ស្ថាបនិកផ្សារអនឡាញថ្មីមួយប្រាប់មូលហេតុប្រលូកជំនួញឌីជីថល បើទោះមានការប្រកួតប្រជែងខ្លាំង
- 2019-09-17 03:00:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកផ្សារអនឡាញថ្មីមួយប្រាប់មូលហេតុប្រលូកជំនួញឌីជីថល បើទោះមានការប្រកួតប្រជែងខ្លាំង
ចន្លោះមិនឃើញ
មួយរយៈពេលចុងក្រោយនេះ ទីផ្សារឌីជីថលនៅកម្ពុជា ហាក់ដូចជាកំពុងហក់ឡើងគួរឲ្យគត់សម្គាល់ ដោយសារតែមានសហគ្រិនជាច្រើនរូបបានផ្លាស់ប្ដូរទស្សនៈវិស័យពីការធ្វើជំនួញបែបជីវិតពិត ទៅជាការធ្វើជំនួញក្នុងពិភពអនឡាញវិញម្តង។
ក្នុងនោះ លោក ធាប សុវណ្ណារ៉េត ក៏ជាមនុស្សម្នាក់ ដែលទើបតែបង្កើតកម្មវិធីទូរស័ព្ទដៃទិញទំនិញថ្មីមួយ មានឈ្មោះថា Smile Shop ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនចាប់ពីអាយុចាប់ពី ១៨ ឆ្នាំ ទៅ ៣៥ ឆ្នាំ។
លោកបានប្រាប់មកកាន់ Sabay ថាមូលហេតុដែលលោកចាប់ផ្ដើមធ្វើអាជីវកម្មឌីជីថល ព្រោះលោកចង់ជួយប្រជាពលរដ្ឋខ្មែរក្នុងការសន្សំសំចៃពេលវេលា និងលុយកាក់របស់ពួកគាត់ ហើយជាពិសេសនោះ គឺ ពួកគាត់អាចទិញទំនិញដែលមានគុណភាពល្អ និងមានតម្លៃសមរម្យ ដោយគ្រាន់តែប្រើទូរស័ព្ទដៃប៉ុណ្ណោះ។
លោកថា ៖«បេសកកម្មរបស់ពួកយើងគឺចង់ក្លាយជាអាជីវកម្មអនឡាញ ដែលអតិថិជនជឿជាក់បំផុតក្នុងប្រទេសកម្ពុជា។យើងចង់ក្លាយជាអាជីវកម្មអនឡាញ ដែលមានបែបផែនស្រដៀងទៅនឹងក្រុមហ៊ុន Amazon »។
ហើយមូលហេតុមួយទៀត ដែលជំរុញឲ្យលោក បង្កើតអាជីវកម្មអនឡាញនេះ គឺដោយសារលោកមើលឃើញពីកំណើននៃការប្រើប្រាស់ទូរស័ព្ទដៃក្នុងការទិញទំនិញអនឡាញកាន់តែច្រើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជា ហើយប្រជាជនខ្មែររាប់លាននាក់ចូលចិត្តចំណាយពេលវេលាជាមួយទូរស័ព្ទដៃរបស់ពួកគេ ជាពិសេសគឺយុវវ័យតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ ស្ថាបនិករូបនេះ បានបញ្ជាក់ថា បញ្ហាប្រឈមនៅតែកើតមានឡើង ចំពោះអាជីវកម្មវិស័យអនឡាញ ពេលទើបតែចាប់ផ្ដើមដំបូង តែក្រុមហ៊ុនរបស់លោកមានលក្ខណៈខុសប្លែកពីក្រុមហ៊ុនដទៃ។
លោកថា ៖«ស្មាយិ៍សប (Smile Shop) មិនត្រឹមតែជាកម្មវិធីទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនទិញទំនិញមានគុណភាពល្អនោះទេ តែវាក៏ជាកម្មវិធីទូរស័ព្ទដៃទី ១ ដែលផ្ដល់បទពិសោធន៍ទិញទំនិញល្អ ងាយស្រួល និងរហ័សទាន់ចិត្ត។
លោកបន្ថែមថា ៖« ពួកយើងក៏មានផ្ដល់សេវាកម្មធានាមួយចំនួនក្រោយពេលអតិថិជនទិញទំនិញនីមួយៗដូចជា ,អតិថិជនអាចយកទំនិញមកប្ដូរយកថ្មីវិញក្នុងរយៈពេល ៧ថ្ងៃ ,សេវាកម្មសងប្រាក់វិញក្នុងរយៈពេល ១៥ ថ្ងៃ, និងមានផ្ដល់សេវាកម្មធានាទៅលើគុណភាពរហូតដល់ទៅ ២ ឆ្នាំសម្រាប់ទំនិញមួយចំនួន។ មានន័យថាអតិថិជនរបស់យើងអាចទិញទំនិញដោយមិនបាច់ខ្វល់ខ្វាយអ្វីទាំងអស់ជាមួយស្មាយិ៍សប (Smile Shop)»។
បញ្ជាក់ផងដែរថា អតិថិជន ដែលមានបំណងជាវទំនិញអនឡាញតាម Smile Shop អាចទូទាត់ប្រាក់បានតាមរយៈ AliPay, PiPay, Wing, Visa & Master Card និងសេវាកម្មអនឡាញរបស់ធនាគារ ABA៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុកផេក Smile Shop៕