Sulli ៖ ​ស្ត្រី​ម្នាក់​ដែល​រើ​បម្រះ​នឹង​ពិភព K-Pop

  • 2019-10-21 07:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​អំពី​ Sulli ដែល​ដាក់​ចំណង​ជើង​ធំៗ​ថា ៖ "Sulli ៖ ស្ត្រី​ម្នាក់​ដែល​រើ​បម្រះ​នឹង​ពិភព​ K-Pop​”។ អត្ថបទ​មាន​រៀប​រាប់​ដូច​ត​ទៅ ៖

Sulli ជា​តារា​សម្ដែង និង​តារា​ចម្រៀង​ដែល​​លេច​ធ្លោ​តាម​រយៈ​ការ​​ធ្វើ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ចម្រៀង f(x)។ ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​ស្គាល់​​​​តាម​រយៈ​ការ​​និយាយ​បើក​ចំហ​អំពី​បញ្ហា​ផ្លូវ​ចិត្ត ការ​វាយ​ប្រហារ​លើ​អនឡាញ និង​សិទ្ធ​ស្ត្រី​ ​ដែល​ជា​ប្រធានបទ​រសើប​មួយ​ក្នុង​សង្គម​អភិរក្ស​ដូច​ជា​កូរ៉េ​ខាង​ត្បូង។

​​​អ្នក​ជំនាញ​ម្នាក់​ក្នុង​ពិភព​ចម្រៀង​និយាយ​ថា ៖ "នាង​សើច​ពេល​ដែល​នាង​ចង់​សើច និង​យំ​ពេល​ដែល​នាង​ចង់​យំ។ នាង​ហ៊ាន​និយាយ​ដោយ​ក្លាហាន។ នាង​មិន​សម​នឹង​សង្គម​នេះ​ទេ។​”

ពី​អ្នក​ហាត់​ការ​ក្លាយ​ជា​តារា​ប៉ុប​

Sulli ដែល​មាន​ឈ្មោះ​ពិត Choi Jin-ri បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​នៅ​ឆ្នាំ ២០០៥ ពេល​មាន​អាយុ​ទើប​តែ ១១ ឆ្នាំ។ នាង​បាន​ប្រកួត​ចូល​ផលិតកម្ម SM Entertainment ជា​ផលិតកម្ម​កម្សាន្ត​ធំ​មួយ​នៅ​កូរ៉េ ហើយ​ត្រូវ​បាន​គេ​ទទួល​ធ្វើ​ជា​អ្នក​ហាត់​ការ។

នៅ​ឆ្នាំ ២០០៩ នាង​បាន​ចូល​ប្រឡូក​​ជា​មួយ​ក្រុម​ចម្រៀង​ស្រី f(x)។ ក្រុម​ចម្រៀង​សមាជិក​ ៥ នាក់​នេះ បាន​ចេញ​អាល់ប៊ុម​ដំបូង​ឈ្មោះ "Pinocchio” ដែល​បាន​ឈរ​លើ​តារា​កំពូល​ ហើយ​ពួក​គេ​បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​ K-Pop ដ៏​ធំ​មួយ។

“f(x) គឺ​ជា​ក្រុម​ចម្រៀង​ដែល​ច្នៃ​ប្រឌិត​ជាង​គេ​បំផុត​មួយ ដែល​គេ​មិន​ធ្លាប់​ឃើញ​ក្នុង​ពិភព K-Pop។” នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​និពន្ធ Joshua Calixto។ អ្នក​និពន្ធ​រូប​នេះ​បន្ថែម​ថា ៖ "ក្រុម​នេះ​ត្រូវ​បាន​គេ​ស្គាល់​ តាម​រយៈ​​ចង្វាក់​​ភ្លេង​ប្លែកៗ ដែល​ទាក់ទាញ​​បំផុត។​”

ពួក​គេ​ក៏​ជា​ក្រុម​ K-Pop ដំបូង ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ តាម​រយៈ​ការ​បង្ហាញ​មុខ​នៅ​កម្មវិធី​ចម្រៀង​អាមេរិក​ South by Southwest (SXSW) នៅ​ឆ្នាំ ២០១៣។

ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក Sulli សម្រេច​ចិត្ត​សម្រាក​ពី​សហគ្រាស​កម្សាន្ត ដោយ​ផលិតកម្ម SM និយាយ​ថា​ នាង​រង​ទុក្ខ​ទាំង​ផ្លូវ​ការ​និង​ផ្លូវ​ចិត្ត ដោយ​សារ​ការ​បញ្ចេញ​មតិ​មិន​ត្រឹម​ត្រូវ និង​មិន​ពិត​អំពី​នាង។ នៅ​ឆ្នាំ ២០១៥ នាង​បាន​ចេញ​ពី​ក្រុម​ជា​ផ្លូវ​ការ ដោយ​សម្រេច​ចិត្ត​ផ្ដោត​លើ​ការ​សម្ដែង​វិញ។

នៅ​ឆ្នាំ ២០១៩ Sulli បាន​វិល​ត្រឡប់​​ចូល​ចម្រៀង​វិញ ដោយ​បាន​បញ្ចេញ​បទ​ចម្រៀង​ទោល​ ចំណង​ជើង​ថា​ "Goblin” ដែល​នាង​បាន​ដើរ​តួ​​អង្គ​​មាន​ជំងឺ​ផ្លូវ​ចិត្ត​មួយ។

នាង​ក៏​បាន​ធ្វើ​ជា​អ្នក​សម្របសម្រួល​កម្មវិធី "The Night of Hate Comments” ដែល​​តារាៗ​ជា​ភ្ញៀវ​កិត្តិយស​ ចូល​មក​និយាយ​អំពី​បទ​ពិសោធន៍​ជុំវិញ​ការ​ទទួល​បាន​នូវ​មតិ​ស្អប់ និង​ការ​វាយ​ប្រហារ​លើ​អ៊ីនធឺណិត។

ការ​ត​ស៊ូ និង​រង​ការ​ធ្វើ​បាប

​​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​លេច​ធ្លោ​គឺ​ការ​និយាយ​​បើក​ចំហ​ ជា​អត្តចរិត​មួយ​ដែល​មិន​សូវ​មាន​ឡើយ​ក្នុង​ចំណោម​តារា​ K-Pop ដែល​ពួក​គេ​តែង​តែ​រក្សា​ភាព​ជា​ឯកជន​អំពី​ជីវិត និង​ការ​គិត​របស់​ខ្លួន។ សហគ្រាស​ K-Pop ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ ដាក់​សម្ពាធ​ឲ្យ​តារាៗ​រក្សា​មុខមាត់​របស់​ខ្លួន​ឲ្យ​ល្អ​ផង​ដែរ។ យ៉ាងណាក្ដី​ Sulli ប្រឆាំង​នឹង​ចំណុច​នេះ។

Sulli និយាយ​បើក​ចំហ​អំពី​បញ្ហា​ផ្លូវ​ចិត្ត​​ដែល​ខ្លួន​ជួប​​ ការ​រង​ការ​វាយ​ប្រកាស​លើ​អ៊ីនធឺណិត និង​សូម្បី​តែ​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន ដែល​​ចំណុច​នេះ​ តារា K-Pop ត្រូវ​ផលិតកម្ម​របស់​ខ្លួន​ហាម​ឃាត់។ តារា​វ័យ ២៥ ឆ្នាំ​នេះ ទទូច​ថា​ ស្ត្រី​គួរ​តែ​មាន​សេរីភាព​លើ​ការ​ស្លៀក​ពាក់ ហើយ​​ខ្លួន​នាង​ផ្ទាល់ ក៏​ធ្លាប់​ត្រូវ​បាន​​គេ​រិះគន់​ធ្ងន់ៗ​ដោយ​សារ​មិន​ពាក់​អាវ​ក្នុង​នៅ​ទី​សាធារណៈ​ផង​ដែរ។

​”នៅ​ពេល​ខ្ញុំ​បង្ហោះ​រូប​មិន​ពាក់​អាវ​ក្នុង មាន​ការ​ជជែក​វែកញែក​ជា​ច្រើន។ ខ្ញុំ​ភ័យ​ខ្លាច និង​អាច​នឹង​លាក់​មុខ​ ប៉ុន្តែ​ហេតុផល​ដែល​ខ្ញុំ​មិន​លាក់​មុខ​ព្រោះ​ខ្ញុំ​ចង់​ផ្លាស់​ប្ដូរ​ការ​វាយ​តម្លៃ​របស់​មនុស្ស​លើ​រឿង​នេះ។ ផ្នែក​មួយ​នៃ​ខ្ញុំ​​ក៏​ចង់​និយាយ​ថា «វា​មិន​មែន​រឿង​ធំ​ដុំ​អ្វី​ទេ»។” នេះ​ជា​សម្ដី​របស់​ Sulli និយាយ​ទៅ​កាន់​អ្នក​សម្ភាសន៍។

ដោយ​សារ​រឿង​នេះ នាង​ត្រូវ​បាន​​គេ​វាយ​ប្រហារ​លើ​អ៊ីនធឺណិត ដែល​ភាគ​ច្រើន​ចាត់​ទុក​ថា​ទង្វើ​របស់​នាង​ ជា​ទង្វើ​អាស្រូវ​មួយ។ Calixto និយាយ​ថា ៖ "សម្រាប់​អ្នក​រិះគន់ Sulli ភាគ​ច្រើន សូម្បី​តែ​រឿង​សាមញ្ញ​ដូច​ជា​បង្ហោះ​រូបភាព​ខ្លួន​​នាង​ ជា​មួយ​មិត្ត​ប្រុស ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សកម្មភាព​អាស្រូវ​កេរ្តិ៍ឈ្មោះ​មួយ​ផង​ដែរ​​។”

ប៉ុន្តែ​នាង​នៅ​តែ​បន្ត​និយាយ​ ដោយ​ជឿជាក់​យ៉ាង​មុត​មាំ​ថា​អ្នក​ស្អប់​នាង​ គ្មាន​សិទ្ធ​បិទ​មាត់​របស់​នាង​ទេ។ Yoonha Kim អ្នក​ជំនាញ​ K-Pop មាន​មូលដ្ឋាន​នៅ​កូរ៉េ​និយាយ​ថា ៖ "នាង​និយាយ​បើក​ចំហ​ដោយ​ក្លាហាន ផ្អែក​តាម​​​ការ​ជឿជាក់​របស់​ខ្លួន។ តារា​ស្រី​ដែល​មិន​ដើរ​តាម​ផ្លូវ បញ្ចេញ​មតិ​បើក​ចំហ និង​ អង់អាច​បែប​នេះ ត្រូវ​ប្រថុយ​នូវ​មុខ​របរ​របស់​ខ្លួន​ទាំង​មូល ដើម្បី​ធ្វើ​ជា​ខ្លួន​ឯង៕”

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម