អាជ្ញាកណ្តាលធ្លាប់កាត់ក្តីឲ្យ​ ប៉ាគីអាវ​-ផ្លយ លោក Tony Weeks នឹងមកកាត់ក្តីនៅ MAS FIGHT KUN KHMER

  • 2019-10-11 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាកណ្តាលលំដាប់ពិភពលោក Tony Weeks ដែលជាអាជ្ញាកណ្តាលធ្លាប់កាត់ក្តីឲ្យការប្រកួតកីឡាករ Manny Pacquiao, Floyd Mayweather, Timothy Bradley និងកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនរូបទៀត នឹងមកកាត់ក្តីនៅសង្វៀន ម៉ាសហ្វៃ គុនខ្មែរ នៅកម្ពុជា នាថ្ងៃ២៧ តុលា ខាងមុខនេះ។

លោក Tony Weeks ពេលកាត់ក្តីគូ Floyd Mayweather, រូបថត​៖​ Getty​ Images
លោក Tony Weeks ពេលកាត់ក្តី​ Pacquiao ប្រកួតជាមួយ Bradley រូបថត​៖​ Getty​ Images

បើតាមអ្នកតំណាងកម្មវិធី MAS FIGHT ប្រចាំកម្ពុជា លោក Tommy បានប្រាប់ឲ្យដឹងថា បើតាមការរៀបចំរបស់ MAS FIGHT ប្រចាំហុងកុង លោក Tony Weeks នឹងមកកាត់ក្តីគូរវាង ប៊ូ ខាវ ប្រកួតជាមួយកីឡាករចិន យុន ប៊ិន តែមួយគូប៉ុននោះ។ លោក Tommy បន្ថែមថា លោកបានធ្វើលិខិតស្នើសុំទៅ MAS FIGHT ប្រចាំហុងកុងរួចហើយ ឲ្យជួយចរចារឲ្យលោក Tony Weeks ចូលកាត់ក្តីឲ្យគូសងសឹងរបស់កីឡាករកម្ពុជា កែវ រំចង់ និងកីឡាករថៃ ឆាងភឿក ជេស្តា មួយគូទៀត តែរហូតមកដល់ពេលនេះនៅមិនទាន់បានចម្លើយនៅឡើយទេ។

ព្រឹត្តិការណ៍ប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា ខាងមុខនេះមាន១០គូ ក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស និងបរទេសជាមួយបរទេសមានចំនួន ៧គូ។ ម៉ាសហ្វៃ គុនខ្មែរ ជាការប្រកួតប្រដាល់សេរី មានតែមួយទឹករយ: ៩នាទី មានតែអាជ្ញាកណ្តាល ១រូប មិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន៏យថាលទ្ធផលស្មើគ្នា៕

អត្ថបទ៖ លន ហ្សាឌីណា