ខាត់ សុឃីម៖ មានកម្លាំងត្រូវប្រឹងចាប់ឱកាស កុំខ្ជះខ្ជាយពេលវេលា​ឲ្យ​កន្លង​ទៅ​​ឥត​ប្រយោជន៍ឲ្យសោះ

  • 2019-07-03 03:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា តារា​ពហុ​ជំនាញ ពូកែវោហារសព្វ ​លោក​នាង​ខាត់ សុឃីម បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ​និង​បាន​ប្រឹង​ប្រែង​កសាង​ប្រជា​ប្រិយភាព​តាំង​ពី​វ័យ​ក្មេង តាមរយៈ​តន្ត្រី​បុរាណ​ខ្មែរ។ គ្រួសារ​របស់​លោកស្រី​ទាំង​មូល ដែល​មាន​ដុង និង​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ដូច​ៗ​គ្នា ត្រូវ​បាន​លោកស្រី​ជួយ​ត្រួត​ត្រាយផ្លូវ​ឲ្យ​ចូល​ក្នុង​វិស័យ​សិល្បៈ ដោយ​ជោគជ័យ និង​អាច​ចេញ​រក​លុយ​តាំង​តែ​ពី​តូច​ៗ​។

មាន​បងប្អូន​ ៩នាក់ លោកស្រី​គឺ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែល​​មាន​ជីវភាព​ក្រី​ក្រ​លំបាក ត្រូវ​បាន​លោក​ឪពុក និង​លោកតា​លោក​យាយ​បង្ហាត់​បង្រៀន​ភ្លេង​បុរាណ​តាំង​ពីក្មេង​។ ត្បិត​មាន​ជីវភាព​លំបាក​មែនពិត តែ​គ្រួសារ​មួយ​នេះ​​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​កក់​ក្តៅ និង​ពុះពារ​តស៊ូ​ជា​មួយ​គ្នា​រហូត​ដល់​វង់ភ្លេង​បុរាណ​ខ្មែរ​មាន​ការ​គាំទ្រ​ពី​មហាជន​ដូច​បច្ចុប្បន្ន។

ក្នុង​អាជីព​ជាង​ ​៣០ឆ្នាំំមកនេះ លោកស្រី ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​ដែលពូកែរ ​​ពុះពារ​ព្យាយាម​ខ្លាំង មិន​ចេះ​នៅ​ស្ងៀម និង​រវល់​គ្រប់​ផ្លូវ ដោយស្រី​តែង​ប្រកាន់​ភ្ជាប់​នូវ​​វិន័យ​ផ្ទាល់ខ្លួន​មួយ គឺ​មិន​ខ្ជះខ្ជាយ​ពេល​វេលា ដោយ​ឲ្យ​កន្លង​ផុត​ទៅ​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ។

លោក​ស្រី​ថា មនុស្ស​យើង​ម្នាក់ៗ មាន​ពេល​វេលា​មិន​ច្រើន​ទេ ដូច្នេះ​ហើយ បើ​ឱកាស​​ហុច​ឲ្យ​ហើយ កម្លាំង​នៅ​មាន អ្វី​ដែល​​អាច​ធ្វើ​បាន គឺ​​ត្រូវ​ធ្វើ​ដោយ​មិន​ស្ទាក់​ស្ទើរ​ឡើយ​។ ក្រៅពី​ពូកែ​ប្រឹង​រក​លុយ​មិន​ឈប់​ឈរ​ហើយ​នោះ លោកស្រី​ ខាត់ សុឃីម ក៏​មិន​មែន​ជា​អ្នក​ចូល​ចិត្ត​ចាយ​វាយ​ផ្ដេសផ្ដាស​នោះ​ដែរ ជាក់​ស្តែងរាល់​ថ្ងៃ​លោក​ស្រី​ក៏​​មិន​សូវ​មាន​ពេល​ជួប​ជុំ​ផឹកស៊ី​ ដើរលេងអី​ទេ ម្យ៉ាង​លោ​ស្រី​ក៏​មិន​សូវ​ចូល​ចិត្ត​ទម្លាប់​នេះ​ដែរ។ ដូច្នេះ​ហើយ ទើប​បច្ចុប្បន្ន​កូន​ច្បង​ត្រកូល ខាត់ រូប​នេះ មាន​ទ្រព្យ​រឹង​មាំ​ជា​ច្រើន​ក្នុង​ដៃ ដូចជា សម្អាងការ​ខាត់ សុឃីម និង​ផ្ទះ​ជួល។

ទោះ​ទទួល​បាន​ជោគជ័យ​រឹង​មាំ​ក្នុង​ជីវិត​សិល្បៈ និង​ជំនួញ តែ​លោក​ស្រី​នៅ​ស្រលាញ់ និង​បន្ត​អាជីព​ក្នុង​​វង់ភ្លេង​ខ្មែរ​បុរាណ ​ ​ព្រោះថា​សិល្បៈ​បុរាណ​ខ្មែរ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​ស្រី​សាង​កេរ្តិ៍​ឈ្មោះ និង​លើក​ស្ទួយ​ជីវភាព​គ្រួសារ​​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​លោកស្រី​ក៏​មិន​ដែល​មាន​ចិត្ត​ចង់​កែ​ប្រែ​ការ​ស្រលាញ់ និង​ផ្លាស់​ប្តូរ​អ្វី​ដែល​ជា​ទម្រង់​របស់​ខ្មែរ​នោះ​ដែរ ៕

អត្ថបទ៖ លីដា

អត្ថបទថ្មី