែរ និងការដើរកម្សាន្តផ្សេងៗនៅតាមស្រុកភូមិ ប៉ុន្តែប្រជាជនខ្មែរក៏មិនភ្លេចទៅវត្ត។ ដើម្បីទៅវត្តឲ្យសមសួនតាមទំនៀមទម្លាប់ កុំឲ្យខុស កុំឲ្យឆ្គង ថ្ងៃនេះ Sabay ចង់ណែនាំប្រិយមិត្តរៀបចំលក្ខណៈសម្បត្តិមួយចំនួនមុនទៅវត្ត ដូចមានការរៀបរាប់ខាងក្រោមនេះ៖
១. សំលៀកបំពាក់ទៅវត្ត៖ មិនថាប្រុស មិនថាស្រី មានរបៀបរៀបចំខ្លួនប្រាណទៅវត្តប្រកបដោយដំណើរសង្រួមតាំងពីឫកពា ព្រមទាំងសំលៀកបំពាក់ទៀតផង ឲ្យល្មមសម កុំប្រើពណ៌ឲ្យឆើតពេក។ សំពត់អាវដែលស្លៀកពាក់ទៅវត្តក៏គប្បីបិទបាំង រូបកាយឲ្យបានគត់មត់ល្អ។ សម្រាប់ស្ត្រីត្រូវប្រយ័ត្នកុំឲ្យស្លៀកពាក់ខើចពេក ខ្លីពេក ឬចំហមុខក្រោយឲ្យលេចឃើញទី ដែលបង្កើតឡើងនូវតម្រេកដល់បុរស។ ស្ត្រីទាំងឡាយគួរគប្បីប្រើពណ៌យ៉ាងខ្ចីយ៉ាងស្រគាំ ស ឬខ្មៅ អាវវៀលក ឲ្យតូចល្មមមានដៃវែង ឬខ្លីល្មម ហើយត្រូវដណ្ដប់ក្រមាទៀត ទើបសមរម្យជាអ្នកចូលវត្ត (បើពាក់អាវស សមជាងគេបំផុត)។
ការស្លៀកពាក់ស្រ្តីពីដើមទៅវត្ត គឺស្រ្តីគេធ្លាប់ស្លៀកសំពត់ចងក្បិន សំពត់សំឡុយ ឬខៀន ពាក់អាវបំពង់ខ្លី ឬអាវបំពង់វែង តែគេតែងមានក្រមាដណ្ដប់បិទទ្រូងទៀតនោះ ជាការចាំបាច់ លើកលែងតែស្ត្រីព្រហ្មចារីចេញ គេឥតរិះគន់ទេ។ ដល់មកសតវត្សនេះវប្បធម៌អឺរ៉ុបចូលមក សំលៀកបំពាក់បណ្ដាជនផងទាំងពួងក៏ចំរើនទៅតាមបែបផែននោះដែរ ព្រមទាំងការរចនាផ្សេងៗទៀតក៏ល្អ លើសលុបជាងពី សម័យបុរាណច្រើនបែបច្រើនយ៉ាងណាស់ ហើយប្លែកៗគ្នាផង។
ឯការស្លៀកពាក់របស់បុរសកាលពីបុរាណវិញ គឺបុរសគេធ្លាប់ស្លៀកសំពត់ចងក្បិន ខោចិន ពាក់អាវកុត ឬអាវចិនប៉ុណ្ណេះល្មមហើយ យើងមិនចាំបាច់ក្រវាត់ក្រមាពីលើអាវទៀតទេ។ តែបើរៀបចំខ្លួនប្រាណតាមទំនើបថ្មីក៏បាន កុំតែពាក់ស្បែងជើងឡើងកុដិលោក ឡើងព្រះវិហារ ឬព្រះចេតិយ ជាដើម។
២. ការពាក់ស្បែងជើង៖ ការពាក់ស្បែកជើងសម្រាប់ការពារបាតជើងកុំឲ្យប៉ះទង្គិច ឬមុត និងការពារក្ដៅត្រជាក់ផង។ ប៉ុន្ដែខាង គារវកិច្ច របស់គ្រហស្ថប៉ែកខាងអ្នកកាន់ព្រះពុទ្ធសាសនាវិញ ស្បែកជើងពាក់ចូលវត្តមានការទាស់ខុសជាច្រើនប្រការ៖ ព្រះសង្ឃដែលគ្មានពាក់ស្បែងជើង មិនត្រូវនិយាយស្ដីនឹងគ្រហស្ថ ដែលពាក់ស្បែកជើងទេ។ បើពាក់ដូចគ្នាមិនជាការទាស់ខុសទេ។
គ្រហស្ថមិនត្រូវពាក់ស្បែកជើងឡើងកុដិលោកសង្ឃ ឬឡើងព្រះវិហារ ព្រះចេតិយទេ។ ត្រូវដោះទុកនៅកាំជណ្ដើរខាងក្រោមទើបរួចទោសកំហុសក្នុង គារវកិច្ច។
៣. ការពាក់មួក និងឆ័ត្រ៖ នៅពេលទៅវត្ត មិនត្រូវពាក់មួក ឬបាំងឆ័ត្រដើរកាត់វត្តឡើយ សូម្បីតែដើរកាត់មុខវត្ត ក៏ត្រូវតែដោះមួកពីលើក្បាលចេញ ឬបិទឆ័ត្រដើរឲ្យផុតពីវត្តទៅសិន ចាំពាក់-បាំងតទៅទៀត។ អ្នកកាន់ភារវកិច្ចយ៉ាងមាំទាំ គេតែងលើកដៃថ្វាយបង្គំព្រះថែមទៀតផង កាលណាគេដើរទៅដល់មុខព្រះវិហារ។ តែប្រសិនបើជាដើរទៅប្រទះនឹងភ្លៀងបង្អុរមកនោះគប្បីបាំងឆ័ត្រ ទៅចុះ ឯមួកហាមដាច់ខាតមិនត្រូវពាក់ដើរចូលទៅក្នុងវត្ត ឬកាត់មុខវត្តឲ្យសោះមិនថាពេលណាជាពេលណាឡើយ។ មួយទៀត ការទទូរសំពត់ ឬជួតក្បាលក៏ត្រូវមានកិច្ចគារវៈវត្តដូចគ្នានឹងពាក់មួកដែរ។
៤. គ្រឿងអលង្ការ និងគ្រឿងក្រអូប៖ ស្រីៗស្រឡាញ់សំលៀកបំពាក់ ស្រឡាញ់គ្រឿងអលង្ការ និងគ្រឿងក្រអូបជាទីបំផុត ប៉ុន្តែវេលាទៅវត្តគួរគប្បីកុំតែងខ្លួនឲ្យសួសមាឌពេក។
គ្រឿងអលង្ការ ការរៀបចំខ្លួនប្រាណទៅវត្ត ហើយប្រដាប់ទៅដោយគ្រឿងអលង្ការ និងគ្រឿងក្រអូបនោះ មិនមែនឃាត់ហាមទេ តែត្រូវពាក់គ្រឿងមាសពេជ្រឲ្យល្មម កុំឲ្យច្រើនពេក ព្រោះការធ្លាប់ពាក់ទៅហើយ ក៏ពាក់ខ្លះទៅចុះ ដោយមិនធ្លាប់ខ្លួនទទេ។
គ្រឿងទឹកអប់៖ ទឹកអប់មិនត្រូវលាបច្រើនពេកឲ្យទាល់តែផ្អើលគេឯងទេ គឺថាក្រអូបអស់មួយកុដិ ឬមួយសាលានោះ។ ម្សៅទៀតក៏កុំប្រផូរពេក បបូរមាត់ក៏កុំឲ្យក្រហមពេកដែរ។ មូលសេចក្ដីទៅថាមិនត្រូវតែងខ្លួនឲ្យដូចដើរមើលបុណ្យង៉ាន ឬដើរលេងកម្សាន្ត ធម្មតានោះទេ ចូលវត្តត្រូវតែកាន់កិរិយាសុភាពជាដរាប។
ដកស្រង់ពីសៀវភៅ៖ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ