ដឹង​ថា​ ជប៉ុន​មាន​អធិរាជ​ប៉ុន្មាន​ទេ​ក្នុង​រយៈពេល​ ១០០​ឆ្នាំ​ចុង​ក្រោយ?

  • 2019-04-30 12:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​ជា​ប្រទេស​មួយ​ ដែល​របប​រាជា​និយម​របស់​ខ្លួនមាន​អាយុ​កាល​ជាង​ ២០០០​ឆ្នាំ​ និង​ជា​របប​រាជា​និយម​ដែល​នៅ​រស់រាន​បាន​យូរ​ជាង​គេ​ក្នុង​ពិភព​លោក។ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន ប្រទេស​ដី​កោះ​នៃ​អាស៊ី​ខាង​កើត​មួយ​នេះ មាន​អធិរាជ​ចំនួន ១២៦​ហើយ ដោយ​រាប់​បញ្ចូល​ទាំង​អធិរាជ​ណារូហ៊ីតូ (Naruhito) ដែល​នឹង​ឡើង​សោយ​រាជ្យ​បន្ត​ពី​បិតា​ព្រះអង្គ។

យ៉ាង​ណា​មិញ​ ក្នុង​រយៈពេល​ ១០០​ឆ្នាំ​ចុង​ក្រោយ ទោះ​ជា​ជប៉ុន​ប្រឡូក​ក្នុង​សង្គ្រាម​លោក​ទាំង​ ២​ក៏​ដោយ ក៏រាជា​និយម​​ជប៉ុន​នៅ​មាន​ស្ថិរភាព​ដែរ​។ មាន​អធិរាជ​ចំនួន​ ៤​អង្គ​ដែល​សោយរាជ្យ​កំឡុង​ពេល​នេះ ដោយ​មាន​ដូច​ជា៖

យ៉ូស្ហ៊ីហ៊ីតូ (Yoshihito)៖ ឡើង​សោយរាជ្យ​ពី​ឆ្នាំ១៩១២-១៩២៦។ ក្នុង​រជ្ជកាល​ព្រះអង្គ​ ជប៉ុន​បាន​ប្រឡូក​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី១។

អធិរាជ​យ៉ូស្ហ៊ីហ៊ីតូ

****ហ៊ីរ៉ូហ៊ីតូ (Hirohito)៖**** ឡើង​សោយរាជ្យ​ពី​ឆ្នាំ១៩២៦-១៩៨៩។ ក្នុង​រជ្ជកាល​ព្រះអង្គ​ ជប៉ុន​បាន​ប្រឡូក​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី២។ ក្នុង​រជ្ជកាល​ព្រះអង្គ​ផង​ដែរ​ ក៏​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​បន្ទាប់​ពី​ជប៉ុន​ចាញ់​សង្គ្រាម ដែល​ធ្វើ​ឲ្យ​អធិរាជ​ឡើង​គ្រងរាជ្យ​តែ​មិន​កាន់​អំណាច​ឡើយ។

អធិរាជ​ហ៊ីរ៉ូហ៊ីតូ

អាគីហ៊ីតូ (Akihito)៖ ឡើង​សោយរាជ្យ​ពី​ឆ្នាំ១៩៨៩-២០១៩។ រជ្ជកាល​ព្រះអង្គ​ ជា​ពេល​ដំបូង​បង្អស់​ដែល​ជប៉ុន​មិន​ស្គាល់​រសជាតិ​សង្គ្រាម​។ ព្រះអង្គ​ជា​អធិរាជ​ដែល​ដាក់រាជ្យ​ដំបូង​បង្អស់​ក្នុង​រយៈពេល​ ២០០​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​ជប៉ុន។

អធិរាជ​អាគីហ៊ីតូ

ណារូហ៊ីតូ (Naruhito)៖ ព្រះអង្គ​នឹង​ឡើង​សោយរាជ្យ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ ត​ទៅ៕

អធិរាជ​ណារូហ៊ីតូ

អាន​បន្ត៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី