Lexus Minivan បង្ហាញមុខពិត ពីខាងក្នុងទំនើបហួសថ្លែង
- 2019-04-18 02:35:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus Minivan បង្ហាញមុខពិត ពីខាងក្នុងទំនើបហួសថ្លែង
ចន្លោះមិនឃើញ
ក្រោយពីលេចឮចចាមអារ៉ាមច្រើនលើកច្រើនសារ រថយន្តប្រភេទ Minivan ម៉ាក Lexus ដំបូងគេ បានបង្ហាញមុខជាផ្លូវការ ក្នុងកម្មវិធី Shanghai Auto Show ដែលផលិតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ហើយក៏នឹងដាក់លក់លើទីផ្សារអាស៊ីផងដែរ។
រថយន្តប្រភេទ Minivan នេះមានម៉ូដែលជា Lexus LM ដែលវាមានទ្រង់ទ្រាយស្រដៀងនឹងរថយន្ត Toyota Alphard ប៉ុន្តែមានរចនាបថស្រដៀងនឹងរថយន្ត Lexus ជំនាន់ចុងក្រោយ។ រថយន្ត LM ដែលបង្ហាញនៅសៀងហៃ គឺមានបំពាក់កៅអីចំនួនបួន ដោយផ្នែកខាងក្រោយគឺប្រៀបដូចជាកាបីនយន្តហោះប្រភេទ Business-Class អ៊ីចឹង។
កៅអីអ្នកបើកបរ និងកៅអីអ្នកដំណើរជួរខាងក្រោយត្រូវបានខណ្ឌចែកដោយជញ្ជាំងកញ្ចក់មួយដែលអាចបិទបើកបាន ហើយលើជញ្ជាំងនេះក៏មានបំពាក់ទូរទស្សន៍ដ៏ធំមួយ និងមានគ្រឿងបរិក្ខារជាច្រើនទៀត។ Lexus និយាយថារថយន្ត LM នេះក៏នឹងមានប្រភេទកៅអីអង្គុយចំនួន ៧ ផងដែរ។
ចំណុចសំខាន់លើរថយន្តនេះគឺកៅអីអ្នកដំណើរជួរខាងក្រោយ។ កៅអីនេះមានបំពាក់ប្រព័ន្ធកម្ដៅ, ប្រព័ន្ធខ្យល់, មានមុខងារម៉ាស្សា និងអាចសារ៉េបានច្រើនរបៀប។ កៅអីអង្គុយនេះមានផ្ទុកដោយ Foam មួយប្រភេទ ដែលអាចឲ្យដំណើរអង្គុយបានយ៉ាងស្រណុកសុខស្រួល។
ទូរទស្សន៍ជាប់ជញ្ជាំងគឺមានទំហំ ២៦ អ៊ីញ អាចភ្ជាប់ជាមួយស្មាតហ្វូន និង Tablet ហើយអាចចាក់ឌីសបានផងដែរ។ មុខងារដទៃទៀតមានដូចជាឧបករណ៍បំពងសំឡេងចំនួន ១៩, ទូទឹកកកចំណុះ ១៤ លីត្រ ដែលអាចដាក់ស្រាបានពីរដប, អេក្រង់ Touch ស្ថិតនៅកណ្ដាលកៅអីទាំងពីរសម្រាប់បញ្ជាទូរសព្ទ បញ្ជាកៅអី បញ្ជាម៉ាស៊ីនត្រជាក់ និងបញ្ជាប្រព័ន្ធសំឡេងជាដើម។ លើសពីនេះក៏ស្រទាប់ការពារ ទប់សំឡេងរំខានពីខាងក្រៅផងដែរ។
Lexus LM នេះមានជម្រើសម៉ាស៊ីនចំនួនពីរគឺ LM 350 ប្រើប្រាស់ម៉ាស៊ីន ៣,៥ លីត្រ ៦ ស៊ីឡាំង និង LM 300h ប្រើប្រាស់ម៉ាស៊ីន ២,៥ លីត្រ ៤ ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនី។ Lexus ទាំងពីរនេះនឹងចេញលក់នៅចុងឆ្នាំ ២០១៩ នេះ ជាមួយជម្រើសពណ៌ស និងពណ៌ខ្មៅ។ តម្លៃមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែវាច្បាស់ជាថ្លៃជាង Toyota Alphard៕
ចុចអាន៖