ត្រឡប់មកស្រុកអច្ឆរិយវិញ
- 2019-06-03 07:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឡប់មកស្រុកអច្ឆរិយវិញ
ចន្លោះមិនឃើញ
កាលពីតូច ខ្ញុំក៏ដូចជាក្មេងៗដទៃទៀតដែរ គឺតែងប្រាថ្នាចង់ទៅសិក្សានៅស្រុកក្រៅ។ កាលនោះខ្ញុំជឿជាក់ច្បាស់ណាស់ថា នៅស្រុកគេ ប្រាកដជាមានអ្វីៗល្អជាងយើងទាំងអស់ មិនថាការសិក្សា ការរស់នៅ និងរបស់ហូបចុកនោះទេ។ តែដល់ឥលូវ ខ្ញុំធ្លាប់បានទៅនៅស្រុកគេអស់មួយឆ្នាំមកហើយនោះ ទើបខ្ញុំដឹងថា អ្វីដែលខ្ញុំធ្លាប់រំពឹងទុកទាំងនេះខ្លះក៏ត្រូវ ខ្លះក៏ខុសណាស់ដែរ។
កាលប៉ុន្មានខែដំបូង ដែលបានទៅនៅប្រទេសអូស្ត្រាលីភ្លាម គឺខ្ញុំវក់នឹងទស្សនីយភាពថ្មីៗ ជាមួយមនុស្សចំលែកៗជាច្រើននាក់ ដែលប្រទេសដ៏ជឿនលឿននេះ បានផ្តល់ឲ្យ ជាហេតុធ្វើឲ្យខ្ញុំពុំសូវនឹកពីស្រុកកំណើតខ្លួននោះទេ។ តែដល់យូរៗទៅ នៅពេលដែលខ្ញុំចាប់ផ្តើមសំរបខ្លួននឹងទីក្រុងម៊ែលបន (Melbourne) បានហើយនោះ ទើបចាប់ផ្តើមមានអារម្មណ៍ថាខ្លួននឹកវត្ត និងនឹកស្ថាបត្យកម្មស្ទីលខ្មែរ ដែលខ្ញុំតែងឃើញនៅតាមផ្លូវនៅឯភ្នំពេញយ៉ាងខ្លាំង។
ទោះបីនៅក្រុងទំនើបម៊ែលបននេះមានភោជនីយដ្ឋានគ្រប់មុខ ចំរោះគ្រប់ជាតិសាស្ត្រក្តី តែខ្ញុំបែរជាដេកនឹកគុយទាវក្តៅៗហ៊ុយៗមួយចានប្រាំពាន់ដែលខ្លួនធ្លាប់ញ៉ាំនៅភ្នំពេញទៅវិញ។
នៅស្រុកគេនេះ ទោះបើដើរតាមផ្លូវមានសុវត្ថិភាពជាងស្រុកយើងឆ្ងាយ ហើយមានមនុស្សប្លែកជាតិសាស្ត្រគ្នាច្រើនជាងក៏ពិតមែន តែខ្ញុំនៅតែមានអារម្មណ៍ថាដូចជាខ្វះអ្វីម៉្យាងមិនដឹង។
ដោយសារហេតុនេះហើយ ទើបខ្ញុំចាប់ផ្តើមឧស្សាហ៍ធ្វើដំណើរទៅលេងតំបន់ជាយក្រុងមួយឈ្មោះថា ស្ព្រីងវេល (Springvale) ដោយសារនៅទីនោះសំបូរខ្មែរៗយើងរស់នៅច្រើន! ក្រៅពីទៅដើម្បីបានញ៉ាំម្ហូបជាតិហើយ ខ្ញុំក៏ទៅទីនោះដើម្បីតែបានលឺសំលេងមនុស្សនិយាយភាសាខ្មែរផងដែរ ដើម្បីបានអានផ្លាកអក្សរខ្មែរ និងជាពិសេសបំផុតនោះ គឺដើម្បីមានអារម្មណ៍ថាបានជួបពុកម៉ែបងប្អូនសាច់ឈាមជ័រជាខ្មែរដូចគ្នា!
ធ្មេចបើកៗ ក៏ខ្ញុំបាននៅស្រុកគេគ្រប់មួយឆ្នាំ ដល់ពេលដែលអាចហោះត្រឡប់មកលេងស្រុកខ្មែរវិញហើយ! មុនពេលមកខ្មែរវិញនោះ ខ្ញុំអរស្ទើរតែទប់លែងរួច ដោយសារចិត្តខ្ញុំពុះកញ្ជ្រោលចង់ជួបជុំគ្រួសារ និងមិត្តភក្តិជាពន់ពេក!
នរណាទៅដឹងថា… ពេលមកដល់ស្រុកវិញ គ្មានរឿងអស្ចារ្យ គ្មានចេញចំរៀងពីក្រោយ ឬចេញភ្លេងឆ្វេចឆ្វាចដូចក្នុងរឿងកុនទេ។ ពេលមកដល់ស្រុកខ្មែរវិញ ខ្ញុំក៏នៅតែជាប់ក្នុងផ្លូវស្ទះដីហុយ ដើម្បីជិះទៅផ្ទះវិញដដែល…
តែពេលនៅខ្មែរបានប៉ុន្មានថ្ងៃទៅ… ពេលដែលខ្ញុំចាប់ផ្តើមស៊ាំនឹងមាតុភូមិយើងវិញ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ឃើញថា ផ្លូវភ្នំពេញដែលមមាញឹកមានសុទ្ធតែរ៉ឺម៉ក និងម៉ូតូ ផ្សែងធូបក្រអូបអួរអាប់តាមផ្លូវ និងជំនាងផ្ទះតូចៗគួរឲ្យស្រឡាញ់នៅគ្រប់ជ្រុងជ្រោយនេះជាវត្ថុដែលស្អាត ជាវត្ថុដែលធ្វើឲ្យខ្ញុំមានចិត្តស្ងប់ មានអារម្មណ៍ថាខ្លួនបានមកដល់ផ្ទះវិញហើយ!
ពីមុនខ្ញុំមិនដែលចាប់អារម្មណ៍រឿងតូចតាចទាំងអស់នេះទេ តែម្តងនេះ ខ្ញុំបែរជាបិទភ្នែក សោយសុខពួកវាទាន់ពេលខ្ញុំបាននៅខ្មែរ ទាន់ពេលខ្ញុំបាននៅឃើញទីក្រុងភ្នំពេញដ៏ស្រស់ស្អាត តែមហាវឹកវរមួយនេះ!
ការទៅរៀនស្រុកគេបានដូចបំណងនេះ បានបង្រៀនខ្ញុំថា ទោះខ្ញុំមានកាយនៅទីណាក៏ដោយ ក៏ខ្ញុំមិនគួរមើលរំលងរឿងតូចៗ ដែលហ៊ុំព័ទ្ធជីវិតប្រចាំថ្ងៃរបស់ខ្ញុំឡើយ! ព្រោះគង់មានថ្ងៃណាមួយ ខ្ញុំនឹងនឹកពួកវា ហើយចង់វិលត្រឡប់ទៅរកពួកវាវិញជាមិនខាន!
អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍខ្លួន។
បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ Wapatoa.com !