តើ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Hazard នឹង​មក​ Real មាន​តាំង​ពី​ពេល​ណា?

  • 2019-06-07 12:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Eden Hazard នឹង​ត្រូវ​ផ្ទេរ​មក​ក្លឹប​ Real Madrid ក្នុង​តម្លៃ ១១២​លាន​ដុល្លារ ក្រោយ​ពី​ក្លឹប​ Chelsea ព្រមព្រៀង​រួច​ នេះ​បើ​តាម​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​ចុះ​ផ្សាយ ប៉ុន្តែ​យ៉ាងណាមិញ ពាក្យចចាមអារ៉ាម​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​អ្នក​តាមដាន​បាល់ទាត់។

ការ​លេច​ពាក្យ​ដំបូង​បំផុត​គឺ​កាល​ពី​ខែ​មេសា ឆ្នាំ២០១៤ បន្ទាប់​ពី​លោក Zinedine Zidane ដែល​កាល​នោះ​នៅ​ជា​ជំនួយ​ការ​លោក Carlo Ancelotti បាន​លើកឡើង​ថា​ រូប​គាត់​ចូលចិត្ត​ Hazard ខ្លាំង​ណាស់។ តាម​រយៈ​សម្ដី​មួយ​ឃ្លា​នេះ ធ្វើ​ឲ្យ​មាន​លេច​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ Hazard។

ក្រោយ​មក​ពាក្យ​នេះ​ត្រូវ​បាន​ស្ងាត់​មួយ​រយៈ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៦ ទើប​លេច​ឡើង​មួយ​សារ​ទៀត ក្រោយ​ពី Hazard រ៉ាយរ៉ាប់​ថា Zidane ជា​កីឡាករ​ល្អ​ជាង​គេ (កាល​នោះ Zidane ឡើង​ជា​គ្រូ​បង្វឹក​ក្លឹប​ Real Madrid) ប៉ុន្តែ​ពាក្យ​នេះ​ត្រូវ​បាត់​ម្ដង​ទៀត​ បន្ទាប់​ពី Hazard សម្រេច​បន្ត​នៅ​ជាមួយ Chelsea។

លុះ​ដល់​ខែ​ឧសភា ឆ្នាំ២០១៧ មាន​ល្ហិចល្ហៀង​ថា Real Madrid ត្រៀម​ ១២៧​លាន​ដុល្លារ​ដើម្បី​ផ្ទេរ​យក​ Hazard ប៉ុន្តែ​មួយ​ខែ​ក្រោយ​ Hazard របួស​កែង​ជើង នាំឲ្យ​ពាក្យ​ស្ងប់ស្ងាត់​ទៀត​ទៅ។

លុះ​មួយ​ឆ្នាំ​ក្រោយ​មក Hazard បាន​និយាយ​ថា​ ខ្លួន​ដល់​ពេល​ស្វែងរក​អ្វី​ថ្មី​ហើយ តែ​ខែ​ធ្នូ ឆ្នាំ២០១៨ ក្លឹប Chelsea បាន​បន្ត​កុងត្រា​ Hazard ដោយ​ផ្ដល់​ឲ្យ​កីឡាករ​រូប​នេះ ៣៨​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍។

រហូត​មក​ដល់​ឆ្នាំ២០១៩ ក្រោយ​ពេល​ឡើង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ Real Madrid ម្ដង​ទៀត លោក Zidane បាន​ដាក់​ Hazard ជា​គោលដៅ​ទី ១ ក្នុង​ការ​ផ្ទេរ​ចូល​ក្នុង​រដូវ​កាល​ថ្មី ខណៈ ថ្មីៗ​នេះ Hazard បាន​ពន្លយ​មួយ​ឃ្លា​ថា ខ្លួន​នឹង​សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន ហើយ​កំឡុង​ពេល​នេះ គេ​ក៏​បាន​សរសើរ Zidane ជា​ច្រើន​សារ​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី