អាណិត​ពន់ពេក តារា​កម្សត់ ក្រ​ហើយ​ឥឡូវ​ ដេក​ឈឺ​ធ្ងន់​តែ​ម្នាក់​ឯង​ទាំង​អស់​សង្ឃឹម ជីវិត​កាន់​តែ​ផុយ​ស្រួយ​ទៅ​ហើយ

  • 2019-04-24 09:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ភេទ​ទី​៣​ម្នាក់ ឈ្មោះ រក្សា ហៅ ចូចូ បាន និង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​បើ​ទោះ​រាង​កាយ​ប្រែប្រួល​ពី​ទម្ងន់ ៨០គីឡូ ឥឡូវ​មក​នៅ​ត្រឹម ៤០គីឡូ ទៅ​ហើយ​ក្ដី សុខ​ចិត្ត​សម្ងំ​ឈឺ​ម្នាក់​ឯង​នៅ​ផ្ទះ​ជួល មិន​ហ៊ាន​សុំ​ជំនួយ​ឡើយ ខ្លាច​គេ​ដៀល​អ្នក​សិល្បៈ​ទាំង​មូល។ នេះ​បើ​តាម​លោក អ៊ឹម ជីវ៉ា។

រក្សា កាល​មុន​ធ្លាក់​ខ្លួន​ឈឺ និង​រូប​បច្ចុប្បន្ន

លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថា បាន​ជួប​ជាមួយ រក្សា ដោយ​ចៃដន្យ​នៅ​សង្ក្រាន្ត​អំពៅ​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ទើប​បាន​ដឹង​ការ​ពិត និង​សង្វេគ​យ៉ាង​ខ្លាំង។ លោក បាន​អះអាង​ថា តារា​កម្សត់​រូប​នេះ ធ្លាក់​ខ្លួន​ឈឺ​ជា​យូរ​មក​ហើយ​ដោយ​រោគ បេះដូង​រីក និង​ឈាម​ស​ស៊ី​ឈាម​ក្រហម។

"ខ្ញុំ​ជួប​គាត់​នៅ​ពេល​ដែល​គាត់​មក​ជួយ​នៅ​សង្ក្រាន្ត​ច្បារ​អំពៅ ហើយ​ខ្ញុំ​ឃើញ​រូបរាង​គាត់​ស្គម​ស្គាំង​ទឹក​មុខ​ស្លេកស្លាំង​គឺ​ឃើញ​សភាព​ដែល​សឹង​តែ​មិន​គួរ​អោយ​ជឿ ដែល​កាល​ពី​មុន​ប្អូន​មាន​រូបរាង​ធាត់​ទម្ងន់​ប្រហែល ៨០​គឺឡូ តែ​ឥឡូវ​បាន​ស្រក​មក​នៅ​មិន​ដល់​៤០​គីឡូ​ផង" ។

តារា​ប្រុស​ដដែល​បញ្ជាក់​ថា រក្សា ខ្សត់​ទ្រព្យ​ណាស់ ប៉ុន្តែ​មិន​សុខ​ចិត្ត​សុំ​លា​ដៃ​សុំ​ជំនួយ​ពី​សប្បុរសជន ព្រោះ​មិន​ចង់​ឲ្យ​មាន​ដំនៀល​លើ​អ្នក​សិល្បៈ។ ដូច្នេះ​ហើយ រូប​គេ បាន​រស់​នៅ​តស៊ូ​ជាមួយ​នឹង​ជំងឺ​កាច​សាហាវ​ទាំង​ពីរ​មុខ​នេះ​យ៉ាង​វេទនា ដោយ​សុខ​ចិត្ត​ចេញ​ទៅ​ធ្វើ​ការ​ទាំង​ឈឺ ទាំង​ជា សម្ដែង​ផង ផាត់​មុខ​អោយ​សិល្បករ​ផង ដើម្បី​បាន​ប្រាក់​ត​ទល់​ជាមួយ​​ជំងឺ សុំ​រក្សា​ជីវិត។

តប​នឹង​បញ្ហា​នេះ លោក អ៊ឹម ជីវ៉ា បាន​ចេញ​មុខ​ជំនួស​តារា​កម្សត់​ដែល​អាយុ​ជីវិត​បាន និង​កំពុង​ជួប​ការ​ប្រឈម សុំ​ជំនួយ​សប្បុរស​ទាំង​ឡាយ ជា​បច្ច័យ​ឲ្យ រក្សា បាន​បន្ត​ឈរ​នៅ​លើ​ផែនដី​នេះ​បន្ត​ទៀត​ផង។ "ជា​ការ​សំណូម​ពរ​របស់​ខ្ញុំ​សូម​អោយ​បង​ប្អូន​ទាំង​អស់​បង​ប្អូន​ណា​ដែល​មាន​លទ្ធភាព​ជួយ​គាត់​ផង ជា​ពិសេស​សិល្បករ​គ្នា​ឯង​ជា​ជំហាន​មុខ ជួយ​ទៅ​តាម​ទឹក​ចិត្ត ជួយ​ទាន់​មនុស្ស​អាច​ឈរ​បាន ដើរ​បាន ជួយ​អ្នក​ណា​ក៏​ដោយ​កុំ​ជួយ​ពេល​មនុស្ស​ជិត​ស្លាប់ វា​ជា​ការ​ហួស​ពេល​ហើយ!"។ លោក អ៊ឹម ជីវ៉ា ថ្លែង៕

អត្ថបទ៖ ទារិកា