ជិះផង! រត់ផង! នៅលើភ្នំបូកគោដើម្បីសុខភាពនិងសប្បុរសធម៌

  • 2019-10-09 12:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការហាត់ប្រាណជារឿងល្អមួយសម្រាប់សុខភាពរបស់មនុស្សយើង តែបើការហាត់ប្រាណបានទាំងសុខភាពនិងបានចំរើនដល់សង្គមទៀត វាជារឿងមួយសម្រាប់ខ្លួនឯងនិងប្រទេសជាតិផ្ទាល់តែម្តង។ កម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនិងប្រណាំងកង់លើកទី៦ជាកម្មវិធីដែលបានទទួលប្រយោជន៏ទាំងអស់នេះ។ កម្មវិធីសប្បុរសធម៌ធ្វើឡើងនៅភ្នំបូកគោ ខេត្តកំពត ចាប់ពីថ្ងៃ ទី២៦-២៧ ខែតុលា ឆ្នាំ ២០១៩។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនិងប្រណាំងកង់លើកទី៦នេះ ផ្តល់ ឱកាសដ៏មានអត្ថន័យដល់អ្នកចូលរួមទាំងអស់ ដោយពួកគេបានរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយទន្ទឹមនឹងនេះដែរអ្នកចូលរួមក៏នឹងទទួលបាននូវបទពិសោធន៏ពិសេសដ៏រីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
ព្រឹត្តិការណ៍សប្បុរសធម៌នេះគឺបើកចំហសម្រាប់ទាំងជនបរទេសនិងប្រជាជនកម្ពុជា ដោយមិនកំណត់ពីអាយុ សម្រាប់ការរត់ប្រណាំង (Fun Run) ហើយចំពោះអ្នកចូលរួមប្រណាំងកង់គឺតម្រូវឲ្យមានអាយុចាប់ពី៩ឆ្នាំឡើងទៅ។

ចំពោះកម្មវិធីប្រណាំងកង់គឺនឹងប្រព្រឹត្តិនៅថ្ងៃសៅរ៍ទី២៦ខែតុលា មានចម្ងាយផ្លូវ៤ប្រភេទខុសៗគ្នា មានដូចជា៖

  1. ចម្ងាយ ១០គ.ម អ្នកចូលរួមត្រូវបានអាយុចន្លោពី៩-១៣ឆ្នាំ តម្លៃចុះឈ្មោះចាប់ពី៧-១២ ដុល្លារ
  2. ចម្ងាយផ្លូវ ១៧ គ.ម អ្នកចូលរួមត្រូវមានអាយុចាប់ពី១៤ឆ្នាំឡើង ថ្លៃចុះឈ្មោះចាប់ពី១២-២៧ដុល្លារ
  3. ចម្ងាយ ៣៤ គ ម អ្នកចូលរួមត្រូវមានអាយុចាប់ពី១៤ឆ្នាំឡើង ថ្លៃចុះឈ្មោះចាប់ពី១២-២៧ដុល្លារ ដូចទៅនិងចម្ងាយ១៧ គ.មដែរ។
  4. ចម្ងាយ៥១ គ.ម អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ថ្លៃចុះឈ្មោះសម្រាប់ជនបរទេសតម្លៃ៣២ដុល្លារ និងជនជាតិខ្មែរ តម្លៃ ២២ដុល្លារ។

ចំពោះការរត់ប្រណាំងវិញនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៧ ខែតុលា ដោយរត់ពាក់កណ្ដាលម៉ារ៉ាតុង ដែលមានបីវិញ្ញាសារចម្ងាយ៖

  1. ចម្ងាយ ២១គម បេក្ខជនត្រូវមានអាយុចាប់ពី១៦ ឆ្នាំឡើងទៅ ថ្លៃចុះឈ្មោះ៣២ដុល្លារសម្រាប់ជនបរទេស និង២២ដុល្លារសម្រាប់ប្រជាជនខ្មែរ។
  2. ចម្ងាយ១០គម ត្រូវមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ ហើយថ្លៃចុះឈ្មោះគឺ ២៧ ដុល្លារសម្រាប់ជនបរទេស និង១៧ ដុល្លារសម្រាប់ប្រជាជនខ្មែរ។
  3. ចម្ងាយ៥ និង ៣គម អ្នកចូលរួមគឺមិនគិតពីអាយុ ហើយថ្លៃចុះឈ្មោះគឺចាប់ពី ៧-១៧ ដុល្លារ។ ជ័យលាភីនៃការរត់ប្រណាំង នឹងប្រណាំងកង់ នឹងទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដោយឡែកអ្នកចូលរួមរង់និងជិះកង់ទាំងអស់ក៏នឹងទទួលបានមេដាយអនុស្សាវរីយ៍ ព្រះមុនីវង្សបូកគោម៉ារ៉ាតុង ម្នាក់មួយផងដែរ។

សម្រាប់អ្នកចូលក៏មានជម្រើសក្នុងការស្នាក់តាមលទ្ធភាព របស់ខ្លួនដូចជានៅសណ្ឋាគារឋានសួគ៌សុខាបូកគោ ស្នាក់នៅតាមរយៈការបោះតង់ ឬនៅ Bokor Inn ជាមួយនឹងតម្លៃសមរម្យ។ ចំណែកឯនៅពេលយប់គឺមានការប្រគំតន្ត្រី ដើម្បីញុំងឱ្យព្រឹត្តិការណ៍នោះកាន់តែសប្បាយរីករាយទ្វេឡើង។ ភ្នំបូកគោគឺជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដោយសារតែវាមានទេសភាពដ៏អស្ចារ្យ នៃផ្ទាំងថ្ម ប្រាសាទ វាលស្រែ ៥០០ ផ្កាបំពង់ក្រឡោម និងពពកវិលជាដើម។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៦ ៦១៦ ១២៦ ។ ឬអ៊ីមែល: dos.corp@sokhahotels.com និង គេហទំព័រ www.bokormarathon.com.kh/ ៕

អត្ថបទ៖ Khun Pisith