ក្រោយ​បាត់​មុខ​យូរ​ សំ ថារ័ត្ន​ ​បង្ហើប​អំពី​​គម្រោង​​វិល​​​មក​សង្វៀន​​សាជាថ្មី

  • 2019-06-26 06:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡាការិនី​ជំនាញ​ក្បាច់​គុន​ល្បុក្កតោ ​សំ ថារ័ត្ន​ ដែល​មាន​ស​រហស្សនាម​​ ​​«Little Frog» ​​​​បាន​បង្ហើប​អំពី​ការ​តាំង​ចិត្ត​ត្រឡប់​មក​កាន់​សង្វៀន​ប្រកួត​សាជាថ្មី​ ​បន្ទាប់​ពី​ការ​ខកខាន​តាំង​ពី​​ចុង​ឆ្នាំ​ ២០១៧ ​មក។ ​ការ​សម្រាក​ឡើង​រេញ​ប្រកួត​ក្រោយ​ពី​​​ការ​ទទួល​ជ័យជម្នះ​លើ​​ កីឡាការិនី​​ថៃ​ពីរ​រូប​​ Surarak Kamla​ នា​ខែ​​​កក្កដា​ ឆ្នាំ ២០១៧​ និង ​Kaewjai Prachumwong ​​កាល​ខែ​ ​វិច្ឆិកា​ ឆ្នាំ​ ​ដដែល ​លើ​សង្វៀន​​ Full Metal Dojo ​ដូច​គ្នា​នា​ក្រុង​បាង​កក​ប្រទេស​ថៃ។

​​កីឡាការិនី​​​ដែល​ជា​តួ​សម្ដែង​​ក្នុង​រឿង​​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ​របស់​​ផលិតករ​ល្បី​ឈ្មោះ​​ Angelina Jolie រូប​នេះ​បញ្ជាក់​ថា​៖«​​​ខ្ញុំ​​ប្រឹងប្រែង​ហ្វឹកហាត់​​រាល់​ថ្ងៃ​តាំង​​ពេល​ត្រឡប់​ពី​អាមេរិក​ ​ក្នុង​ការ​ផ្សព្វផ្សាយ​​​ក្បាច់​គុន​ល្បុក្កតោ​ នា​ដើម​ខែ​ មិថុនា​ នេះ។​ ​គោល​ដៅ​របស់​ខ្ញុំ​គឺ​ ​​ហាត់​ត្រៀម​ៗ​​ក្នុង​ករណី​ខ្ញុំ​​​ឡើង​សង្វៀន​នា​ពេល​​​​ខាង​មុខ។ ​ខ្ញុំ​ហាត់​យ៉ាង​តិច​ ៣ ម៉ោង​ជា​ប្រចាំ​ក្នុង​មួយ​ថ្ងៃ​​នៅ​ក្លិប Prodal ​ម្ដុំ​ទួលគោក​ និង​ H/Art Academy Jiu Jitsu នៅ​ម្ដុំ​ទួល​ស្វាយព្រៃ ​ដែល​ផ្ដោត​លើ​ជំនាញ​បោក​ កាច់​ឃ្លេរ ​និង គាប​ជា​ដើម»។

​ សំ ថារ័ត្ន ​ប្រលូក​​លើ​​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន​ ៦ ​លើក​ក្នុង​នោះ​ ឈ្នះ ៤ ​លើក ​និង ចាញ់​ ២ លើក។​ ​​ដោយ​សារ​តែ​ចេះ​ក្បាច់​គុន​​ កីឡាការិនី​វ័យ​ ២៨ ឆ្នាំ​​រូប​នេះ​តែង​តែ​ទទួល​បាន​ការ​​​អញ្ជើញ​​​ចុះ​កិច្ច​សន្យា​ថត​ខ្សែ​ភាព​យន្ត​​ខ្នាត​ខ្លី និង រឿង​ភាគ​ជា​ហូរហែ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ការងារ​រវល់​ ​និង បាត់​មុខ​ពី​សង្វៀន​ប្រដាល់​ទាំង​ថ្នាក់​ជាតិ និង អន្តរជាតិ។​ ​បច្ចុប្បន្ន​​នេះ​ ​កីឡាការិនី​ដែល​ប្រកួត​បាន​ទាំង​គុន​ខ្មែរ ​និង គុន​ចម្រុះ​កំពុង​​សំងំ​ថត​ខ្សែ​ភាព​យន្ត​មួយ​ទៀត​ដែរ​ ​ដែល​គ្រោង​បញ្ចប់​ក្នុង​រយៈ​ពេល​មួយ​ខែ​ ប៉ុន្តែ​ គេ​សុំ​លាក់​ឈ្មោះ​​ចំណង​ជើង​សិន​តាម​ការ​ស្នើ​សុំ​របស់​ផលិត​ករ។​ ​​ក្រោយ​​ការ​​ថត​ដែល​គ្រោង​បញ្ចប់​ក្នុង​ ១ ខែ​ខាង​មុខ​ គេ​អាច​មាន​​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​ឡើង​ និង​ ​ត្រៀម​ខ្លួន​បាន​ល្អ​​សម្រាប់​ឡើង​សង្វៀន​​ម្ដង​ទៀត។

កីឡាការិនី​ធ្លាប់​ឡើង​សង្វៀន​ ONE ​​​​ចំនួន ៣ ​លើក​សង្កត់​ធ្ងន់​បែប​នេះ​៖«​​​​ខ្ញុំ​ហ្វឹកហាត់​រាល់​​ថ្ងៃ​នេះ​ មាន​គ្រូៗ​គាត់​ជួយ​ណែនាំ​ខ្លះ​ និង​ហាត់​ខ្លួន​​ឯង​ផង​ ភាគ​ច្រើន​ ហើយ ​បើ​អ្នក​ហាត់​ណា​ទំនេរ​ គឺ​​ហៅ​គាត់​ឡាំ​គ្នា ឬ ​សម​​​​គ្នា​​ប្រកួត​គ្នា​អីចឹង​ទៅ​​ ទម្រាំ​​មាន​​គូ​​ប្រកួត ​ខ្ញុំ​​នឹង​​ត្រៀម​តាម​ហ្នឹង​ដែរ»។

គួរ​ដឹង​ដែរ​ថា​ សំ ថារ័ត្ន បាត់​មុខ​ពី​សង្វៀន​ដែល​មាន​​ការ​គាំទ្រ​ពី​ទស្សនិកជន​​ ប៉ុន្តែ​រូប​គេ​មាន​ទីផ្សារ​ហក់​ខ្លាំង​​​លើ​ការ​ថត​ខ្សែ​ភាពយន្ត​​ ​ពេល​គេ​ត្រូវ​ការ​តួ​ស្រី​ក្លាហាន​ ឬ ​មាន​ឈុត​​​ប្រើ​ប្រាស់​ក្បាច់​គុន​ជា​ដើម។​ ​​មួយ​ទៀត​ គេ​ជា​កម្លាំង​ស្នូល​​ដើម្បី​​ផ្សព្វផ្សាយ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ។​ ថ្មីៗ​នេះ​​ ​កូន​សិស្ស​លោក​​គ្រូ​តា​ សាន គឺមស៊ាន​ ​ទើប​ត្រលប់​មក​ពី​ផ្សព្វផ្សាយ​ភាព​យន្ត​​​ឯក​សារ​​​មាន​ចំណង​ជើង​ថា​ «ការ​រស់​ឡើង​វិញ​នៃ​ល្បុក្កតោ» ​ឬ ​«Surviving Bokator» ​នៅ​​សហរដ្ឋ​អាមេរិក​​។​ ការ​ផ្សព្វផ្សាយ​​​​កន្លង​មក​​ធ្លាប់​ធ្វើ​បាន​៣ ដង​រួច​​មក​ហើយ​ពោល​​ នៅ​ឆ្នាំ​ ២០១៧​ ​កីឡាករិនី​រូប​នេះ​​ទៅ​ផ្សព្វផ្សាយ​នៅ​​ក្រុង​ Long Beach ​រដ្ឋ​​ California , ​ឆ្នាំ​ ២០១៨ ​ទៅ​​ នៅ​ក្រុង Austin រដ្ឋ​ Texas , ​និង​ Dallas ​ជា​ដើម​។ បន្ទាប់​មក​គេ​ទៅ​ផ្សព្វផ្សាយ​​ក្រុង​​ New York ​​មុន​​ទៅ​ធ្វើ​យុទ្ធនាការ​ដដែល​នេះ​ ​Toronto ​ប្រទេស​កាណាដា៕

​ ​អត្ថបទ៖ ស៊ីធី ​