ស្ថានីយ៍ប្រេងនៅកូរ៉េខាងត្បូង ធ្វើពហិការមិនចាក់សាំងឲ្យឡានផលិតដោយជប៉ុន ព្រោះហេតុផល១
- 2019-07-24 07:23:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានីយ៍ប្រេងនៅកូរ៉េខាងត្បូង ធ្វើពហិការមិនចាក់សាំងឲ្យឡានផលិតដោយជប៉ុន ព្រោះហេតុផល១
ចន្លោះមិនឃើញ
ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង បាននាំគ្នាធ្វើពហិការមិនព្រមចាក់សាំងឲ្យរថយន្ដទាំងឡាយណាដែលជាផលិតផលរបស់ប្រទេសជប៉ុន។
យោងតាមសារព័ត៌មាន the Korean Times ឲ្យដឹងថា យុទ្ធនាការពហិការនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូប្រកាសកាលពីថ្ងៃទី ១ខែកក្កដាថាខ្លួននឹងរឹតបន្ដឹងការនាំចេញវត្ថុធាតុដើមគីមីចំនួនបីប្រភេទសម្រាប់ផលិតបន្ទះឈីប និងស្គ្រីនបង្ហាញរូបភាពទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ដោយសារវត្ថុធាតុដើមទាំងបីនេះ មានភាពចាំបាច់ខ្លាំងសម្រាប់ការផលិតទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ទើបធ្វើឲ្យឧស្សាហកម្មដ៏សំខាន់របស់កូរ៉េខាងត្បូងមួយនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរ នឹងអាចឈានដល់ការដំឡើងថ្លៃសម្រាប់ឧបករណ៍ប្រើប្រាស់ទាំងនោះ។
លើសពីនេះទៀត ការលក់ស្រាបៀរជប៉ុនក្នុងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានរាយការណ៍ថាធ្លាក់ចុះប្រមាណជា ៤០%កាលពីសប្ដាហ៍មុន ខណៈពេលដែលការនាំចូលស្រាបៀរពីប្រទេសដទៃមានការកើនឡើង។ ចំណែកការកក់ដំណើរកម្សាន្ដទៅកាន់ប្រទេសជប៉ុន បានធ្លាក់ចុះរហូតដល់ជាង ៧០% ខណៈដែលភ្នាក់ងារទេសចរលុបចោលគម្រោងធ្វើដំណើរកម្សាន្ដទៅជប៉ុនជាង៥០%។
ក្រៅពីនេះ យានដ្ឋានជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសកូរ៉េខាងត្បូង ក៏ចូលរួមធ្វើពហិការមិនព្រមជួសជុលឲ្យរថយន្ដដែលផលិតដោយជប៉ុនផងដែរ៕