ចេញ​រូបភាព​ក្រៅ​ឆាក​ស្ដែង​ក្នុង​រឿង "ដើម្បី​កូន" ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍

  • 2019-08-20 09:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បើក​ពិធី​ក្រុង​ពាលី​ចេញ​ថត​កាល​ពី​ថ្ងៃ​ទី ០៨ សីហា នៅ​ពេល​នេះ រឿង "ដើម្បី​កូន" របស់​លោក ហ៊ុយ យ៉ាឡេង កំពុង​សម្រុក​ថត ស្រប​ពេល​រូបភាព​នៃ​ការ​ថត(រូប​ក្រៅ​ឆាក) ត្រូវ​បាន​ទម្លាយ​ចេញ​កាល​ពី​យប់​មិញ​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។

រូបភាព​ជា​ច្រើន​សន្លឹក​នោះ គឺ​បរិយាយ​ពី​ឈុត​ឆាក​តស៊ូ​របស់​បុរស​ធាក់​ស៊ីក្លូ​ពិកា​ជើង​ម្នាក់​ដែល​មាន​ឈ្មោះ​ថា "គុណ"។ លោក ហ៊ុយ យ៉ាឡេង ដែល​បាន​បញ្ចេញ​ស៊េរី​រូបភាព​ទាំង​នេះ បាន​សរសេរ​លើ​គណនី​ហ្វេកប៊ុក​ផ្ទាល់​ខ្លួន​ថា"ថ្វី​ត្បិត​តែ​គុណ​ពិការ​ជើង​មែន តែ​គុណ​ខំ​ប្រឹង​ណាស់​ក្មួយ​អើយ ខំ​តត្រុក​ទាំង​យប់​ទាំង​ថ្ងៃ ខំ​ធ្វើការ​គ្រប់​បែប​យ៉ាង​គ្រប់​ទី​កន្លែង ក៏​ព្រោះ​តែ​ដើម្បី​កូន!”។ នេះ​ជា​សម្តី​ពិត​ពី​មិត្ត​រួម​ស៊ីក្លូ​នៅ​ផ្សារ​កណ្ដាល។

ក្រោយ​ពី​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដី​សុខ​លើ​ដំណើរ​ថត​សាច់​រឿង​ទាំង​មូល ក្រុម​ការងារ​របស់​ផលិតកម្ម "កថាជ័យ" បាន​ចេញ​ថត​នៅ​ថ្ងៃ​បន្ទាប់​ទី ០៩ សីហា។ តាម​គម្រោង​រឿង "ដើម្បី​កូន" នឹង​ចំណាយ​ពេល​ពេញ​១​ខែ​ដើម្បី​ថត និង​ពេល​ខ្លះ​ដើម្បី​សម្រួល​បច្ចេកទេស​ឲ្យ​ស្រេច​បាច់ មុន​អាច​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​យ៉ាង​យូរ នា​មុន​ដំណាច់​ឆ្នាំ ២០១៩ នេះ៕

អត្ថបទ៖ ទារិកា