អាជ្ញាធរដាក់​វិធានការ​ក្ដៅនឹងបំផ្លាញ​មធ្យោបាយ​ប្រព្រឹត្តបទល្មើសព្រៃឈើនៅ​នឹង​កន្លែង

  • 2019-07-08 02:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិដើម្បី​ទប់ស្កាត់​និង​បង្ក្រាបបទ​ល្មើស​ធនធាន​ធម្មជាតិ​បញ្ជាក់ថា​ដើម្បីរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្សខ្លួន​នឹង​បន្តអនុវត្តវិធាន​ការច្បាប់តឹងរ៉ឹង​ ជាមួយ​នឹងការ​បំផ្លាញ​ចោល​នូវ​មធ្យោបាយ​នៃ​បទល្មើស​នៅនឹង​កន្លែង​ទៀតផង។

(រូបភាព៖ ហ្វេសប៊ុក​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ)

ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ស្ថាប័ន​ខាង​លើ​បញ្ជាក់ថា​ បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធការ​ប្រព្រឹត្តល្មើសច្បាប់​នេះ​ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ មួយ​វិញ​ទៀត រាល់​មធ្យោបាយ ដូចជា​រថយន្ត គោយន្ត ម៉ូតូ ជា​ដើម​ដែលពាក់​ព័ន្ធនឹងបទល្មើស​ព្រៃឈើ​នេះ នឹង​ត្រូវ​ស្នើសុំទៅ​អាជ្ញាធរ​មានសមត្ថកិច្ច ​ដើម្បីបំផ្លាញ​ចោល​នៅនឹងកន្លែង។

ប្រ​ភព​ខាង​លើ​សរសេរ​បន្ថែម​លើ​ទំព័រ​ហ្វេស​ប៊ុក​អ្នកនាំ​ពាក្យ​កងរាជអាវុធហត្ថ​ទៀតថា៖ «កន្លងទៅ យើង​បានធ្វើការ​ត្រួតពិនិត្យ​ឃើញថា ​ទោះបីមាន​ការផ្សព្វ​ផ្សាយអប់រំ ​និង​បង្ក្រាបបទ​ល្មើសព្រៃឈើ​ជាបន្តបន្ទាប់​ក៏ដោយ​ នៅ​តែមាន​ការលួច​បន្លំកាប់​ឈើ​ ដឹក​ជញ្ជូន​ផលអនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ ​តាម​គ្រប់​មធ្យោបាយ ​គ្រប់រូបភាព...ដើម្បីរក្សាបានព្រៃឈើគង់វង្ស គណៈកម្មការជាតិ នឹងអនុវត្តវិធានការច្បាប់តឹងរ៉ឹង ជាមួយ​នឹងការបំផ្លាញ​ចោលមធ្យោបាយ​នៃបទ​ល្មើស​នៅ​នឹងកន្លែង​ទៀតផង​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម