ក្រុមហ៊ុន EZECOM ផ្តល់​ប្រាក់ ២០លានរៀល ជួយទ្រទ្រង់មន្ទីរពេទ្យ​កុមារ​អង្គរ

  • 2019-09-17 02:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​សុក្រ​ទី ១៣ កញ្ញា កន្លង​ទៅ លោក ថាន ថេន នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន EZECOM រួម​នឹង​ក្រុម​ការងារ​បាន​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​នាំ​យក​ទឹក​ប្រាក់​បរិច្ចាគ​ចំនួន ២០ ​លានរៀល អាវ​យឺត មួក និង​ប៊ិច​មួយ​ចំនួន​ធំ ក្រោម​គម្រោង EzeCare។

ក្រុម​ការងារ​របស់​ក្រុមហ៊ុន EZECOM បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់ លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយក​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​លោក​វេជ្ជបណ្ឌិត​ក៏​បាន​សំណេះសំណាល​ជា​មួយ​តំណាង​ក្រុមហ៊ុន និង​ដឹក​នាំ​ដំណើរ​ទស្សនកិច្ច​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ផង​ដែរ។ ក្រុម​ការងារ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​ក្រុមហ៊ុន EZECOM ដែល​បាន​ចូលរួម​ទ្រទ្រង់​ការ​ព្យាបាល​កុមារ​ប្រកប​ដោយ​ក្ដី​មេត្តា​ករុណា និង​ឥត​គិត​ថ្លៃ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

លោក ថាន ថេន នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ថា “កុមារ​គឺ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ​យើង ដូច្នេះ​ វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ដែល​យើង​ទាំង​អស់​គ្នា យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​របស់​កុមារ​គ្រប់រូប។ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​និង​កំពុង​បំពេញ​បេសកកម្ម​យ៉ាង​សំខាន់ ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិតថ្លៃ ដែល​បាន​សង្គ្រោះ​ជីវិត និង​ដោះ​ស្រាយ​វិបត្តិ​សម្រាប់​គ្រួសារ​កម្ពុជា​ជា​ច្រើន ជា​ពិសេស​គ្រួសារ​ដែល​ខ្វះ​លទ្ធភាព​ព្យាបាល។”

លោក​បាន​បន្ថែម​ថា ៖ “ការ​នាំ​យក​ទឹក​ប្រាក់​មក​បរិច្ចាគ​ជូន​ដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃនេះ គឺ​ជា​ការ​ចូលរួម​ចំណែក​មួយ​បន្ថែម​ទៀត ពី​ក្រុមហ៊ុន EZECOM ដែល​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។ EZECOM មិន​ត្រឹម​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យឯកជន តាម​រយៈ​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​គុណភាព​ខ្ពស់​កម្រិត​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម ជា​ពិសេស​ក្នុង​វិស័យ​អប់រំ បច្ចេកវិទ្យា សុខាភិបាល និង​បរិស្ថាន ស្រប​តាម​គោលការណ៍ CSR របស់​យើង។”

“តាម​រយៈ​គម្រោង EzeCare ដែល​យើង​បាន​ផ្ដួចផ្ដើម​ក្នុង​ឆ្នាំ ​២០១៩ នេះ ក្រុមហ៊ុន EZECOM នឹង​ពង្រីក​វិសាលភាព​នៃ​សកម្មភាព​សង្គម​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត ដើម្បី​ជ្រោមជ្រែង​សហគមន៍​នានា​នៅ​កម្ពុជា ដែល​ត្រូវ​ការ​ជំនួយ​ខ្លាំង​បំផុត។ គម្រោង EzeCare គឺ​ជា​គម្រោង​ថ្មី​របស់ EZECOM ដែល​នឹង​រៀប​ចំ​ជា​រៀងរាល់​ឆ្នាំ ហើយ​នៅ​ឆ្នាំ​នី​មួយៗ យើង​នឹង​ធ្វើ​យុទ្ធនាការ​អ្វី​មួយ ដើម្បី​លើក​ស្ទួយ​សហគមន៍​កម្ពុជា តួ​យ៉ាង ដូច​ជា​ការ​គាំទ្រ​និង​លើក​កម្ពស់​មន្ទីរ​ពេទ្យ​កុមារអង្គរ ដែល​យើង​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​នេះ។”

​យុទ្ធនាការ​នៃ​គម្រោង EzeCare ដែល​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ មិន​គ្រាន់​តែ​ជា​ការ​បរិច្ចាគ​ទឹក​ប្រាក់ ២០លាន ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន​បាន​ផលិត​វីដេអូ​ខ្លី និង​មាតិកា​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​ដ៏​សំខាន់​របស់​មន្ទីរពេទ្យ​ក្នុង​ការ​ផ្ដល់​ការ​ព្យាបាល​កុមារ​ប្រកប​ដោយ​ក្តី​មេត្តា​ករុណា និង​ឥត​គិត​ថ្លៃ ក៏​ដូច​ជា​អំពាវនាវ​​ឲ្យ​សាធារណជន​ចូលរួម​គាំទ្រ និង​បរិច្ចាគ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ពឹង​ផ្អែក​ជា​ខ្លាំង​លើ​ជំនួយ​ពី​សប្បុរសជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដើម្បី​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន។

​សម្រាប់​បង​ប្អូន​ដែល​ចង់​ស្វែង​យល់​បន្ថែម និង​តាមដាន​ជា​មួយ​គម្រោង EzeCare សូម​ចូល​ទៅ Like ផេច​ហ្វេស​ប៊ុក​របស់ EZECOM (facebook.com/ezecom) និង​សូម​ចូលរួម​បរិច្ចាគ​ថវិកា​មក​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរ តាម​រយៈ​វិបសាយ​ www.angkorhospital.org និង​លេខ​ទូរសព្ទ 063 963 409 ។

វីដេអូ​អំពី​គម្រោង EzeCare ឆ្នាំ​ ២០១៩៖

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី