Apple បញ្ជាក់ផ្លូវការអំពីការប្រកាស iPhone ខែក្រោយ លើលិខិតអញ្ជើញមានបង្កប់តម្រុយពិសេស

  • 2019-08-30 01:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​លិខិត​អញ្ជើញ​ដែល​​មាន​ប្រាប់​អំពី​​កាល​បរិច្ឆេទ​ព្រឹត្តិការណ៍​ប្រកាស​ចេញ​ផលិតផល​ថ្មី​ប្រចាំ​ចុង​ឆ្នាំ ២០១៩ ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១០ ខែ​កញ្ញា​ នៅ​សាល​មហោស្រព​ Stev Jobs ក្នុង​ទីស្នាក់ការ​ថ្មី​របស់ Apple។

ព្រឹត្តិការណ៍​នេះ​គេ​ជឿជាក់​ថា Apple នឹង​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី ហើយ​អាច​មាន​វត្តមាន​ Apple Watch ស៊េរី​ថ្មី​ផង​ដែរ។ លើ​លិខិត​អញ្ជើញ​មាន​សរសេរ​ពាក្យ "By innovation only” ហើយ​នៅ​ពី​លើ​ពាក្យ​គឺ​មាន​ឡូហ្គោ Apple ដែល​ចម្រុះ​ពណ៌ មាន​ពណ៌​ខុស​ពី​ឡូហ្គោ​ពណ៌​ឥន្ទធនូ​កន្លង​មក​របស់ Apple។

តាម​រយៈ​ឡូហ្គោ​ពណ៌​ចម្រុះ​នេះ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​សង្ស័យ​ថា​វា​អាច​តំណាង​ឲ្យ​ជម្រើស​ពណ៌​ iPhone ដែល​ចូល​មក​ជំនួស​តំណែង iPhone XR។ របាយការណ៍​ចេញ​ផ្សាយ​ខែ​ឧសភា​​បាន​ឲ្យ​ដឹង​ថា​ iPhone ដែល​ស្នង​តំណែង iPhone XR ​នឹង​មាន​ជម្រើស​ពណ៌​ស, ពណ៌​ខ្មៅ, ពណ៌​លឿង, ពណ៌​បៃតង, ពណ៌​​ស្វាយ និង​ពណ៌​ក្រហម។

រូបភាព Render នៃ​ពណ៌ iPhone XR ជំនាន់ថ្មី

ជម្រើស​ពណ៌​ស្វាយ និង​ពណ៌​បៃតង​ជា​ជម្រើស​ពណ៌​ថ្មី​សម្រាប់​ឆ្នាំ​នេះ ដែល​មក​ជំនួស​ពណ៌​ទឹកក្រូច​ និង​ពណ៌​ខៀវ​នៃ iPhone XR។ ប៉ុន្តែ​លើ​លិខិត​អញ្ជើញ​ឃើញ​​នៅ​មាន​ជម្រើស​ពណ៌​​ខៀវ​ ដែល​វា​អាច​​នឹង​បន្ត​មាន​នៅ​លើ​ iPhone XR ជំនាន់​ថ្មី។

​​​​​​​​កន្លង​ទៅ Apple តែង​តែ​បង្ហាញ​តម្រុយ​នៅ​លើ​លិខិត​អញ្ជើញ ដូច​ជា​កាល​ពី​ឆ្នាំ ២០១៧ លិខិត​អញ្ជើញ​បាន​​ក្លាយ​ជា Wallpaper សម្រាប់​ iPhone X ដែល​ជា iPhone ដំបូង​មាន​រចនាបថ​អេក្រង់​លាត​ពេញ​ផ្ទៃ៕

ចុចអាន ៖ ស្រាយ​ឲ្យអស់​ចម្ងល់​រឿងបញ្ចុះតម្លៃ iPhone XS Max មកសល់ ១៦០ ដុល្លារ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម