ទួរគី​ខឹង​សម្បារ​នឹង​ប្រទេស​អ៊ីស្លង់ ដែល​ខ្វះ​ការ​គោរព​ចំពោះ​កីឡាករ​ជម្រើស​ជាតិ​របស់​ខ្លួន

  • 2019-06-10 14:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​របស់​ប្រទេស​ទួរគី បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ទទួល​បដិសណ្ឋារកិច្ច​របស់​ប្រទេស​អ៊ីស្លង់​ចំពោះ​កីឡាករ​ជម្រើស​ជាតិ​របស់​ខ្លួន ដែល​នឹង​លេង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​ ក្នុង​ការ​ប្រកួត​ជម្រុះ​នៃ​ពាន UEFA Euro ឆ្នាំ២០២០។

បើ​តាម​សារព័ត៌មាន​របស់​ប្រទេស​ទួរគី​បាន​ឲ្យ​ដឹង​ថា​ ក្រុម​កីឡាករ​ត្រូវ​បាន​គេ​ឲ្យ​នៅ​រង់​ចាំ​រយៈពេល​ជា​ច្រើន​ម៉ោង​ ក្នុង​កន្លែង​ត្រួតពិនិត្យ​លិខិត​ឆ្លងដែន នៃ​អាកាសយានដ្ឋាន Reykjavik ហើយ​មិន​តែ​ប៉ុណ្ណោះ​កាតាប​របស់​ពួក​គេ​ត្រូវ​បាន​ឆែកឆេរ​ចុះ​ឡើង​យ៉ាង​ច្រើន​ដង។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ រូបថត​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មាន​អ្នក​កាន់​ច្រាស​បង្គន់​ធ្វើ​ជា​មីក្រូហ្វូន កំឡុង​ពេល​ប្រធាន​ក្រុម​កីឡាករ Emre Belezogluផ្ដល់​កិច្ច​សម្ភាសន៍​ទៅ​កាន់​ក្រុម​អ្នក​កាសែត។

តាម​រយៈ​ទង្វើ​ទាំង​នេះ​ លោក​ Mevlut Cavusoglu រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទួរគី បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Twitter ថា ទង្វើ​ទាំង​នេះ ទទួល​យក​មិន​បាន​ទេ​ ត្រង់​ចំណុច​ការទូត និង​មនុស្ស​ធម៌។

សូម​រម្លឹក​ផង​ដែរ​ថា​ មក​ទល់​ពេល​នេះ ទួរគី​កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល H ដោយ​ឈ្នះ​ទាំង​ ៣​ប្រកួត​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី