អ្នកផ្សងព្រេងពីររូប ត្រូវជាប់គុកនៅអ៊ីរ៉ង់ ព្រោះបង្ហោះកាមេរ៉ាដ្រូន
- 2019-09-16 03:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកផ្សងព្រេងពីររូប ត្រូវជាប់គុកនៅអ៊ីរ៉ង់ ព្រោះបង្ហោះកាមេរ៉ាដ្រូន
ចន្លោះមិនឃើញ
គូស្នេហ៍ពីររូបមកពីប្រទេសអូស្ត្រាលី ដែលតែងផលិតវីដេអូដំណើរកម្សាន្តដាក់បង្ហោះលើអ៊ីនធឺណិត ជាពិសេស YouTube ស្រាប់តែបានបាត់មុខពីអ៊ីនធឺណិតនៅក្នុងខែមិថុនា ហើយពេលនេះគេដឹងថាពួកគេកំពុងជាប់ឃុំនៅក្នុងពន្ធនាគារមួយនៅអ៊ីរ៉ង់។
គូស្នេហ៍ដែលមានឈ្មោះថា Jolie King និង Mark Firkin ត្រូវបានសមត្ថកិច្ចអ៊ីរ៉ង់ចាប់ខ្លួន នៅក្នុងខែកក្កដា បន្ទាប់ពីបានបង្ហោះកាមេរ៉ាដ្រូន ដោយមិនមានការអនុញ្ញាតត្រឹមត្រូវ។ គួរដឹងថាអ្នកទាំងពីរ បានលាឈប់ពីការងារ កាលពីពីរឆ្នាំមុន ដើម្បីធ្វើដំណើរកម្សាន្តពេញម៉ោង និងដើម្បីចាប់ផ្ដើមផលិតវីដេអូសម្រាប់គណនី The Way Overland របស់ពួកគេ។
ពួកគេមានគម្រោងថានឹងធ្វើដំណើរកម្សាន្តឥតឈប់ឈរនៅប្រទេសចំនួន ៣៦ ប្រទេស ចាប់ពីអូស្ត្រាលី ដល់ចក្រភពអង់គ្លេស ហើយពួកគេទើបតែបានបញ្ចេញវីដេអូភាគទី ៦០ លើគណនី YouTube ចែករំលែកអំពីទេសភាពស្អាតៗនៅប៉ាគីស្ថាន រួចហើយគណនីរបស់ពួកគេក៏ស្ងាត់ច្រៀប។
ក្រុមគ្រួសារ និងអ្នកគាំទ្របានបង្ហាញពីក្ដីព្រួយបារម្ភ មិនដឹងថាមានអ្វីកើតឡើង រហូតដល់ពេលសារព័ត៌មាន Manoto News បានរាយការណ៍ថា Firkin និង King ត្រូវបានចាប់ខ្លួនដោយសារបង្ហោះដ្រូន ក្បែរទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ Evin ជាទីកន្លែងដែលអ៊ីរ៉ង់ ឃុំឃាំងអ្នកទោសនយោបាយតាំងពីឆ្នាំ ១៩៧២។
ការលើកឡើងរបស់សារព័ត៌មានខាងលើបានឲ្យដឹងថា ៖ "សវនាការកាត់ក្ដីសំណុំរឿងពួកគេមិនទាន់បានធ្វើឡើងនោះទេ ហើយក៏មិនច្បាស់ថាអ៊ីរ៉ង់ចង់បានអ្វីពីការចាប់ខ្លួននេះទេ ដោយសារតុលាការមិនបាននិយាយអ្វីនោះទេ”។
មានការរាយការណ៍ថារដ្ឋាភិបាលអូស្ត្រាលី កំពុងធ្វើការធ្វើការជារដ្ឋាភិបាលអ៊ីរ៉ង់ ដើម្បីឲ្យដោះលែងគូស្នេហ៍នេះ ប៉ុន្តែផ្អែកតាមវិបសាយ Gizmodo អ្នកជំនាញបានព្រមានថា King និង Firkin អាចនឹងត្រូវជាប់ឃុំយូរអង្វែង គ្មានថ្ងៃកំណត់ត្រូវដោះលែង៕
ចុចអាន ៖ ចង់ក្លូនមនុស្សតាមកម្មវិធី Photoshop និង Premiere Pro ងាយចឹងទេ!