បង្ហាញមុខហើយ! ទូរសព្ទសាកថ្មលឿនជាងគេក្នុងលោក

  • 2019-10-10 08:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​OPPO បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​​កាល​ពី​ខែ​មុន នៅ​ពេល​បង្ហាញ​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជាង​គេ​ក្នុង​សហគ្រាស​ស្មាតហ្វូន​ដែល​មាន​កម្លាំង​សាក​ដល់​ទៅ ៦៥ វ៉ាត់​ឯណោះ។ នៅ​ថ្ងៃ​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ OPPO Reno Ace ជា​ស្មាតហ្វូន​ដំបូង​មាន​ប្រើ​បច្ចេកវិទ្យា​នេះ។

Reno Ace បាន​ប្រកាស​ចេញ​នៅ​ក្នុង​ប្រទេស​ចិន ដែល OPPO ថា​ថ្ម​ទំហំ ៤០០០ mAh របស់​វា​ អាច​សាក​បាន​ពេញ​ក្នុង​ពេល​តែ ៣០ នាទី។ ជាក់​ស្ដែង​ទៅ​ សាក​ ៥ នាទី អាច​ឡើង​ថ្ម​បាន​​ពី ០ ដល់ ២៧%។

​ស្មាតហ្វូន​ OPPO នេះ​ក៏​មាន​គ្រឿង​ខ្លាំង​កប់​ផង​ដែរ ដោយ​មាន​បន្ទះ​ឈីប Snapdragon 855+ ប្រើ RAM ទំហំ ៨GB ឬ ១២GB មាន​អង្គ​ផ្ទុក ១២៨GB ឬ ២៥៦GB និង​ប្រើ​បច្ចេកវិទ្យា​ UFS 3.0 ទៀត​ផង។ អេក្រង់​មាន​ទំហំ ៦,៥ អ៊ីញ ប្រភេទ AMOLED មាន​ Refresh Rate ៩០ ហឺត ប៉ុន្តែ​មិន​ប្រើ​រចនាបថ​អេក្រង់​ពេញ​នោះ​ទេ ដោយ​ប្រើ​ការ​ឌីហ្សាញ​ក្បាល​ឆក​សម្រាប់​ដាក់​កាមេរ៉ា Selfie ទំហំ ១៦ MP។

និយាយ​ដល់​កាមេរ៉ា Reno Ace មាន​កាមេរ៉ា​មេ ៤៨ MP (Sensor IMX586) កាមេរ៉ា Ultra-Wide កម្រិត ៨MP កាមេរ៉ា Telephoto កម្រិត ១៣MP 5X Hybrid Zoom និង​កាមេរ៉ា​ស​ខ្មៅ​កម្រិត ២MP។ មុខងារ​ពិសេស​ដទៃ​រួម​មាន​ Game Boost 2.0 សម្រាប់​លេង​ហ្គេម​រលូន ប្រើ​ ColorOS 6.1 រន្ធ​កាស ៣,៥ mmm NFC និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់។

OPPO Reno Ace លក់​នៅ​ចិន​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៥០ ដុល្លារ (៨GB/១២៨GB) តម្លៃ​ប្រមាណ ៤៧៨ ដុល្លារ (៨GB/២៥៦GB) និង​តម្លៃ​ប្រមាណ ៥៣៤ ដុល្លារ (១២GB/២៥៦GB)៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម