អបអរ! កូនខ្មែរ ២៧០នាក់ស្រលាញ់ការសិក្សាតែខ្វះលទ្ធភាព ឥលូវទទួលបានអាហារូបករណ៍ពីអេសស៊ីជីហើយ

  • 2019-10-11 03:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិលមិញ ក្រុមហ៊ុន អេសស៊ីជី ដែល​ឈាន​មុខ​គេ​ផ្នែក​សម្ភារ​សំណង់​នៅ​អាស៊ាន បាន​រៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​អាហារូបករណ៍​ជា​ផ្លូវ​ការ ជូន​សិស្ស​និស្សិត​ក្រី​ក្រ​កម្ពុជា ចំនួន​២៧០នាក់ ដែល​​មាន​ជា​​ទឹកប្រាក់​សរុប​ចំនួន ៦២០០០ដុល្លារ។

នេះ​ជា​ឆ្នាំ​ទី ៦ ហើយដែល ​អេសស៊ីជី ​បាន​បង្កើ​ត​ឲ្យ​មាន​​កម្មវិធី «SCG ចែក​រំលែក​ក្តី​សុបិន» នៅ​កម្ពុជា ក្នុង​​​គោល​បំណង​ចង់​ផ្តល់​ឱកាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​សិស្ស​ដែល​មាន​អាកប្បកិរិយា​ល្អ និង​ជួយ​ពួក​គាត់​ឲ្យ​សម្រេច​នូវ​បំណង​ប្រាថ្នា​ក្នុង​​ការ​សិក្សា​របស់​ខ្លួន។ កម្មវិធី​នេះ​លេច​ឡើង​ក្រោម​កិច្ច​សហការ​គ្នា​រវាង​ក្រុមហ៊ុន អេស​ស៊ីជី និង​ ក្រសួងអប់រំ យុវជន និង​កីឡា ព្រមទាំង​ស្ថាន​ទូត​ថៃ។

ព្រឹត្តិការណ៍​ដ៏​រំភើប​រីករាយ​នេះ​​មានការ​ចូលរួម​ជា​អធិបតីភាព ដោយ​ ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា, ​ឯកឧត្តម​ Panyarak Poolthup ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជា​ណាចក្រថៃ ប្រចាំ​កម្ពុជា ,និង​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​ជា​ច្រើន​រូប​របស់​ក្រុមហ៊ុន SCG។

លោក​ Paramate Nisagornsen អគ្គនាយក​រង​អាជីវកម្ម​ក្នុង​តំបន់​​នៃ​ក្រុមហ៊ុន​សម្ភារ​សំណង់ អេសស៊ីជី​ បាន​ឲ្យ​ដឹង​ថា​៖ «​ អេស ស៊ីជី នៅ​តែ​បន្ត​នូវ​កម្មវិធី អេសស៊ីជី​ ចែក​រំលែក​ក្តី​សុបិន ជាមួយ​ឆន្ទៈ មុះ​មុត​ក្នុង​ការ​ជួយ​ដល់​សិស្ស​ដែល​មាន​អាកប្បកិរិយា​ល្អ និ​ង មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការសិក្សា​ ប៉ុន្តែ​ជួប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ។ ឆ្នាំនេះ​ អេសស៊ីជី បាន​ផ្តល់​អាហារូបករណ៍ ២៥០ នាក់​សម្រាប់​ថ្នាក់​វិទ្យាល័យ និង ២០នាក់​សម្រាប់​ការ​ជួយ​ជា​បន្ត​បន្ទាប់​សម្រាប់​ថ្នាក់​សាកលវិទ្យាល័យ»។

លោក​ Paramate Nisagornsen អគ្គនាយក​រង​អាជីវកម្ម​ក្នុង​តំបន់​​នៃ​ក្រុមហ៊ុន​សម្ភារ​សំណង់ អេសស៊ីជី​

​«អេសស៊ី​ជី ជឿ​ជាក់​ថា​ធន​ធាន​មនុស្ស​ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស។ យើង​មើល​ឃើញថា​ ថ្នាក់​វិទ្យាល័យ​គឺ​ជា​ដំណាក់កាល​​សំខាន់​បំផុត​សម្រាប់​សិស្សានុសិស្ស​ ។ លើស​ពី​នេះ​ទៀត​ យើង​បាន​បន្ថែម​អាហារូបករណ៍​មួយ​កម្រិត​ទៀត ដែល​ជា​អាហារូបករណ៍​រយៈពេល​យូរ សម្រាប់​អតីត​សិស្ស​អាហារូបករណ៍​ថ្នាក់​វិទ្យាល័យ​ដែល​​ជាប់​បាក់ឌុប​ និង​ចាប់​ផ្តើម​បន្ត​ការ​សិក្សា​ឆ្នាំ​ទី១ នៅ​សាកលវិទ្យាល័យ។ នេះ​គឺ​ដើម្បី ជួយ​ឲ្យ​ពួក​គេ​អាច​បន្ត​ការសិក្សា​បាន​កាន់តែ​ខ្ពស់​ដោយ​មិនបាច់​បារម្ភ ពី​ហិរញ្ញវត្ថុ​ ហើយ​អាច​ជួយ​ឲ្យ​ពួកគាត់​អាច​ផ្ដោត​រៀនសូត្រ​ដើម្បី​សម្រេច​បំណងប្រាថ្នា​សម្រាប់​អនាគត​ដ៏​ល្អ​ប្រសើរ​ថែមទៀត»។ ​លោក​បញ្ជាក់​។

ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់​ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា

ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់​ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ដែរ​ថា៖ «ក្រុមហ៊ុន អេសស៊ីជី​ មិន​ត្រឹម​តែ​វិនិយោគ​ និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បាន​ជួយ​បង្កើត​ធនធាន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍន៍​សហគមន៍​ដែល​ក្រុមហ៊ុន​បាន​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​។​ វា​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី បង្កើន​នូវ​ជីវភាព​រស់​នៅ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ការ​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​កម្ពុជា​ ចាប់តាំង​ឆ្នាំ ២០១៤មកម្ល៉េះ» ។

លោក​ Panyarak Poolthup ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ សមត្ថភាព​ នៃ​ព្រះរាជាណាចក្រ​ថៃ​​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា លោក​ពិតជា​រីករាយ ដែល​អេស​ស៊ីជី បាន​ខិត​ខំ​ប្រឹងប្រែង​ និង​តែងតែ​បន្ត​ជួយ​ដល់​​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា តាមរយៈ​កម្មវិធី​អាហារូបករណ៍ អេសស៊ីជី ចែករំលែក​ក្តី​សុបិន ។ ​នេះ​ជា​យុទ្ធនាការ​មួយ​ដែល​តែង​តែ​បន្ត​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច​ ហើយ​​វា​បាន​ឆ្លុះ​បញ្ចាំង​នូវ​បំណង​ប្រាថ្នា របស់​ក្រុមហ៊ុន​ក្នុង​ការ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​។

លោក​ Panyarak Poolthup ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ សមត្ថភាព​ នៃ​ព្រះរាជាណាចក្រ​ថៃ​​ប្រចាំ​នៅ​កម្ពុជា

មិន​ត្រឹម​តែ​ផ្តល់​អាហារូបករណ៍​ប៉ុណ្ណោះទេ ប៉ុន្តែ​ក្រុមហ៊ុន​ អេសស៊ីជី ក៏បាន​រៀបចំ​នូវ​កម្មវិធី ជំនួយ​ផ្លូវ​ចិត្ត​ និង ស្មារតី ដែល​ផ្តល់​សង្ឃដីកា​ដោយ​ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព ក្នុង​ប្រធានបទ «បន្ត​អនាគត​របស់​យើង​ដោយ​ផ្ដោត​ទៅ​លើ​ការ​អប់រំ ការ​អភិវឌ្ឍន៍សង្គម​ និង​ការ​ថែរក្សា​បរិស្ថាន​» ។​ វា​គឺ​ជា​ការ​បង្ហាញផ្លូវ​ដល់​សិស្សានុសិស្ស​ដើម្បី បន្ត​នូវ​បំណង​ប្រាថ្នា​របស់​ខ្លួន និង​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​និរន្ត​ភាព​នៃ​កម្ពុជា។​

បន្ទាប់​ពី​កម្មវិធី នេះ​ចប់​ អេសស៊ីជី ក៏​បាន​ផ្តល់​ឱកាស​ដល់​អតីត​សិស្ស​អាហារូបករណ៍ អេសស៊ីជី ចែករំលែក​ក្តី​សុបិន ដើម្បី ចែករំលែក​ នូវ​បទពិសោធន៍ របស់​ខ្លួន ដែល​ទទួល​នូវ​ការ​ជួយ​ជ្រោមជ្រែង​ពី អេសស៊ីជី​ ជា​បន្ត​បន្ទាប់​ ដូចជា​ការ​ចូលរួម​ក្នុង​កម្មវិធី បោះ​តង់​ចែករំលែក​ក្តី​សុបិន​ ក្នុង​ឆ្នាំ​២០១៩ ដែល​បាន​ប្រមូល​ផ្តុំ​ដោយ​អតីត​សិស្ស​អាហារូបករណ៍ អេសស៊ីជី ចែក​រំលែក​ក្តី​សុបិន នៅ​ក្នុង​តំបន់​។

ក្រុមហ៊ុន អេសស៊ីជី​ បាន​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា អស់​រយៈ​ពេល​ជាង ២០ឆ្នាំ​មក​ហើយ ដែល​បាន​ផ្តល់​នូវ​ផលិតផល​សម្ភារ​សំណង់​គ្រប់​ប្រភេទ​។ ក្រុមហ៊ុន​បាន​ដំណើរការ​អាជីវកម្ម​ និង​សកម្មភាព​របស់​ខ្លួន​ក្រោម​ការ​ប្ដេជ្ញា​ចិត្ត​ថា «បំណងប្រាថ្នា​សម្រាប់​អនាគត​ដ៏​ប្រសើរ​» ដែល​មាន​គោល​បំណង​ចង់​ឲ្យ​កម្ពុជា​ទទួល​បាន​អនាគត​ដ៏​ប្រសើរ និង​ការ​រស់​នៅ​ដ៏​ល្អ​ប្រកប​ដោយ​និរន្តរភាព​៕

អត្ថបទ៖ លីដា

អត្ថបទថ្មី