សហគ្រិន​ជើងចាស់​ពីរ​រូប​ ចែក​រំលែក​គំនិត​ជោគជ័យ​​​ ដល់​អ្នកមានបំណងរកស៊ី

  • 2019-10-17 09:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​យើង​សង្កេត​ឃើញ​​យុវជន​ជាច្រើន ​មាន​ពំនោល​ចង់​ក្លាយ​ជា​អ្នក​រកស៊ី ឬ​ក្លាយ​​ជា​សហគ្រិន ប៉ុន្តែ​ការ​រក​ស៊ី​រមែង​ជួប​នឹង​ឧបសគ្គ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​តស៊ូ ​មិន​ចុះ​ចាញ់ ​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​​ទើប​ទទួល​ជោគជ័យ។ អ្នក​ជំនួញ​ជើង​ចាស់​ពីរ​រូប​​គឺ លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​ នៃ​​សហគ្រាស ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint និង​ លោក ​ឌិន សុមេធារិទ្ធ​ នាយក​ប្រតិបត្តិ​សណ្ឋាគារ​ Frangipani Villa បាន​ផ្តល់​នូវ​គន្លឹះ​ខ្លះ​ៗ ​ដើម្បី​ជា​គំនិត​ សម្រាប់​អ្នក​មានបំណង​ចង់​រកស៊ី។

លោក ​សោម សម្បត្តិ

សហគ្រិន​វ័យ​ក្មេង ដើម្បី​ទទួល​បាន​​ជោគជ័យ​​គួរ​គិត​ ឬ​កសាង​ផ្លូវ​ឱ្យ​រឹង​មាំ​ចំនួន​​៣​ចំណុច 

  • ទី១ បើ​ចង់​រក​ស៊ី​ខាង​ណា​​គួរ​មាន​​ចំណេះដឹង​លើ​មុខ​របរ​ ដែល​ខ្លួន​ចង់​រក​ឱ្យ​បាន​ជ្រៅ​ជ្រះ​។​ ករណី​នេះ​ គេ​អាច​ចោទ​សួរ​ថា ​អ្នក​ខ្លះ​អត់​មាន​ចំណេះ​ដឹង​លើ​មុខ​របរ ​ដែល​ខ្លួន​រក​ស៊ី​ទេ​ តែ​អាច​ទទួល​​ជោគជ័យ​បាន។ ​ចម្លើយ​ ដោយ​សារ​គាត់​មាន​​ចំណង់​ខ្លាំង​លើ​មុខ​របរ ​ដែល​ខ្លួន​ចង់​រក​​។ ចំណង់​ជា​កម្លាំង​រុញ​ច្រាន​ឱ្យ​គាត់​ដាក់ចិត្ត​រៀន​សូត្រ​លើ​មុខ​ជំនាញ​ ពាក់ព័ន្ធ​នឹង​ជំនួញ​ ដែល​គាត់​ចង់​រកស៊ី។ ​គេ​អាច​ចំណាយ​ពេល​ពី​ ៣ ​ខែ​ទៅ​​ ៦ ​ខែ ​ដើម្បី​រៀន​ជំនាញ​។ ​ឧទាហរណ៍​ដូច​លោក​ផ្ទាល់​ ពេល​ប្រលូក​រកស៊ី​ដំបូង​លោក​គ្មាន​ចំណេះ​ដឹង​ទាល់​តែ​សោះ​ទាក់​ទង​នឹង​ថ្នាំ​លាភ ​ ប៉ុន្តែ​លោក​បាន​ចំណាយ​ពេល​រៀន​សូត្រ​រហូត​មាន​ជំនាញ​ជ្រៅជ្រះ​លើ​ផ្នែក​នេះ។
  • ទី​២ បើ​ជ្រុល​លូក ​គឺ​លូក​ឱ្យ​កប់​​ កុំ​ម្ដង​ចង់​នេះ ឬ​​ម្ដង​ចង់​នោះ​ គ្មាន​វិជ្ជាជីវៈ​ច្បាស់​លាស់ ។ កុំ​ធ្វើ​លេង​ៗ​​ ហើយ​ចង់​បាន​លទ្ធផល​មែនទែន ​មិន​អាច​ឡើយ​។ ​មហាសេដ្ឋី​លើ​ពិភពលោក​គេ​មិន ដែល​​ធ្វើ​រាប់​រយ​រឿង ក្នុង​ពេល​តែ​មួយ​ណាស់។

  • ទី​៣ សហគ្រិន​វ័យ​ក្មេង ​គួរ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​លាស់​ ​ពី​អ្វី​ទៅ​ដែល​ហៅ​ថា ​លំហូរ​សាច់​ប្រាក់?​ អ្វី​ទៅ​ជា​ការ​វិនិយោគ​?​ អ្វី​ទៅ​ជា​ការ​ចូល​ហ៊ុន​គ្នា​រក​ស៊ី​?​ អាជីវកម្ម​ខ្លះ​មិន​មែន​ដួល​ ដោយសារ​​មិន​ល្អ​ទេ ប៉ុន្តែ​ដួល​ដោយ​សារ​តែ​អ្នក​ចាប់​ដៃ​គូរ​រក​ស៊ី​ទាស់​ទែង​គ្នា​។ គេ​គួរ​ស្វែង​យល់​ពី​​បញ្ជី​ស្នាម​ និង​គណនេយ្យ ភាព ក្នុង​ក្រុមហ៊ុន​។​

លោក ឌិន សុមេធារិទ្ធ

បើ​ចង់​រកស៊ី​សហគ្រិន​​វ័យ​ក្មេង​​ត្រូវ​មាន​ ៣ ចំណុច​

  • ទី​១ គំនិត​អាជីវកម្ម ត្រូវ​សួរ​ខ្លួន​​ឯង​ចង់​រក​ស៊ី​អ្វី​ឱ្យ​ពិត​ប្រាកដ​ ? មូល​ហេតុអ្វី​បាន​ចង់​រក​ស៊ី​មុន​របរ​នោះ​?

  • ទី​ ២ ធុរជន​វ័យ​ក្មេង​ត្រូវ​មាន​​​អត្តចរិត​សហគ្រិន​ និង​ត្រូវ​មាន​ចំណេះ​ដឹង​លើ​សហគ្រិន​ភាព។ អត្តចរិត​សហគ្រិន​​ គឺ​ភាព​ច្នៃ​ប្រឌិត ការ​ស្រមើល​ស្រមៃ ​ភាព​ក្លាហាន​ មាន​សាមគ្គីភាព និង​ការ​យល់​ពី​មនុស្ស​ ។ ​បន្ថែម​លើ​នេះ សហគ្រិន​វ័យក្មេង​ត្រូវ​ចេះ​ប្រើ​ធនធាន​ ​ពេលវេលា​ និង​ចំណេះ​របស់​គេ ប៉ុន្តែ​ចែក​ប្រយោជន៍​ទៅ​គេ។ ត្រង់​ចំណុច​នេះ​លោក​បាន​ពន្យល់​ថា ​មនុស្ស​ម្នាក់​ៗ ​គ្មាន​អ្នក​ណា​ចេះ​អស់​នោះ​ទេ​​ ពោល​គឺ​​មាន​ជំនាញ​ផ្សេង​គ្នា​ ប៉ុន្តែ​យើង​ត្រូវ​ឱ្យ​តម្លៃ​លើ​គេ។ ឧទាហរណ៍​ថា អ្នក​ត្រូវ​រក​អ្នក​​ឆុង​កាហ្វេ អ្នក​ត​អំពូល ​និង​ផ្នែក​លក់​ជាដើម​​មក​ជួយ​យើង​ ។

​យើង​ត្រូវ​ឱ្យ​តម្លៃ​លើ​គាត់​ មាន​ន័យ​ថា បើ​គាត់​ទៅ​កន្លែង​គេ​បាន​លុយ​តិច​ត្រូវ​មក​ជាមួយ​យើង​បាន​លុយ​​ច្រើនជាង។ នោះ​ហើយ​ជា​ការ​ចេះ​ប្រើប្រាស់​ពេលវេលា​ ជា​ចំណេះ​ដឹង ​ហើយ​ធនធាន​ក៏​ដូច​គ្នា​ដែរ​ យើង​មិន​អាច​កើត​មក​​ មាន​ធនធាន​គ្រប់​បែប​យ៉ាង​ទេ ត្រូវ​មាន​ការ​ពឹង​ពាក់គ្នា​ទៅវិញ​ទៅ​មក​។

  • ទី​៣ សហគ្រិន​ដែល​ពូកែ ត្រូវ​ចេះ​ដឹក​នាំ​សហគ្រិន​ និង​អាជីវកម្ម​ ក្នុង​នោះ​មាន​​ ផ្នែក​ហិរញ្ញវត្ថុ ​ផ្នែក​ប្រតិបត្តិការ និង​ផ្នែក​លក់ ឬ​ទីផ្សារ។ ផ្នែក​លក់​គឺ​ជា​ចំណុច​ធំ​ជាង​គេ​បង្អស់ អាជីវកម្ម​ទាំងអស់​បើ​យើង​ប្រតិបត្តិការ​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​យើង​អត់​ចេះ​លក់​ នោះ​នឹង​គ្មាន​​ចំណូល​ ខណៈ​ចំណូល​គឺ​ជា​អ្វីៗ​ទាំងអស់​សម្រាប់​ដំណើរ​ការ​ក្នុង​ក្រុមហ៊ុន។ ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​មើល​រំលង​​ ឬ​ខ្សោយ​ផ្នែក​លក់​។ ​ទី​បំផុត​ធ្វើ​ឱ្យ​អាជីវកម្ម​ប្រឈម​​ទៅ​នឹង​ការ​ដួល​រលំ​៕