តារា Original Song ខ្មែរល្បីៗ រួមគ្នាលើកកម្ពស់ និងអបអរទិវាក្មេងស្រីអន្តរជាតិ
- 2019-10-11 05:04:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា Original Song ខ្មែរល្បីៗ រួមគ្នាលើកកម្ពស់ និងអបអរទិវាក្មេងស្រីអន្តរជាតិ
ចន្លោះមិនឃើញ
ទិវាក្មេងស្រីអន្តរជាតិ (International Day of the Girl) ២០១៩ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចមួយ ដើម្បីប្រកាសយកថ្ងៃទី ១១ តុលា ជារៀងរាល់ឆ្នាំជាថ្ងៃទិវាក្មេងស្រីអន្តរជាតិ ដើម្បីសាទរសិទ្ធិអំណាចរបស់ក្មេងស្រី ស្របពេលម្សិលមិញតារា Original Song ខ្មែរ សិល្បការិនីជាច្រើនរូប បានបង្ហាញមុខចូលរួមលើកកម្ពស់របស់ក្មេងស្រីអន្តរជាតិ។
ពួកគេទាំងនោះមាន ឡូរ៉ា ម៉ម លោក អូន ក្រុមក្មេងខ្មែរ ឌីជេ ណាណា និងកញ្ញា សម ថារ័ត្ន ជាដើម ដែលពួកគេទាំងនេះ សុទ្ធតែមានជីវិតតស៊ូងើបឈរនៅក្នុងដំណើរជីវិត ក៏ដូចជាអាជីពរបស់ពួកគេ ជាមួយគំនិតវិជ្ជមាន ពោលគឺញញឹមហើយដើរទៅមុខជានិច្ច។
ថ្លែងចំពោះមុខភ្ញៀវដែលភាគច្រើនជានារី ឌីជេ ណាណា អ្នកដោះស្រាយបញ្ហាជីវិតយុវវ័យរាប់ពាន់នាក់តាមវិទ្យុដ៏មានប្រជាប្រិយភាពម្នាក់នោះ បានឲ្យដឹងថា នៅពេលនេះ នារី ក៏ដូចជាក្មេងស្រី ត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងឋានៈស្មើភាពគ្នាជាមួយបុរស លើការសម្រេចចំពោះកិច្ចការងារណាដែលពាក់ព័ន្ធនឹងខ្លួន សហគមន៍ និងប្រទេសជាតិរបស់ខ្លួន ដើម្បីធានាបានភាពរីកចម្រើន។
ប៉ុន្តែបញ្ហាដំបូងត្រូវពួកគេត្រូវធ្វើ លុបបំបាត់ទស្សនៈអវិជ្ជមានទាំងឡាយ អំពីស្ត្រី ឬក្មេងស្រី ដែលថា ពួកគេ(ស្ត្រី ឬក្មេងស្រី) ជាភេទទន់ខ្សោយជា មិនអាចធ្វើអីបាន។ ជាមួយគ្នា ការផ្លាស់ប្ដូរការគិតរបស់ក្មេងស្រីខ្លួនឯង ពីអវិជ្ជមានទៅ វិជ្ជមាន ក៏រឹតតែសំខាន់ថែមទៀត។ ដូច្នេះហើយ អ្នកនាង បានលើកទឹកចិត្ត ឲ្យស្ត្រី ក៏ដូចជាក្មេងស្រី ត្រូវមានភាពក្លាហាន និងបង្កើតភាពជឿជាក់លើខ្លួនឯងឲ្យខ្លាំង ដើម្បីឈានទៅសម្រេចគោលដៅជីវិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិរបស់ខ្លួន។
កញ្ញា សំ ថារ័ត្ន ដែលគេស្គាល់ថាជាកីឡាការិនីក្បាច់គុន និងកីឡាបោកចំបាប់ដ៏ល្បីមួយរូបរបស់កម្ពុជា ក៏បានឲ្យដឹងដោយលើកពីស្ថានភាពរបស់នាងជាឧទាហរណថា នាងបានចាប់ផ្ដើមជីវិត ជាស្ត្រីមានចិត្តទន់ជ្រាយម្នាក់ ក្លាយទៅជាស្ត្រីម្នាក់រឹងមាំទាំងរាងកាយ និងផ្លូវចិត្ត នោះក៏ព្រោះតែនាងផ្លាស់ប្ដូរការគិតវិជ្ជមានដែរ។ នាងថា ដើមឡើយ គឺនាងមានអារម្មណ៍ខ្លាចគ្រប់យ៉ាង ដូច្នេះហើយ ទើបនាងចូលខ្លួនទៅហាត់ក្បាច់គុន និងប្រដាល់។
“ដើមឡើយនាងខ្ញុំទន់ជ្រាយណាស់ គឺខ្លាចគេ ខ្លាចនេះ ខ្លាចនោះ អីចឹងដើម្បីឲ្យខ្លួនឯងរឹងមាំ ខ្ញុំក៏បានចូលទៅហាត់ប្រដាល់ ហាត់ក្បាច់គុននេះឯង គឺដើម្បីខ្លួនឯងរឹងមាំ"។ យ៉ាងណា ផ្អែកលើវប្បធម៌ខ្មែរ ដែលស្ត្រីគួរតែមានអាកប្បកិរិយា ចរិតមារយាទថ្លៃថ្នូរ សម្ដីសំដៅទន់ភ្លន់នោះ វិថីថ្មីរបស់ ថារ័ត្ន រឹតតែមានសំពាធថែមទៀត។ សំពាធទាំងនោះមានទាំងពីមជ្ឈដ្ឋានខាងក្រៅ និងខាងក្នុង ពោលគឺមានទាំងសំពាធពីគ្រួសាររបស់នាងផង។
ប៉ុន្តែដោយមានភាពជឿជាក់លើការគិតវិជ្ជមានរបស់ខ្លួន នាងបានព្យាយាមពន្យល់មជ្ឈដ្ឋានទាំងនោះអំពីអ្វីដែលនាងចង់ធ្វើ អំពីគោលដៅរបស់នាង ហើយបន្តិចៗម្ដង នាងក៏អាចយកឈ្នះសំពាធទាំងនោះបាន។ ប៉ុន្តែអ្វីៗមិនទាន់ចប់នោះទេ ព្រោះនាងក៏ត្រូវប្រឈមនឹងការភ័យខ្លាចខ្លះទៀតក្នុងអាជីពជាកីឡាការិនីប្រដាល់។ ស្ត្រីកូនរបស់ស្ដេចវីយ៉ូឡុង អ៊ុំ ដារ៉ា បាននៅមុនការប្រកួតដំបូងរបស់ខ្លួននៅសង្វៀនប្រដាល់ គឺនាងខ្លាចខ្លាំងណាស់។
“នៅក្នុងការប្រកួតដំបូងរបស់ខ្ញុំទល់នឹងគូប្រកួតអន្តរជាតិ នាងខ្ញុំមានការភ័យខ្លាចណាស់...ប៉ុន្តែចិត្តមួយបានលើកទឹកចិត្តខ្លួនឯងថា មិនអីទេ ដឹងតែចាញ់គេហើយ ប៉ុន្តែកុំខ្លាចទៅវៃឲ្យសប្បាយៗទៅ...ការគិតបែបនេះ ធ្វើឲ្យខ្ញុំលែងខ្លាច ហើយទីបំផុតខ្ញុំអាចធ្វើបាន...ការប្រកួតដំបូងនោះ ខ្ញុំបានវាយគូប្រកួតឲ្យសន្លប់នៅទឹកទី៣"។ ដូច្នេះហើយនាងថា ការជឿជាក់លើខ្លួនឯង គិតវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងជាដរាប នឹងនាំមកខ្លួននៅសមិទ្ធផលអស្ចារ្យមួយបាន។
កម្ពុជាបានចូលរួមប្រារព្ធទិវា "ក្មេងស្រីអន្តរជាតិ" ជាលើកទី៣ហើយ ដោយមានអង្គការភ្លែនអន្តរជាតិកម្ពុជា ជាអ្នករៀបចំដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយពីទិវាក្មេងស្រីអន្តរជាតិនេះ និងបើកឱកាសឲ្យក្មេងស្រីបានចូលទៅធ្វើការសម្រេចចិត្តលើកិច្ចការខ្លះដែលពាក់ព័ន្ធនឹងរូបគេ។ កាលពី២ឡើងមុន ទិវានេះ បានប្រារព្ធឡើងជាមួយប្រធានបទ "ក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ"នៅឆ្នាំ ២០១៦ និង "ដើរនិយាយគ្នា" នៅឆ្នាំ ២០១៨។
នៅឆ្នាំនេះ ទិវា "ក្មេងស្រីអន្តរជាតិ" ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ "ក្មេងស្រីទទួលបានសមភាព” ឬ "Girls។ លោកស្រី គ្វីននេត វ៉ង (Gwynneth Wong) នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាលើកឡើងថា យុទ្ធនាការ Girls Get Equal ផ្ដោតសំខាន់លើការទាមទារ៖ (១) ឲ្យក្មេងស្រីទទួលបានសិទ្ធិអំណាចក្នុងការសម្រេចចិត្តនូវអ្វីដែលប៉ះពាល់ដល់ជីវិតពួកគេ (២) ឲ្យក្មេងស្រីមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ដោយមិនមានការភ័យខ្លាច និង (៣) ឲ្យមានការផ្សព្វផ្សាយបែបវិជ្ជមានពីក្មេងស្រី។
លោកស្រី បន្ថែមថា៖ "ជាការពិតណាស់ ក្មេងស្រី និងក្មេងប្រុសមានសក្ដានុពលដូចគ្នាក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ វាដល់ពេលហើយដែលយើងត្រូវបង្កើតឱកាសបន្ថែមទៀតសម្រាប់ក្មេងស្រីដើម្បីឲ្យពួកគេអាចធ្វើអ្វី ដែលពួកគេចង់ធ្វើ។ វាដល់ដល់ពេលហើយដែលយើងត្រូវបង្ហាញពិភពលោកថា ក្មេងស្រីមានសក្ដានុពលខ្លាំងក្លាក្នុងការចូលរួមធ្វើឲ្យប្រទេសជាតិ និងសហគមន៍រីកចម្រើន។ យើងទាំងអស់គ្នាត្រូវផ្លាស់ប្ដូរការគិតរបស់យើងពីអ្វីដែលក្មេងស្រីអាចធ្វើបាន និងជំរុញឲ្យក្មេងស្រីក្លាយជាអ្នកដឹកនាំ"។
យុទ្ធនាការ “Girls Get Equal” នឹងរួមចំណែកក្នុងការលុបបំបាត់នូវផ្នត់គំនិតបែបចាស់គំរឹល ដែលដាក់បន្ទុកលើក្មេងស្រី និងស្ត្រីវ័យក្មេង ក៏ដូចជាលុបបំបាត់នូវការរើសអើងដោយផ្អែកលើភេទ ដោយចាត់ទុកថាភេទស្រីជាភេទទន់ខ្សោយ ការងារមួយចំនួន មិនស័ក្ដិសមនឹងក្មេងស្រី ក្មេងស្រីមិនគួររៀនច្រើន ព្រោះចុងក្រោយនឹងក្លាយជាប្រពន្ធ ជាម្ដាយ និងជាមេផ្ទះដ៏ល្អ ជាដើម៕