បង្អួតស្នាដៃសិល្បករថតរូបខ្មែរជំនាន់ថ្មីៗបន្តិចមើល!
- 2019-07-05 08:27:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្អួតស្នាដៃសិល្បករថតរូបខ្មែរជំនាន់ថ្មីៗបន្តិចមើល!
ចន្លោះមិនឃើញ
មានបានទៅមហោស្រពរូបថតភ្នំពេញថ្មីៗនេះទេ? ឡូយៗណាស់ណា មានសិល្បករថតរូបទាំងអាស៊ី និងអឺរ៉ុប ចូលដៃគ្នាមកបង្ហាញស្នាដៃរបស់គេនៅក្រុងភ្នំពេញយើងនេះណា! ប្រសិនបើអ្នកមិនបានចូលរួមនោះ កុំភ័យអី។ យើងនឹងបន្តបង្ហោះពិព័ណ៌ស្នាដៃរបស់សិល្បករទាំងនេះជាតៗគ្នាពេញមួយខែនេះតែម្តង។
សម្រាប់អាទិត្យនេះ យើងនាំយកស្នាដៃរបស់សិល្បករថតរូបខ្មែរដែលកំពុងរះចំនួន ៣ រូបគឺ៖ លី មិន (ឡាម៉ូ), លីម សុខចាន់លីណា និង សួង ម៉ារឌី។
សប្បុរសធម៌ (Kindness) ដោយ លីមិន (ឡាម៉ូ)
មនុស្សភាគច្រើនគិតថាទឹកជំនន់ជាគ្រោះធម្មជាតិដ៏គួរឲ្យខ្លាចមួយ តែលីមិនវិញ បានបែកគំនិតសាកមើលគ្រោះទឹកជំនន់ដោយអារម្មណ៍ស្ងៀមស្ងាត់ ដោយចាត់ទុកវាដូចជាទំរង់ឆាកល្ខោននៃជីវិតប្រចាំថ្ងៃទៅវិញ។ គាត់បានថតរូបទាំងនេះពីសំយ៉ាបផ្ទះរបស់គាត់ ដោយកែប្រែទឹកជាផ្ទាំងពណ៌ខ្មៅនៅខាងក្រោយ។ តោះមកមើលៗ មានព័ត៌មានលំអិតច្រើនណាស់ក្នុងរូបគាត់នីមួយ!
ជីវិតពីខាងលើ (Life from Above) ដោយ សួង ម៉ារឌី
ដើម្បីធ្វើឲ្យមនុស្សយើងអាចមើលឃើញពិភពលោកក្នុងទស្សនៈថ្មី ហើយឲ្យពួកគេមើលឃើញទស្សនៈខ្លួនឯងផ្ទាល់ក្នុងមុំថ្មីនោះ សួង ម៉ារឌី បានជ្រើសរើសថតពីជីវិតពីខាងលើទៅវិញ។ ពេលយើងមើលពីលើ យើងនឹងចាប់ផ្តើមឃើញវត្ថុនិងទស្សនៈខ្លះៗដែលយើងមិនបានចាប់អារម្មណ៍ពេលយើងមើលពីក្រោមដូចធម្មតា។ រូបថតទាំងនេះផ្តល់នូវទំហំថ្មីឲ្យពិភពលោកដែលយើងកំពុងរស់នៅ ហើយក៏ឲ្យទស្សនៈថ្មីមកដល់អ្នកមើលដូចយើងផងដែរ!
កិច្ចការកំពុងដំណើរការ (Work in Progress) ដោយ លីម សុខចាន់លីណា
ពេលដែលមនុស្សយើងបង្កើតពិភពលោកដែលយើងរស់នៅមួយនេះ យើងតែងបានបង្កើតរនាំង ជញ្ជាំង របង ព្រំដែន និងសញ្ញាផ្សេងៗដោយមិនដឹងខ្លួន។ ពិព័ណ៌របស់លោក លីម សុខចាន់លីណា ជាការបញ្ចូលគ្នារវាងទេសភាពដែលមនុស្សបានបង្កើត និងទេសភាពធម្មជាតិហ្សុីនៗតែម្តង។ ក្នុងស្នាដៃនេះ មានទំរង់ពីរនៃភាពស្រស់ស្អាតដែលប្រឈមមុខជាមួយនឹងគ្នា៖ មួយគឺធម្មជាតិទន់ភ្លន់អាចបត់បែនបាន ឯមួយទៀតគឺទំរង់តឹងណែនដែលមនុស្សយើងជាអ្នកបង្កើតផ្ទាល់។