"រសាត់អណ្ដែត" ខ្សែភាពយន្តបង្ហាញពីជីវិតទាសករលើទូកនេសាទថៃ ចាប់ផ្ដើមចាក់បញ្ចាំងហើយ
- 2019-10-18 04:18:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"រសាត់អណ្ដែត" ខ្សែភាពយន្តបង្ហាញពីជីវិតទាសករលើទូកនេសាទថៃ ចាប់ផ្ដើមចាក់បញ្ចាំងហើយ
ចន្លោះមិនឃើញ
ខ្សែភាពយន្ត Buoyancy ដែលមានចំណងជើងជាភាសាខ្មែរថា "រសាត់អណ្ដែត" ត្រូវចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះ ក្រោយចាក់បញ្ចាំងតាមមហោស្រពភាពយន្តអន្តរជាតិនៅប្រទេសមួយចំនួន នាពេលកន្លងមក។
ខ្សែភាពយន្តបែបសោទនាកម្ម ដែលត្រូវបានថតស្ទើរតែទាំងស្រុងនៅលើសមុទ្រក្នុងប្រទេសកម្ពុជានេះ រៀបរាប់អំពីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ដែលបានចាកចេញពីផ្ទះនៅស្រុកកំណើត ដើម្បីស្វែងរកជីវិតដែលប្រសើរជាងមុន ប៉ុន្តែត្រូវធ្លាក់ខ្លួនធ្វើជាទាសករនេសាទតាមទូក កណ្ដាលសមុទ្រទៅវិញ។
រសាត់អណ្ដែត ត្រូវបានគាំទ្រក្នុងការផលិតដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC)។ ខ្សែភាពយន្តនេះ ត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្រ្ដាលី សម្រាប់ខ្សែភាពយន្តខ្នាងវែងអន្តរជាតិល្អបំផុត នៅឯពានរង្វាន់ Oscars Academy Awards លើកទី៩២។ មុនចាក់បញ្ចាំងនៅកម្ពុជា រឿងនេះត្រូវបានចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តអន្តរជាតិប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ និងមហោស្រពភាពយន្តអន្តរជាតិមែលប៊ន ប្រទេសអូស្រ្ដាលី។
រឿងរសាត់អណ្ដែត ត្រូវបាននិពន្ធ និងដឹកនាំរឿងដោយលោក Rodd Rathjen ជនជាតិអូស្រ្ដាលី និងផលិតដោយក្រុមហ៊ុន Causeway Film សហការជាមួយ CFC និងផលិតកម្ម Anupheap Production។
លោក Rodd បានមានប្រសាសន៍ថា៖ "បទពិសោធន៍នៃការផលិតខ្សែភាពយន្តនៅកម្ពុជា គឺជាបទពិសោធន៍ដែលបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយតួសម្ដែង និងក្រុមការងារបច្ចេកទេសកម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ នេះជាបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ"។
នៅក្នុងសន្នីសីទសារព័ត៌មាន នាថ្ងៃទី១៧ ខែតុលា នៅរោងភាពយន្ត Major Cineplex នាផ្សារទំនើប AEON សែនសុខ លោក ជៀប សុវិជ្ជា ប្រធាន CFC ក៏បានមានប្រសាសន៍ដែរថា ខ្សែភាពយន្តនេះ ត្រូវបានថតនៅកណ្ដាលសមុទ្រ រយៈពេល ៥សប្ដាហ៍ ដើម្បីឲ្យដូចទិដ្ឋភាពជាក់ស្ដែង។ លោកបានកោតសរសើរក្រុមការងារទាំងអស់ ដែលបានតស៊ូពុះពារនៅកណ្ដាលសាគរ រហូតទទួលបានជោគជ័យ។
សូមទស្សនាឈុតខ្លី ខាងក្រោមនេះ៖