គ្រូ​កីឡា​ម្នាក់​ទម្លាយ​ក្បួន​ហាត់ និង​រូបមន្ត​អាហារ ធ្វើ​ឲ្យ សិរីមន្ត មាន​សាច់​ដុំ​ល្អ​ស្អាត​ដូច​សព្វ​ថ្ងៃ

  • 2019-06-11 02:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ខេមរៈ សិរីមន្ត ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ប្រែប្រួល​រូបរាង​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពោល​គឺ​មាន​សាច់​ដុំ​ហាប់​ណែន ខុស​ពី​ពេល​មុន រាល់​ពេល​ដែល​លោក​បាន​ដោះ​អាវ​ពេល​ឡើង​ច្រៀង​ម្ដងៗ។ ជុំវិញ​ការ​កើន​ឡើង​នូវ​សាច់​ដុំ​កង់ៗ​នេះ លោក អ៊ិត សុធា ដែល​ជា​គ្រូ​បង្ហាត់ ខេមរៈ សិរីមន្ត​ផ្ទាល់ សូម​ពន្យល់​ពី​អាថ៌កំបាំង​ទាំង​នោះ។

លោក អ៊ិត សុធា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា ម្ចាស់​ជយលាភី​លេខ៤ កម្មវិធី MisterUnitedWorldឆ្នាំ ២០១៩ និង ជា​គ្រូ​បង្ហាត់​កីឡា​ល្បី​ឈ្មោះ​មួយ​រូប​ផង​នោះ ត្រូវ​បាន​លោក ​ខេមរៈ សិរីមន្ត ចូល​ខ្លួន​មក​សុំ​លោក​ធ្វើ​ជា​គ្រូ​ និង​បាន​ជួយ​ឲ្យ​តារា​ចម្រៀង​ហង្សមាស ប្រែ​ប្រួល​រូបរាង​កាយ​យ៉ាង​ខ្លាំង។ គ្រូ​រូប​នេះ បញ្ជាក់​ថា សិរីមន្ត បាន​ប្រើ​ពេល​ហាត់​ជា​មួយ​លោក ត្រឹម​តែ​១ខែ ប៉ុណ្ណោះ ធ្វើ​ឲ្យ​សាច់​ដុំ​មាន​ការ​​កែប្រែ​ខ្លាំង​ស្អាត​ជា​ទី​ពេញ​ចិត្ត​តែ​ម្ដង។

គ្រូបង្ហាត់​កីឡា​ដដែល​រៀបរាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ សិរីមន្ត​​មិន​ទាន់​មាន​សាច់​ដុំ​ស្អាត​ដូច​បច្ចុប្បន្ន​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​បាន​ចូល​មក​ហាត់​នៅ​ក្លឹប​ហាត់​ប្រាណ​ជា​មួយ​លោក ត្រឹម​១៥ថ្ងៃ​​ចាប់​ផ្ដើម​មាន​ការ​កែប្រែ​យ៉ាង​លឿន​តែ​ម្ដង។ លោក​ថា ក្នុង​មួយ​សប្ដាហ៍ សិរីមន្ត បាន​ចំណាយ​ពេល​​ហាត់​យ៉ាង​តិច​​៥ទៅ៦ ថ្ងៃ ហើយ​ក្នុង​១ថ្ងៃ បាន​ប្រើ​ពេល ២​ម៉ោង និង​មាន​ថ្ងៃ​ខ្លះ អាច​ឈាន​ដល់​៣ម៉ោង ប្រសិន​បើ​តារា​ចម្រៀង​រូប​នេះ​មាន​ពេល​ទំនេរ​​ពី​ការងារ​សិល្បៈ​ច្រើន។

លោក អ៊ិត សុធា គ្រូ​​បង្វឹក​កីឡា​របស់ សិរីមន្ត

លោក អ៊ិត សុធា បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា កន្លង​មក​លោក ខេមរៈ សិរីមន្ត ​ចូល​ហាត់​ជា​មួយ​លោក​បាន​១ខែ​មាន​សាច់​ដុំ​កំពុង​ពេញ​ស្អាត លោក​ក៏​ផ្អាក​ហាត់​ទៅ​វិញ ដោយសារតែ​ជាប់​រវល់​កាន់​ទុក្ខ​ប្អូន​ស្រី​ស្លាប់ ខេមរៈ ស្រីពៅ។ លោក​ថា កាល​ណោះ សិរីមន្ត​ អាក់ខាន​​មក​ហាត់​មិន​ក្រោម៣ខែ​ឡើយ ធ្វើ​ឲ្យ​សាច់​ស្រក​ជា​ខ្លាំង ប៉ុន្តែ​១ខែ​ចុង​ក្រោយ​នេះ លោក​​បាន​មក​ហាត់​ជាប់ គួប​ផ្សំ​​មាន​សាច់​ដុំ​​ពី​​មុន​ផង បច្ចុប្បន្ន​សាច់​ដុំ សិរីមន្ត ស្អាត​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ចំពោះ​គីឡូ​វិញ លោក អ៊ិត សុធា ទម្លាយ​ឲ្យ​ដឹង​ថា សិរីមន្ត​ មាន​គីឡូ​ចន្លោះ​៧២ ទៅ​៧៣ គីឡូ ប៉ុណ្ណោះ។

ទទឹម​និង​ការ​ហាត់​ប្រាណ​យ៉ាង​ទៀត​ទាក់ គ្រូបង្ហាត់​រូប​នេះ​បាន​​លើក​ឡើង​ថា ការ​ញ៉ាំ​ក៏​​ត្រូវ​ញ៉ាំ​អាហារ តាម​ក្បួន​​ខ្នាត​ឲ្យ​ទៀង​ទាត់​ផង​ដែរ។ ចំពោះ​តិចនិក​នោះ គឺ​ថាបើ​ហាត់​ចង់​បាន​សាច់​ដុំ មុន​ហាត់​ត្រូវ​ញ៉ាំ​ពង​៧គ្រាប់ ឬ​សាច់​គោ ហើយ​ក្រោយ​ហាត់ ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ខាប់​ច្រើន និង អាហារ​ជា​ច្រើន​ប្រភេទ​ទៀត។ ជា​មួយ​គ្នា​នោះ គ្រួ​បង្ហាត់​ផ្ទាល់​ក៏​ត្រូវ​ចេះ​មើល​រាងកាយ​កូន​សិស្ស​ថា ត្រូវ​កែប្រែ​សាច់​ដុះ​កន្លែង​ណា​ខ្លះ ដើម្បី​ឲ្យ​​សាច់​ដុំ​ស្អាត។

ឆ្លង​កាត់​ការ​ធ្វើ​ជា​គ្រូ​បង្ហាត់​កីឡា​ច្រើន​ឆ្នាំ និង ធ្លាប់​បង្ហាត់​សិស្ស​ជា​ច្រើន​អ្នក លោក អ៊ិត សុធា វាយ​តម្លៃ​បាន​ថា តារា​ចម្រៀង ខេមរៈ សិរីមន្ត ជា​សិស្ស​ម្នាក់​ឧស្សាហ៍ និង​មាន​ភាព​អំណត់​ខ្លាំង ដែល​ធ្វើ​ឲ្យ​ការ​ហាត់​របស់​លោក​ទទួល​បាន​​សាច់​ដុំ​ដូច​បំណង​ដោយ​ប្រើ​ពេល​ខ្លី​ប៉ុណ្ណោះ៕

រូបភាព៖ ផ្ដល់​ដោយ​លោក អ៊ិត សុធា

អត្ថបទ៖ ស៊ុន ហួត