បេតិកភណ្ឌឯកសាររបស់កម្ពុជា២ដែលបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក

  • 2019-08-01 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេតិកភណ្ឌឯកសាររបស់កម្ពុជា២ដែលបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក​ទី១គឺ បណ្ណសារ​សារ​មន្ទីរ​ឩក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង និង​ទី​២ ខ្សែ​អាត់​សម្លេង​រឿង​រាមកេរ្តិ៍តាគ្រុឌ​បើ​យោង​តាម​បញ្ជី​កម្រង​បេតិកភណ្ឌ​ឯកសារ​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​ដែល​ដាក់​តាំង​នៅ​សារមន្ទីរ​ឩក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង។

រូបតារាងបញ្ជីបេតិកភណ្ឌឯកសាររបស់កម្ពុជានិងប្រទេសនានាដែលបានចុះបញ្ជី

នៅ​សាល​តាំង​ពិពរណ៌មិនអចិន្ត្រៃយ៍​របស់សារមន្ទីរ​ឩក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ដែល​តាំង​បង្ហាញ​ក្នុង​ថ្ងៃ១០ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ឩក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​បាន​បញ្ជាក់​ថា​ បេតិកភណ្ឌ​ឯកសារ​ទាំង​ពីរ​របស់​កម្ពុជា ទី១ បណ្ណសារ​សារ​មន្ទីរ​ឩក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែងបាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​២០០៨​ និងចុះ​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក​នៅ​ឆ្នាំ​២០០៩​ និង​ទី​២ ខ្សែ​អាត់​សម្លេង​រឿង​រាមកេរ្តិ៍និទាន​ដោយ​តាគ្រុឌ​ដែលល្បី​ល្បាញ​នា​ទសវត្សន៍​ឆ្នាំ​១៩៦០​ដែល​ជា​ឯកសារ​សម្លេង​បែប​ប្រពៃណីខ្មែរ​ដំបូងបង្អស់​​បាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ឆ្នាំ​២០១៤​។

រូបភាពឯកសារដែលបង្ហាញពីប្រវត្តិនៃបេតិកភណ្ឌឯកសាររបស់កម្ពុជា២ដែលបានចុះបញ្ជី

នៅ​ក្នុងបណ្ណសារ​សារ​មន្ទីរ​ឩក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​​​មាន​ រូបថត និងឯកសារ​​​អ្នកទោស​ចំនួន​ជាង​ ៦០០០​ច្បាប់​ត្រូវ​បាន​រក្សា​ទុក​។​ បណ្ណសារ​​ទាំង​អស់​នេះ​ជា​ឯកសារ​សំខាន់​សម្រាប់​មនុស្ស​ជាតិ​ក្បិត​បាន​បញ្ជាក់​ពី​អំពើ​ឃោ​ឃៅ​ និង​ការ​សម្លាប់​មនុស្ស​ជិ​១ភាគ​៣​នៃ​ប្រជាជន​ខ្មែរ​នា​សម័យ​ខ្មែរ​ក្រហម​។ លើស​ពី​នោះ​ឯកសារ​ទាំង​នេះ​គឺជា​សារ​ដាស់​តឿន និង​ផ្សព្វផ្សាយ​ពី​គំរូ​មិន​ល្អ​របស់​ខ្មែរ​ក្រហម​ដល់​ពិភពលោក​សម្រាប់​ការ​ឈ្វេង​យល់​។

ភ្ញៀវទេសចរបរទេសកំពុងទស្សនាក្នុងសាលពិពរណ៌

បច្ចុប្បន្ន​​សារមន្ទីរទួលស្លែង​កំពុង​អនុវត្ត​គម្រោង​អភិរក្ស​ និង​ថត​ចម្លង​ឯកសារ​ឌីជីថល​ជិត ៥០ម៉ឺន​ទំព័រ​ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិ​កូរ៉េ (KOICA) តាម​រយៈ​អង្គការយូណេស្កូ​ហើយ​គ្រោង​នេះ​នឹង​រៀប​ចំ​បញ្ចូល​ឯកសារ​ទាំងអស់​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាសាធារណៈ​នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ​។

ភ្ញៀវទេសចរបរទេសកំពុងទស្សនានៅ​សារ​មន្ទីរ​ឩក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​​

ខ្សែអាត់សម្លេងរឿងរាមកេរ្តិ៍​និទាន​ដោយ​តា​គ្រុឌ​ជា​ប្រភេទ​ឯកសារ​សម្លេង​ដំបូង​បង្អស់​បែប​ប្រពៃណី​ខ្មែរ​។ ឯកសារ​សម្លេង​នេះ​​ជា​បណ្តុំ​ខ្សែ​រឿង​និទាន​បុរាណ​ដែល​មាន​ខ្លឹមសារ​តាំង​ដើម​រហូត​ដល់​ចប់។​ សិល្បៈ​បុរាណ​នៃ​ការ​និទាន​រឿង​ស្ទើរ​បាត់បង់​ទាំង​ស្រុង​ក្នុង​សម័យ​ខ្មែរក្រហម​ ប៉ុន្តែ​សំណាង​ល្អ​ដែរ​ខ្សែ​អាត់​រឿងនេះ​នៅ​សល់​រហូត​ដល់​បច្ចុប្បន្ន​​ដោយ​សារ​អ្នក​ស្រាវជ្រាវ​២​រូប​គឺ​លោក អាឡាំង​ដានីញែល និងហ្សាក់​ បូណេត​ បាន​យក​ច្បាប់​សម្លង​ទៅ​សិក្សា​ និង​វិភាគ​នៅ​ប្រទេស​បារាំង​។ ខ្សែអាត់សម្លេងដើម​ និង​ខ្សែ​អាត់​ចម្លង​មាន​រយៈពេល​ប្រមាណ​១០​ម៉ោង​។ បច្ចុប្បន្ន​ឯកសារ​ឌីជីថល​នេះ​បាន​ក្លាយ​ជា​ឯកសារ​​ថត​ចម្លង​ដែល​មាន​តម្លៃ​សម្រាប់​ការ​អភិរក្ស​ផង​ដែរ​៕​

អត្ថបទ៖ លន ហ្សាឌីណា