Apple ខំ​អស់​សមត្ថភាពហើយ ក្នុងការបន្ថយតម្លៃ iPhone 11

  • 2019-10-02 02:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ Apple លោក Tim Cook កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប ដោយ​បាន​ទៅ​កាន់​ Apple Store និង​​បាន​ជួប​ដៃ​គូ​សំខាន់ៗ​ដូច​ជា​ Ubisoft, Pastagames និង Blinkist ជា​ដើម។ ក្នុង​ឱកាស​នេះ​លោក​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​អាល្លឺម៉ង់​អំពី​យុទ្ធសាស្ត្រ​ធ្វើ​ជំនួញ និង​អំពី​ផលិតផល។

​​Apple បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​នៅ​ពេល​ដាក់​លក់ iPhone 11 ក្នុង​តម្លៃ​ទាប​ជាង iPhone XR កាល​ពី​ឆ្នាំ​មុន។ ទាក់​ទង​នឹង​តម្លៃ​នេះ​​លោក Tim Cook បាន​លើក​ឡើង​ថា ៖ "យើង​តែង​តែ​ព្យាយាម​រក្សា​តម្លៃ​ឲ្យ​ទាប​តាម​ដែល​អាច​ទៅ​រួច ហើយ​ជា​សំណាង​យើង​អាច​​បន្ថយ​តម្លៃ​ iPhone នៅ​ក្នុង​ឆ្នាំ​នេះ​បាន”។

គួរ​ដឹង​ថា​ក្នុង​កិច្ច​សម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ជា​មួយ Bild Daily លោក Tim Cook បាន​បង្ហាញ​ថា​ iPhone 11 ​កំពុង​មាន​ការ​​គាំទ្រ​ខ្លាំង ហើយ​​ថែម​ទាំង​ថា​សប្បាយ​ចិត្ត​ខ្លាំង​នឹង​ការ​ចេញ​លក់ iPhone ជំនាន់​ថ្មី។ ​

និយាយ​ដល់​សេវាកម្ម​ AppleTV+ វិញ លោក​នាយក​រូប​នេះ​​លើក​ឡើង​ថា​​មុខ​ជំនួញ​ថ្មី​នេះ មិន​មែន​​បង្កើត​ឡើង​ដើម្បី​ប្រកួត​ជា​មួយ Netflix ឬ​សេវាកម្ម​ដទៃ​ទៀត។ លោក​បាន​និយាយ​ថា ៖ "ខ្ញុំ​មិន​គិត​គូ​ប្រជែង​ខ្លាច​ពួក​យើង​នោះ​ទេ ចំពោះ​វិស័យ​វីដេអូ​គឺ​វា​មាន​ភាព​ខុស​ប្លែក។ វា​មិន​មែន​ថា​ Netflix ឈ្នះ ​ហើយ​យើង​ចាញ់​នោះ​ទេ ឬ​យើង​ឈ្នះ​ហើយ​ពួក​គេ​ចាញ់​នោះ​ទេ។ មនុស្ស​ជា​ច្រើន​ប្រើ​សេវាកម្ម​ច្រើន​មុខ​ ហើយ​យើង​គ្រាន់​តែ​ចង់​ក្លាយ​ជា​មួយ​ក្នុង​ចំណោម​នោះ​​”៕

ចុចអាន ៖ iPhone 11 តម្លៃចាប់ពី ៩២០ ដុល្លារ ត្រូវប៉ាន់ខ្លាំងនៅឥណ្ឌា

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង