កាសែត​ភាសា​ម៉ាឡេ​ចំណាស់​ជាង​គេ បិទ​ទ្វា​​រដោយ​សារ​បញ្ហា​ទាំង​នេះ

  • 2019-10-09 11:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសែត​ភាសា​ម៉ាឡេ​របស់​ប្រទេស​ម៉ាឡេស៊ី Utusan Malaysia ត្រូវ​បាន​បិទ​ទ្វារ​ភ្លាម​ៗ ដែល​បណ្ដាល​ឲ្យ​បុគ្គលិក ៨០០នាក់​បាត់បង់​ការងារ​។ ​ការ​បញ្ឈប់​ការ​បោះ​ពុម្ព​នេះ​ដោយ​សារ​តែ ការ​ធ្លាក់ចុះ​នៃ​ចំនួន​អ្នក​អាន និង​ប្រាក់​ចំណូល​បាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម។

កាសែត​នេះ​បាន​បិទ​ទ្វារ​ ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​បុគ្គលិក​របស់​ខ្លួន​ទេ ប៉ុន្តែ​នឹង​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​សំណង ការ​ផ្ដាច់​កុងត្រា ព្រម​ទាំង​ការ​ពន្យារ​ប្រាក់ខែ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Mohamad Taufek Abdul Razak ថ្នាក់ដឹកនាំ​កាសែត​នេះ។

កាសែត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣៩ ដោយ​លោក​ Yusof Ishak (អនាគត​ប្រធានាធិបតី​ទី១ របស់​សិង្ហបុរី)។ ក្រោយ​មក​កាសែត​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​អង្គការ​ជាតិ​ម៉ាឡេ​ (UMNO) ដែល​ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ពី​ឆ្នាំ១៩៥៧ រហូត​ដល់​ឆ្នាំ២០១៨។

Utusan Malaysia ធ្លាប់​លក់​កាសែត​មួយ​ថ្ងៃ​ៗ​ជា​មធ្យម​ ៣៥ម៉ឺន​ច្បាប់ អំឡុង​ទសវត្ស​ទី៩០។ យ៉ាងណាមិញ ចាប់​តាំង​ពី​គណបក្ស UMNO ចាញ់​ឆ្នោត​នៅ​ឆ្នាំ២០១៨​មក កាសែត​នេះ​ហាក់​ដូច​ជា​ធ្លាក់​ចំណូល​យ៉ាង​គំហុក៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ហ៊ីម រស្មី