អាសូរ! ធ្លាប់​តែ​មាន​គ្រប់​យ៉ាង តែជីវិត​នាយ តាក់ស៊ី ​ពេល​នេះ​ល្ហល្ហេវ ដូច​ទូក​នៅ​កណ្ដាល​ទន្លេ

  • 2019-08-15 02:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាក​ជីវិត​អតីត​តារា​កំប្លែង​នៅ​ក្នុង​ក្រុម​នាយ ពែកមី គឺ​នាយ តាក់ស៊ី បាន​ប្រែប្រួល​ស្ទើរ ១៨០​ដឺក្រេ ក្រោយ​ពី​ចូល​សាង​ផ្នួស និង​លា​ចាក​សិក្ខាបទ​វិញ ដោយ​ជីវិត​នាយ​ពេល​នេះ អ្វី​ក៏​គ្មាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន​ជាមួយ​លោក ហេង ឡុង។

ស្ថានភាព​ប្រែប្រួល​ស្ទើរ​មិន​គួរ​នឹក​ស្មាន​នេះ គឺ​ដោយ​សារ​ថា លោក​បាន​លះបង់​ចោល សម្រេច​ចិត្ត​ចាកចោល​រឿង​លោកិយ ដោយ​សុខ​ចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ​ភរិយា ហើយ​ប្រគល់​ផ្ទះ លុយ​កាក់ ទ្រព្យ​សម្បត្តិ សព្វ​បែប​យ៉ាង ទៅ​ឲ្យ​ភរិយា ហើយ​នាយ បាន​ជ្រះថ្លា​ក្នុង​បំណង​ទៅ​ជ្រក​ក្រោម​ព្រះធម៌​ជា​រៀង​រហូត​ដោយ​មិន​វិល​វិញ​ឡើយ។ ងាក​ទៅ​ការងារ​ជា​តារា​កំប្លែង​របស់​ស៊ី​ធីអិន លោក​ក៏​បាន​លា​ឈប់​មុន​សម្រេច​ចិត្ត​ទៅ​សាង​ផ្នួស​ដែរ។

ប៉ុន្តែ​រស់​ជា​ភិក្ខុ​មិន​បាន​ប៉ុន្មាន​ផង ដោយ​សារ​សុខ​ភាព​មិន​អំណោយ​ផល នាយ ក៏​ត្រូវ​បង្ខំ​ចិត្ត​លា​ចាក​សិក្ខាបទ​វិញ ទាំង​ខ្លួន​កំពុង​វាយ​សង្គ្រប់​ដោយ​ជំងឺ រហូត​ដល់​ត្រូវ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ទៀត​ផង។ ជីវិត​ត្រូវ​បាន​សង្គ្រោះ​ពី​មច្ចុរាជ ប៉ុន្តែ​បញ្ហា​ដ៏​ធំ ដែល​ត្រូវ​ដោះស្រាយ​ដោយ​ចៀស​មិន​បាន​ក្នុង​ដំណើរ​ជីវិត​ពី​ពេល​នេះ​ទៅ​មុខ​ទៀត​នោះ គឺ​ត្រូវ​បីបាច់​ខ្លួន​ឯង និង​ម្ដាយ​ជរា​ម្នាក់​ដែល​មាន​វ័យ​ជាង ៧០​ឆ្នាំ​ទៅ​ហើយ ខណៈ​ពេល​នេះ នាយ​មិន​មាន​អ្វី​សោះ​ជាប់​ខ្លួន ជីវិត​ដូច​ទូក​អណ្ដែត​លើ​ទឹក​រក​គោល​ដៅ​មិន​ឃើញ។

ស្ថានភាព​នេះ សូម្បី​អតីត​ថ្នាក់​ដឹកនាំ​របស់​លោក​នៅ​ស៊ីធីអិន គឺ​លោក​តា វ៉ិចទ័រ ក៏​ធ្លោយ​មាត់​ស្រណោះ​ដែរ។ "បង​ប្អូន​សូម​កុំ​សើច​កុំ​យំ​គាត់​អី! នៅ​សល់​តែ​មួយ​វ៉ាលី​នេះ​ទេ"។ វ៉ិចទ័រ ថ្លែង។

ក្រៅ​ពី​មិន​មាន​ការងារ​ដែល​ធ្លាប់​ធ្វើ​ពី​មុន នាយ​តាក់ស៊ី សមត្ថភាព​មិន​អាច​ទៅ​ប្រកប​កិច្ចការ​អ្វី​ផ្សេង​នោះ​ទេ ដោយ​សារ​តែ​មិន​បាន​រៀន​ជ្រៅ​ជ្រះ​នោះ​ឡើយ។ នាយ​បញ្ជាក់​ថា ពេល​នេះ​មិន​ដឹង​ថា ត្រូវ​យ៉ាង​ណា​ឡើយ ក្ដី​សង្ឃឹម​តិច​តួច​ដែល​នៅ​សល់​នោះ គឺ​សង្ឃឹម​ថា នឹង​អាច​វិល​ចូល​បម្រើ​ការងារ​ជា​តារា​កំប្លែង​វិញ និង​មួយ​ទៀត សង្ឃឹម​ថា លើ​ទឹក​ចិត្ត​របស់​អតីត​ភរិយា ក្រែង​អាច​ដោះ​ទ័ល​បាន​ខ្លះ ក្នុង​ការ​បីបាច់​ខ្លួន​ឯង និង​មើល​ថែ​ម្ដាយ​ចាស់​ជរា​ផង។

និយាយ​បែប​នេះ នាយ បញ្ជាក់​ថា មិន​ចង់​លេប​សំដី​ដែល​បាន​និយាយ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទៅ​ឲ្យ​អតីត​ភរិយា ក្រោយ​ពី​ព្រមព្រៀង​ផ្ដិត​មេដៃ​ផ្ដាច់​សមគ្គសង្វាស​នោះ​ទេ គ្រាន់​តែ​សង្ឃឹម​លើ​ទឹក​ចិត្ត​សន្ដោស​ប្រណី​នាង ភីម ខ្លះ​ៗ​ប៉ុណ្ណោះ។ តាម​លោក​តា វ៉ិចទ័រ បញ្ជាក់ គឺ​លោក និង​ក្រុម​ការងារ នឹង​ហៅ​នាយ តាក់ស៊ី ទៅ​ថត​ក្នុង​កម្មវិធី "គ្រួសារ​២" វិញ។ យ៉ាង​ណា មិន​ទាន់​ដឹង​ថា នាយ​អាច​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ដូច​មុន​វិញ​បាន ឬ​អត់ គឺ​មិន​ទាន់​ដឹង​ទេ។

នាយ តាក់ស៊ី និង នាង ភីម បាន​ព្រមព្រៀង​ផ្ដិត​មេដៃ​លែងលះ​ជាមួយ​គ្នា មុន​ពេល​តារា​កំប្លែង សម្រេច​ចិត្ត​ទៅ​បួស​ដោយ​មិន​វិល​វិញ។ ប៉ុន្តែ​ក្រោយ​ពី​បាន​សឹក​វិញ​ទាំង​តក់​ក្រហល់ ដោយ​សារ​ជំងឺ​នោះ តាក់​ស៊ី មិន​អាច​វិល​ទៅ​ផ្ទះ ទៅ​រក​ប្រពន្ធ​បាន​វិញ​នោះ​ទេ ដោយ​សារ​អ្វី​ៗ​បាន​ចប់​ទៅ​ហើយ។ ដោយ​ឡែក អតីត​ភរិយា ក៏​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នាង​មិន​អាច​ទទួល​យក​នាយ តាក់ស៊ី វិញ​បាន​ទេ។

ដូច​នឹង​ពាក្យ​គេ​ថា "ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​តែ​ផ្ទះ​អ្នក​នោះ" ភីម លើក​ឡើង​ថា នាង​មាន​រឿង​ជា​ច្រើន​ដែល​មិន​អាច​ទទួល​នាយ​មក​នៅ​ជុំ​គ្នា​វិញ​បាន​ហើយ ក្នុង​នោះ​បើ​ទោះ​ជា​នាង​បើក​ផ្លូវ ក៏​នាយ តាក់ស៊ី ខ្លួន​ឯង ក៏​មិន​ហ៊ាន​ត្រឡប់​មក​វិញ​ដែរ។ បញ្ហា​នេះ តារា​កំប្លែង​ប្រុស​វិញ ក៏​បាន​បញ្ជាក់​ថា នាយ មិន​ខឹង​នឹង​អតីត​ភរិយា​នោះ​ទេ រឿង​ដែល​កើត​ឡើង សុទ្ធ​ជា​ការ​សម្រេច​ចិត្ត​របស់​លោក។

អ្វី​ដែល​លោក​រំពឹង គឺ​គ្រាន់​តែ​ចង់​បាន​ការងារ​ធ្វើ​វិញ ដើម្បី​បន្ត​រស់​កំដរ​លោកិយ​ត​ទៅ​ទៀត។ រឿង​ដែល​នៅ​សល់ គឺ​រឿង​ការ​ស្នាក់​អាស្រ័យ គឺ​​លោក​នឹង​ទៅ​ស្នាក់​នៅ​ផ្ទះ​ជួល​បាន ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ៕

អត្ថបទ៖ ទារិកា