ជាមោទកភាពមួយដែលស្ត្រីខ្មែរម្នាក់បាននិពន្ធសៀវភៅមួយក្បាល “MOTHER IS MY ANGEL - ទឹកចិត្តអ្នកម្តាយ ”
- 2019-05-16 09:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាមោទកភាពមួយដែលស្ត្រីខ្មែរម្នាក់បាននិពន្ធសៀវភៅមួយក្បាល “MOTHER IS MY ANGEL - ទឹកចិត្តអ្នកម្តាយ ”
ចន្លោះមិនឃើញ
ធ្លាប់ទេអង្គុយសុខៗ ស្រាប់តែនឹករលឹកដល់អ្នកម្តាយទាំងមិនដឹងខ្លួន? ឆ្ងល់ទេថាតើពេលនេះ អ្នកម្តាយកំពុងតែធ្វើអ្វី? តើអ្នកម្តាយបានពិសារអាហារហើយឬនៅ? អ្នកម្តាយធ្វើកិច្ចការហត់នឿយដែរឬទេ? អ្នកម្តាយជួបបញ្ហាពិបាកចិត្តឬអត់?ទាំងអស់នេះហើយសុទ្ធសឹងតែជាក្តីនឹករលឹក ក្តីបារម្ភរបស់កូនៗគ្រប់រូបទៅកាន់អ្នកម្តាយជាទីស្រឡាញ់គ្រប់រូបនៅលើពិភពលោក។ ហើយសំណួរខាងលើក៏ជាភាពកង្វល់របស់អ្នកម្តាយគ្រប់រូប មានមកលើកូនៗដូចគ្នា។
អ្នកម្តាយគឺជាមនុស្សទីមួយ ដែលសប្បាយចិត្តខ្លាំងបំផុតគ្មានអ្វីប្រៀបបាននៅពេលដែលដឹងថា អ្នកបានមកចាប់កំណើតនៅក្នុងផ្ទៃរបស់គាត់។ កូនៗគ្រប់រូបដឹងទេថា រយៈពេល៩ខែ១០ថ្ងៃមានអ្នកនៅក្នុងផ្ទៃ អ្នកម្តាយទទួលរងនូវការលំបាកជាច្រើនដូចជា៖ អការៈចាញ់ ការតមអាហារ ចាញ់ក្លិន ផ្សែង លែងខ្វល់ខ្វាយពីសម្រស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព សុវត្ថិភាព រិះរកនូវអាហារណាដែលមានជីវជាតិគ្រប់គ្រាន់ដើម្បីឱ្យអ្នកលូតលាស់ និងមានសុខភាពល្អ ។
បន្ទាប់ពីពពោះហើយ អ្នកម្តាយបានតស៊ូពុះពារឧសគ្គដ៏ធំមួយ គឺការឆ្លងទន្លេដែលសឹងតែដាច់ដង្ហើម ទម្រាំតែបង្កើតកូនចេញមកឱ្យបានឃើញពន្លឺថ្ងៃ បានឮសំឡេងកូនយំ និងដឹងថាកូនមានសុខភាពល្អ សុខសុវត្ថិភាព អ្នកម្តាយញញឹមទាំងទឹក់ភ្នែកដោយក្តីរំភើបភ្លេចអស់រាល់ការឈឺចាប់ទាំងអស់។ កូនៗឃើញទេ អ្នកម្តាយគ្រប់រូបមានការលះបង់ខ្ពស់ណាស់សម្រាប់កូនៗ ហេតុនេះហើយទើបអ្នកស្រី ស្រ៊ុន រឿនរ៉ាស៊ី បានខិតខំតាក់តែងចេញជាសៀវភៅមួយក្បាលដែលមានអត្ថន័យ និងខ្លឹមសារយ៉ាងវិសេសវិសាលអំពីអ្នកម្តាយដែលមានចំណងជើងថា “MOTHER IS MY ANGEL - ទឹកចិត្តអ្នកម្តាយ ”។ ខាងក្រោមនេះជាហេតុផលសំខាន់ៗមួយចំនួនដែលជាសម្រង់ឃ្លាខ្លះៗដកស្រង់ចេញពីសៀវភៅ “MOTHER IS MY ANGEL - ទឹកចិត្តអ្នកម្តាយ” ។
អ្នកស្រី ស្រ៊ុន រឿនរ៉ាស៊ី ជាកូនខ្មែរកើតនៅទីក្រុងភ្នំពេញបន្ទាប់ពីកម្ពុជាឆ្លងកាត់របប ប៉ុល ពត ហើយក៏ធំដឹងក្តីនៅក្នុងគ្រួសារមួយដ៏មានសុភមង្គល។ ក្រោយមកគាត់ក៏បានរៀបការជាមួយលោក ស្រ៊ុន រតនៈ ហើយក៏បានទៅរស់នៅឯសហរដ្ឋអាមេរិច។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ (Accounting) ពី សកលវិទ្យាល័យ University of Central Florida ហើយបន្ទាប់មកគាត់ក៏ពពោះបានកូនស្រីម្នាក់គួរឱ្យស្រឡាញ់ និងរស់នៅយ៉ាងមានសុភមង្គល។
អ្នកស្រី ស្រ៊ុន រឿនរ៉ាស៊ី បានលើកឡើងថា ខ្ងុំមិនដែលមានចេតនាក្នុងការតាក់តែងចេញជាសៀវភៅសអ្វីនោះទេ រហូតដល់ថ្ងៃមួយនៅពេលដែលខ្ញុំអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយសម្លឹងមើលពិដាន រំពេចនោះខ្ញុំក៏ស្រឡាំងកាំង ដោយដួងចិត្តខ្ញុំនឹកឃើញអតីតកាលម្តាយរបស់ខ្ញុំ ហើយគិតថា តើវាជារឿងល្អទេបើខ្ញុំចែករំលែករឿងរ៉ាវជីវិតរបស់ម្តាយខ្ញុំ ទៅកាន់អ្នកដទៃ?
បន្ទាប់ពីគិតហើយ ខ្ញុំបានទាញប៊ិកនិងសៀវភៅមកសរសេរ ដើម្បីប្រែក្លាយក្តីស្រមៃឲ្យលេចចេញជារូបរាងឡើងតាមរយៈការរៀបរាប់អំពីដំណើរជីវិតរបស់ម្តាយខ្ញុំ គឺជាស្ត្រីម្នាក់មានសំណាងបានរួចជីវិតពីសម័យប៉ុលពត ដែលជារបបប្រល័យពូជសាសន៏ សម្លាប់មនុស្សយ៉ាងរង្គាលអស់ជាច្រើននាក់។ អ្នកដទៃមើលទៅគាត់គ្រាន់តែជាមនុស្សស្រីសាមញ្ញម្នាក់ ប៉ុន្តែសម្រាប់ខ្ញុំ គាត់គឺជាស្ត្រីដ៏អស្ចារ្យម្នាក់ ស្រស់ស្អាត មានទឹកចិត្តសណ្តោសប្រណី មានគុណធម៏ ព្រហ្មវិហារធម៏ចំពោះកូនៗ ហើយអ្នកផងទាំងពួងស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា និងកោតសរសើរ ចំពោះការលះបង់របស់គាត់ដើម្បីគ្រួសារ។
ក្នុងនាមខ្ញុំជាកូនស្រីម្នាក់ ខ្ញុំពិតជាចង់សម្តែងនូវការដឹងគុណដល់អ្នកម្តាយជាខ្លាំង ប៉ុន្តែគួរឲ្យសោកស្តាយគាត់បានលាចាកលោកនេះ ហើយគុណូបការៈរបស់គាត់នៅតែមិនអាចបំភ្លេចបាន។ ទោះបីជារៀបរាប់ យ៉ាងណាក៏ដោយ ក៏មិនអាចបញ្ជាក់ពីអារម្មណ៏ស្រឡាញ់ នឹកអ្នកម្តាយរបស់ខ្ញុំ ថាវាធំធេងប៉ុណ្ណានោះទេ ដូច្នេះហើយបំណងតែមួយគត់របស់ខ្ញុំ គឺការតាក់តែងសៀវភៅនេះឡើង ដើម្បីបំពេញក្តីស្រមៃ គឺការចែករំលែកនូវការលះបង់របស់ម្តាយខ្ញុំទៅកាន់មិត្តអ្នកអាន ហើយនាងខ្ញុំទទួលរាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឲ្យសៀវភៅនេះទទួលបានភាពជោគជ័យ និង ខ្ញុំចង់ដឹងថាតើមិត្តអ្នកអានណាខ្លះមានរឿងរ៉ាវស្រដៀងនឹងនាងខ្ញុំ?
សៀវភៅនេះទទួលបានកម្មសិទ្ធិបញ្ញា និងសិទ្ធិផ្សព្វផ្សាយលក់នៅសហរដ្ឋអាមេរិក ហើយអាចរកទិញបាននៅលើ Amazon តាម Link នេះផ្ទាល់: www.amazon.com ៕