ទង្វើ​ជា​គំរូ​របស់​ឪពុក​ម្ដាយ នាំ​ចិត្ត​ឲ្យ ហង្ស ម៉ារិនី ចូល​ចិត្ត​បុណ្យ

  • 2019-05-18 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​​ ហង្ស ម៉ារ៉ានី ត្រូវ​បាន​គេ​ដឹង​ថា ជា​​តារា​​ម្នាក់​​ចូល​​ចិត្ត​​ធ្វើការងារ​​សប្បុរសធម៌​ ​ហើយ​​​នៅ​ពេល​នេះ ទើប​ដឹង​ថា តាម​ពិត​​នាង​​មាន​​​ពូជ​អំបូរ​​​ជា​​អ្នក​​សប្បុរស តាំង​​​ពី​​ដូន​តា​​មក​​​ម្ល៉េះ ក្នុង​នោះ​នាង​បាន​ឃើញ​គំរូ​របស់​អ្នក​មាន​គុណ​របស់​នាង។  

​នេះ​​បើ​​តាម​​ការ​​បញ្ជាក់​​ឲ្យ​​ដឹង​​ពី​​លោក ហង្ស សារី ដែល​​ជា​​ឪពុក ថ្លែង​​មក​​កាន់ ​Sabay គ្រា​​ដែល​​កូន​ស្រី​​​រូប​​នេះ​ បាន​​នាំ​​​ អំណោយ​​ជា​​ច្រើន​​ទៅ​​ចែក​​ជូន​​ដល់​​ពលរដ្ឋ​​ក្រីក្រ​​ជាង​​១០០​​គ្រួសារ​​នៅ​​​ស្រុក​កំណើត​​របស់​​ខ្លួន​​​ក្នុង​​ទឹក​ដី​​ខេត្ត​តាកែវ។   លោក ហង្ស សារី ដែល​ជា​ឪពុក  ហង្ស ម៉ារ៉ានី បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោក គឺ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​បុណ្យ​ទាន​ណាស់ ដែល​ជីតា របស់​ម៉ារ៉ានី គឺ​ជា អាចារ្យ​វត្ត មាន​ពុទ្ធបរិស័ទ​​ចំណុះ​ជើង​វត្ត​ចូល​ចិត្ត​រាប់​អាន​ច្រើន។ តាំង​ពី​ធំ​ដឹង​ក្ដី ប្រហែល​វ័យ​ខ្ទង់​១១ទៅ​១២ ឆ្នាំ ម៉ារ៉ានី គឺ​ចាប់​​ផ្ដើម ចេះ​ធ្វើ​បុណ្យ​ធ្វើ​ទាន​តែ​ម្ដង ដោយសារតែ​ឃើញ ទង្វើ​ឪពុក​ម្ដាយ ដូច​តា។

លោក ហង្ស សារី  បាន​បន្ត​ទៀត​ថា លោក​មាន​កូន​៦នាក់ ប្រុស​ម្នាក់ ស្រី៥ ហើយ​ម៉ារ៉ានី គឺ​កូន​ពៅ ក្នុង​នោះ​កូន​របស់​លោក​ទាំង​អស់ ម្នាក់ៗ​សុទ្ធតែ​មាន​ចិត្ត​សប្បុរស​ទាំង​អស់​ទៅ​តាម​លទ្ធភាព​របស់​ពួក​គេ។ ការ​ធ្វើ​បុណ្យ​របស់ ម៉ារ៉ានី មិនមែន​ធ្វើ​តែ​លើ​ពលរដ្ឋ​​ក្នុង​ស្រុក​ភូមិ​ឡើយ​​គឺ នាង​តែងតែ​គៀគរ​សប្បុរសជន ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ក៏​ដូច​ជា ក្មេង​កំព្រា នៅ​តាម​​សហគមន៍​នានា​ជា​ញឹក​ញាប់។លោក​ថា ក្នុង​នាម​ជា​ឪពុក គឺ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​ទាំង​អស់​បាន​ដើរ​តាម​គន្លង​ឪពុក​ម្ដាយ​បែប​នេះ។  

ងាក​មក​ការ​ចែក​អំណោយ​ពលរដ្ឋ​ក្រី​ក្រ​ស្ថិត​​ភូមិ​ស្វាយទង ឃុំ ក្វាវ ស្រុក រំរោង ខេត្ត តាកែវ  ដែល​ជា​ស្រុក​កំណើត​របស់​នាង​វិញ ម៉ារ៉ានី បាន​ប្រាប់​ថា នាង​ប្រាប់​ថា បាន​មក​ពី​ការ​លក់​ផលិតផល និង សប្បុរសជន​ផ្សេង​ទៀត​ចូល​រួម និង​មួយ​ចំណែក​ធំ​បាន​មក​ពី​ការ​លក់​សៀវភៅ​ប្រលោម​លោក​ថ្មី​រឿង "អាគម​បរ​ព្រៃ"។

ម៉ារ៉ានី​បាន​ថ្លែង​ឲ្យ​ដឹង​ថា នាង​បាន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ពី​អ្នក​និពន្ធ​ប្រលោមលោក​អ្នក​ស្រី ម៉ីសន សុធារី​​ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក​ល្បី​មួយ​រូប ក្នុង​នោះ​នាង​បាន​ទទួល​យក​មក​លក់​សាក​ល្បង​​១០០០ក្បាល មិន​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ផង​លក់​ដាច់​ជិត​អស់ ពោល គឺ​នៅ​​សល់ មិន​ទាំង​ដល់​៤០ ក្បាល​ផង។ 

ហង្ស ម៉ារ៉ានី បញ្ជាក់​ប្រាប់​ថា មិន​បាន​យក​ប្រាក់​ចំណេញ​ទុក​ក្នុង​ហោប៉ាវ​ខ្លួន​ឯង​ឡើយ នាង​ថា ៥០% នាង​កាត់​ឲ្យ​បុគ្គលិក និង ៥០%​ទៀត គឺ​នាង​​ទុក​សម្រាប់​ធ្វើ​កិច្ចការ​សប្បុរសធម៌ ដូច​ជា​ការ​យក​​អំណោយ​មក​ចែក​ជូន​នេះ​ជា​ដើម ដែល​នាង​បាន​ធ្វើចំ​ថ្ងៃ​ខួប​គម្រប់​២៧ឆ្នាំ​របស់​នាង​តែ​ម្ដង ជូន​ពលរដ្ឋ​ក្រី​ក្រ​ជាង​១០០​គ្រួសារ ​ដោយ​ម្នាក់ៗ​ទទួល​បាន​មី១កេស​ទឹក​ស្រី ទឹក​សៀវ​អៀវ អំបិល ត្រីខ ទឹក​ផ្លែ​ឈើ ថ្នាំពេទ្យ   ភីហ្សា និង ប៊ឺគ័រ ជាដើម៕

អត្ថបទ៖ ស៊ុន ហួត