ទី​បំផុត ស្នេហា​តារា​បាល់​ទាត់ និង​តារា​សម្ដែង សុខ សោម៉ាវត្តី ត្រូវ​បាន​ទម្លាយ​ហើយ

  • 2019-08-14 04:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ស្នេហា​របស់​តារា​បាល់​ទាត់ លី វ៉ាហេទ និង សុខ សោម៉ាវត្តី ដែល​គេ​សង្ស័យ​ជា​យូរ​មក​ហើយ ត្រូវ​បាន​ទម្លាយ ស្រប​ពេល​ពួក​គេ​ក៏​បាន​សារភាព​ថា ទម្រាំ​ដើរ​កាន់​ដៃ​គ្នា​មក​ដល់​ថ្ងៃ​នេះ ពួក​គេ​ជួប​រឿង​រ៉ាវ​ច្រើន​រាប់​មិន​អស់ និង​ធ្លាប់​ជួប​រឿង​ហូរ​ទឹក​ភ្នែក​ជា​ច្រើន​ដង។

វ៉ាហេទ និង សុខ សោម៉ាវត្តី បាន​ទម្លាយ​រឿង​ពិត​របស់​ពួក​គេ​តាម​រយៈ​វីដេអូ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា "អរគុណ​ដែល​ទុក​អូន​ជា​មនុស្ស​សំខាន់" ក្រោយ​ពេល​បាន​គេចវេះ​មិន​ឆ្លើយ​ការ​ពិត​ជា​មួយ​សារព័ត៌មាន​ជា​ច្រើន​លើក​រួច​មក​ហើយ។ តាម​រយៈ​វីដេអូ​ចម្រៀង​ដែល​សារសព្ទ​ពី​សាច់​រឿង​ពិត​អំពី​ប្រវត្តិ​ស្នេហ៍​របស់​ពួក​គេ​នោះ ពួក​គេ​ទាំង​ពីរ​បាន​សារភាព​ថា ការ​ពិត​គឺ​ពួក​គេ​ពិត​ជា​បាន​ស្រឡាញ់​គ្នា​មែន។

ក្ដី​​ស្រឡាញ់​នោះ​បាន​រត់​ចូល​មក​ក្នុង​ប្រអប់​បេះដូង​ដោយ​មិន​ដឹង​ខ្លួន គឺ​ក្រោយ​ពួក​គេ​បាន​ចូល​រួម​សម្ដែង​រឿង​ជាមួយ​គ្នា​លើក​ដំបូង​ឲ្យ​ផលិតកម្ម រ៉ក់ មាន​ចំណង​ជើង​ថា "ខូច​ចិត្ត​អាជីព"។“ការ​ពិត​មុន​ដំបូង ក៏​អត់​ដឹង​ថា​ស្រឡាញ់​គ្នា​ដែរ ប៉ុន្តែ​មនុស្ស​អត់​ស្រឡាញ់​គ្នា ម៉េច​ចេះ​ប្រចណ្ឌ​គ្នា!”។ សោម៉ាវត្តី ថ្លែង។

ដោយ​ឡែក វ៉ាហេទ ក៏​ឲ្យ​ដឹង​ដូច​គ្នា​ថា លោក​ក៏​ស្រឡាញ់​តារា​ស្រី​ដូច​គ្នា ដោយ​សារ​តែ​នាង​បាន​ដើរ​តួ​ជា​អ្នក​ប្រឹក្សា ចាំ​ជួយ​ឲ្យ​យោបល់ និង​កម្លាំង​ចិត្ត​គ្រប់​ពេល។ បែប​នេះ​ទំនាក់ទំនង​របស់​ពួក​គេ ក៏​កាន់​តែ​ស្អិត​ល្មួត​ឡើង​ៗ រហូត​ក្លាយ​ជា​ស្នេហា​តែ​ម្ដង។ យ៉ាង​ណា ស្នេហា​ចិត្ត និង​ចិត្ត​របស់​ពួក​គេ ក៏​ជួប​ឧបសគ្គ​មិន​តិច​ដែរ​អំឡុង​ពេល​ទាក់​ទង​គ្នា។ បញ្ហា​ភាគ​ច្រើន​បំផុត គឺ​បាន​កើត​ឡើង​នៅ​លើ​ភាគី​ខាង​តារា​ស្រី ដោយ​សារ​តែ​នាង​មាន​អាយុ​ច្រើន​ជាង​ខាង​ប្រុស និង​ជា​ស្ត្រី​មេម៉ាយ​ទៀត។

តាម សោម៉ា​វត្តី ឲ្យ​ដឹង នាង​បាន​រង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​លើ​បញ្ហា​នេះ​ដោយ​សារ​តែ​នាង បាន​ដឹង និង​លឺ ពី​ពាក្យ​បន្តុះ​បង្អាប់​របស់​មិត្តភ័ក្ដិ វ៉ា​ហេទ ថា​ខ្លួន​នៅ​មាន​វ័យ​ក្មេង ហេតុ​អ្វី​ទៅ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​វ័យ​ច្រើន​ជាង​ខ្លួន ហើយ​ថែម​ទាំង​មេម៉ាយ​ទៀត។ បញ្ហា​នេះ ធ្វើ​ឲ្យ​តារា​ស្រី​ទប់​ចិត្ត​មិន​បាន ចុង​ក្រោយ​បាន​សុំ វ៉ា​ហេទ បែក​គ្នា​ម្ដង​ជា​ពីរ​ដង ទាំង​ទឹក​ភ្នែក​ហូរ​រហាម។

យ៉ាង​ណា តារា​បាល់​ទាត់ ក៏​មិន​បាន​ស្រឡាញ់​នាង​ទុក​ជា​ការ​លេង​សើច​ដែរ គឺ​វា​ផុស​ចេញ​ចិត្ត និង​បេះដូង​ពិត។ អំណាច​នៃ​ក្ដី​ស្រឡាញ់​នេះ តាម​រយៈ​វីដេអូ​ចម្រៀង​ខាង​លើ គឺ វ៉ា​ហេទ ហ៊ាន​ទទួល​យក​គ្រប់​យ៉ាង និង​មិន​ខ្វល់​នឹង​សំដី​ចាក់​ដោត​របស់​នរណា​ម្នាក់​ឡើយ ហើយ​ទុក​ជា​តារា​ស្រី គឺ​ជា​មនុស្ស​ដ៏​សំខាន់​ម្នាក់ ដូច​នឹង​ចំណង​ជើង​វីដេអូ​ចម្រៀង​ផលិត​ដោយ​ផលិតកម្ម ថោន មាន​ចំណង​ជើង​ថា "អរគុណ​ដែល​ទុក​អូន​ជា​មនុស្ស​សំខាន់"។

នេះ​ជា​ការ​បើក​បង្ហាញ​លើក​ដំបូង​បំផុត ចាប់​តាំង​ពី​ពួក​គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ស្និទ្ធស្នាល​ខ្លាំង​លើស​ពី​មិត្ត ជា​ហូរហែ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ជា​ច្រើន​រហូត​មក៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី