ណែនាំ​ឲ្យ​ស្គាល់​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម្នាក់​គេ​ឲ្យ​រហស្សនាម​ថា Robben ថ្មី

  • 2019-09-05 07:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ​ទើប​តែ​២០​ឆ្នាំ​​និង​កំពុង​​លេង​នៅ​ក្លឹប Villarreal ខ្សែ​បម្រើ​ប្រយុទ្ធ Samuel Chukwueze បាន​ក្លាយ​ជា​យុវជន​​​មាន​ទេពកោសល្យ​​​លេច​ធ្លោ​ម្នាក់​ក្នុង​ទ្វីប​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន។

ក្លឹប​ធំ​ៗ​ជា​ច្រើន​បាន​ដាក់​ការ​ចាប់​អារម្មណ៍​មក​លើ Chukwueze និង​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​តារា​ឆ្នើម​ប្រចាំ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​នា​ពេល​ខាង​មុខ។ Chukwueze ​​ចាប់​ផ្ដើម​ហាត់​បាល់​ដំបូង​​ជាមួយ​ក្រុម​យុវជន Diamond Football Academy មុន​ពេល​ផ្លាស់​មក​ហាត់​ជាមួយ​យុវជន Villarreal ក្នុង​ឆ្នាំ​២០១៧។

ក្នុង​ឆ្នាំ​២០១៨ ជា​ឱកាស​មាស​របស់​គេ​ឡើង​មក​​លេង​ឈុត Villarreal B ដោយ​ឃើញ​សមត្ថភាព​ល្អ​ក្លឹប​ក៏​បាន​ទាញ​គេ​ឡើង​​មក ​Villarreal ឈុត​ធំ​តែ​ម្ដង។ ដំណើរ​ជីវិត​របស់ Chukwueze មុន​នឹង​ក្លាយ​ជា​កីឡាករ​អាជីព​សព្វថ្ងៃ​ក៏​មិន​ងាយ​ស្រួល​ដែរ ពោល​គ្រួសារ​​បាន​រារាំង​​គេ​មិន​ឲ្យ​លេង​បាល់​ឡើយ ព្រោះ​ចង់​ឲ្យ​ផ្ដោត​លើ​ការ​សិក្សា។ ដោយ​សារ​មិន​ស្ដាប់​បង្គាប់ គ្រា​មួយ​​ពូ​របស់​គេ​បាន​លួច​យក​​ស្បែក​ជើង និង​សម្ភារៈ​ទាត់បាល់​របស់​គេ​យក​ទៅ​ដុត​ចោល​។

ព្រោះ​ចិត្ត​កូន​ស្រឡាញ់​ខ្លាំង​ទៅ​ហើយ ម្ដាយ​របស់ Chukwueze ក៏​ព្រម​ឲ្យ​កូន​ចូល​ហាត់​បាល់​តាម​បំណង​ប្រាថ្នា។ ការ​ខិតខំ​របស់ Chukwueze ពិត​ជា​មិន​ខក​បំណង រហូត​ក្លាយ​ជា​យុវជន​ឆ្នើម​ម្នាក់​។ ក្នុង​វ័យ​១៨​ឆ្នាំ​​មាន​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​​ជា​ច្រើន​ចង់​បាន​គេ​យក​មក​លេង​ក្នុង​នោះ​មាន Porto, Sporting និង Arsenal ជា​ដើម ប៉ុន្តែ​ចុងក្រោយ​គេ​សម្រេច​ចិត្ត​មក ​Villarreal។

ចំពោះ​តារា​ក្នុង​ចិត្ត​របស់ Chukwueze គឹ​កីឡាករ​ហូឡង់​ Arjen Robben។ កីឡាករ​ទាំង​ពីរ​រូប​នេះ​ជំនាញ​ជើង​ឆ្វេង​ដូច​គ្នា ចំពោះ​ការ​រត់​និង​ស្ទីល​លេង​ក៏​ស្រដៀង​គ្នា ទើប​ធ្វើ​ឲ្យ​គេ​ដាក់​រហស្សនាម Chukwueze ​ថា​ជា Robben ថ្មី៕ ​​​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ