ព្រះរាជសារស្តីពី «ព្រះរាជអក្ការៈហ្លួងឪ មុនពេលស្តេចយាងចូលទីវង្គិត»

  • 2019-10-14 04:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីការយាងចូលព្រះទីវង្គិតនៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីជម្រាបជូនកូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ បានដឹងអំពីអក្ការៈ ហ្លួងឪ មុនស្តេចសោយព្រះទីវង្គិត ។ គេហទំព័រ Royal du Cambodge សូមលើកយកមកជម្រាបជូន បងប្អូនជនរួមជាតិដូចតទៅ ៖

បន្ទាប់ពីស្ថានភាពប្រឈួននៃ សម្តេចឪ មានភាពមិនល្អប្រសើរក្នុងលក្ខណៈមួយគួរឲ្យព្រួយបារម្ភ សម្តេចម៉ែ ស្តេចសព្វព្រះរាជហឫទ័យយាងអមដង្ហែរព្រះរាជដំណើរ សម្តេចឪ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជទីនាំងយន្តហោះពិសេសទៅកាន់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ត្រួតពិនិត្យ និងព្យាបាលព្រះរាជសុខភាព ថ្វាយព្រះអង្គ ។ នៅទីនោះ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិតចិនដ៏ចំណានៗ ដែលបានខិតខំគាល់បម្រើព្យាបាលព្រះរាជសុខភាពថ្វាយ អង្គសម្តេចឪ ប្រមាណជាង ៤០ឆ្នាំកន្លងមកនេះ បានទូលថ្វាយ សម្តេចម៉ែ ប្រមាណជាង ២ឆ្នាំ មុនពេល សម្តេចឪ ទ្រង់សោយព្រះទីវង្គិតអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃការប្រឈួនព្រះហទយៈ ( បេះដូង ) នៃសម្តេចឪ ក៏ប៉ុន្តែ ក្រុមលោកវេជ្ជបណ្ឌិត ចេះតែខិតខំថែរក្សាព្យាបាលព្រះរោគដោយយកចិត្តទុកដាក់ជាទីបំផុត ធ្វើយ៉ាងណាឲ្យទ្រង់មានព្រះជន្មាយុយឺនយូរបន្តទៅទៀត។

នៅរយៈពេលប៉ុន្នានខែមុនទ្រង់សោយព្រះទីវង្គិត សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ស្តេចសោយព្រះក្រយាពុំសូវបានច្រើន ហើយទ្រង់ផ្ទុំក៏ពុំសូវបាន ជារៀងរាល់ថ្ងៃព្រះអង្គតែងតែថ្វាយបង្គំព្រះ ហើយស្តេចគង់នៅស្ងប់ស្ងៀម មិនសូវមានព្រះរាជឱង្ការអ្វីទាំងអស់ ។

៣ សប្តាហ៍មុនព្រះអង្គសោយព្រះទីវង្គិត ព្រះអង្គចាប់ផ្តើមបានអក្ការៈមិនសូវស្រួល ។ នៅទីនោះ លោកវេជ្ជបណ្ឌិត ចិនដ៏ចំណានៗបានតាមដានជាប់រហូត និង ខិតខំយ៉ាងយកចិត្តទុកដាក់ រិះរកវិធីគ្រប់បែបយ៉ាង ដើម្បីថែទាំ និង ព្យាបាលព្រះរាជសុខភាពទ្រង់យ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅយប់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គចាប់ផ្តើមចាប់ចុកព្រះឱរាព្រះហទយៈ ( បេះដូង) យ៉ាងខ្លះ ភ្លាមៗជាបន្ទាន់នោះ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងកូនចៅចាំគាល់បម្រើ ហ្លួង នៅប៉េកាំង បានយាង សម្តេចឪ ចាកចេញពីព្រះរាជដំណាក់ទីក្រុងប៉េកាំង ទៅកាន់មន្ទីរពេទ្យ យ៉ាងប្រញាប់ប្រញ៉ាល់ ។

នៅក្នុងមន្ទីរពេទ្យ សម្តេចម៉ែ ទ្រង់ក៏បានទូរស័ព្ទមកកាន់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលគង់ប្រថាប់នៅឯ រាជធានីភ្នំពេញ ដើម្បីទូលថ្វាយ ព្រះករុណាជាអម្ចាស់ ឲ្យទ្រង់បានជ្រាបពីអក្ការៈប្រឈួនព្រះវររាជបិតា ទ្រង់ ហើយ សម្តេចម៉ែ ក៏បានយកទូរស័ព្ទនោះទៅថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ទ្រង់ព្រះសណ្តាប់ ។ ក្រោយពីព្រះសណ្តាប់ ព្រះរាជបន្ទូលរបស់ ព្រះរាជបុត្រ ហើយ ព្រះអង្គញញឹម និង មានព្រះរាជឱង្ការពីរ បីព្រះឱស្ថ ដោយសារតែព្រះអង្គប្រឈួនខ្លាំង ។

នេះជាលើកចុងក្រោយបំផុតនៃព្រះជន្មសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលព្រះអង្គមានព្រះរាជឱង្ការជាមួយព្រះរាជបុត្រ ( ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ) ។ ក្នុងមួយព្រះជន្ម សម្តេចឪ ទ្រង់មិនសព្វព្រះទ័យទាល់តែសោះ ចំពោះការមានព្រះរាជឱង្ការតាមទូរស័ព្ទជាមួយនរណាម្នាក់ឡើយ ក៏ប៉ុន្តែ ទ្រង់បែរជាមាន ព្រះរាជឱង្ការដោយស្នាមញញឹមជាមួយ ព្រះរាជបុត្រ ប៉ុន្នានម៉ោងមុនទ្រង់សោយព្រះទីវង្គិត ។

នាវេលាម៉ោង ១ និង ២០ នាទីរំលងអាធ្រាត ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ ព្រះកុរណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចូលព្រះទីវង្គិតក្នុងព្រះជន្ម ៩០ ព្រះវស្សា នាមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយចុកចាប់ព្រះហទយៈ ។

អត្ថបទ និងរូបថត៖ គេហទំព័រ Royal du Cambodge

អត្ថបទថ្មី