Torres ប្រកាស​ចូល​និវត្តន៍​ក្រោយ​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​ជិត​​២០​ឆ្នាំ​

  • 2019-06-21 07:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernando Torres នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ព្យួរ​ស្បែក​ជើង​ ឈប់​លេង​បាល់​ក្រោយ​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​ជិត​​២០​ឆ្នាំ។​

ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ចាប់​ផ្ដើម​អាជីព​ដំបូង​បំផុត​ពី​ថ្នាល​យុវជន​ Atletico Madrid ក្នុង​ឆ្នាំ​១៩៩៥​ មុន​ជាប់​ឈុត​ធំ​ក្នុង​ឆ្នាំ​២០០១។​ Torres លេចធ្លោ​​បំផុត​នៅ​ពេល​ផ្ទេរ​ទៅ​ Liverpool ក្នុង​ឆ្នាំ​២០០៧​ បង្ហាញ​ខ្លួន​បាន​ ១០២​ប្រកួត​ ស៊ុត​បញ្ចូល​ទី​បាន​ ៨១​​គ្រាប់​មុន​ពេល​ចាកចេញ​ទៅ​ Chelsea នៅ​ឆ្នាំ​២០១៥។

នៅ​តោ​ខៀវ​កីឡាករ​អេស្ប៉ាញ​​រូប​នេះ​ត្បិត​ធ្លាក់​ទម្រង់​លេខ​ និង​ស៊ុត​បញ្ចូល​ទី​បាន​៤៥​​គ្រាប់​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ ប៉ុន្តែ​រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ដូចជា FA Cup, Europa League និង​​ Champions League ជា​ដើម។​ អាជីព​របស់​ Torres កាន់​តែ​ដុនដាប​ថែម​ទៀត​នៅ​​ពេល​ AC Milan ខ្ចី​ជើង​ រួច​ទៅ​ Atletico វិញ​ និង​ចុង​ក្រោយ​បំផុត​ទៅ​លេខ​ឲ្យ​ក្លឹប​ជប៉ុន Sagan Tosu ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់។​

តារា​ពាក់​លេខ​៩​ដែល​ឈ្នះ​ World Cup និង​ Euro ២​ដង​ជាមួយ​អេស្ប៉ាញ​បាន​សរសេរ​លើ​ Twitter ថា៖ "រយៈ​ពេល​១៨​ឆ្នាំ​ជាមួយ​នឹង​រឿងរ៉ាវ អនុស្សាវរីយ៍​រាប់​មិន​អស់​ក្នុង​ពិភព​បាល់ទាត់​ ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹម​នេះ"។​ Torres គ្រោង​​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​ពន្យល់​ពី​រឿង​នេះ​កាន់​តែ​ច្បាស់៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី