ឡូយ​ណាស់ ២០២០ នេះ ភី​អិន​អិន​នៅ​តែ​ផ្ដោត​លើ​ភាពយន្ត​ផលិត​ក្នុង​ស្រុក មិន​ទិញ​សិទ្ធិ​ពី​បរទេស​ឡើយ

  • 2019-10-25 09:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អស់​រយៈពេល​ជាង​បី​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន​បាន​ដាក់​ដំណើរ​ការ​ផ្សាយ​រឿង​ភាគ​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​ ដោយ​ទទួល​ល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ផងដែរ តាម​រយៈ​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ល្បីៗ តួ​សម្តែង​ដែល​មាន​ទេពកោសល្យ បូករួម​ទាំង​បច្ចេកទេស​ក្នុង​ការ​ថត​ជាដើម ដែល​ធ្វើ​អោយ​គុណភាព​រឿង​ភាគ​ខ្មែរ​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

​បើ​ទោះបីជា​មាន​ការ​គាំទ្រ​យ៉ាង​ណា​ក្តី ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន នៅតែ​ព្យាយាម​រក​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ព​ង្រឹ​ង​រឿង​ភាគ​ខ្មែរ​អោយ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀ​ត​ក្នុង​ឆ្នាំ​២០២០​ខាងមុខ ដោយ​នឹង​ជ្រើសរើស​ប្រភេទ​សាច់រឿង​ល្អ​ៗ ដែល​លេចចេញ​ពី​ស្នាដៃ​អ្នកនិពន្ធ​ល្បី​ៗ​នៅ​កម្ពុជា​ដោយ​មិន​ច​ម្ល​ង ឬ​ទិញ​សិទ្ធ​ពី​បរទេស​មក​ផលិត​ឡើយ​។

ក្រៅពី​ការ​តែង​និពន្ធ ក្នុង​នោះ​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន ក៏​មាន​ការ​ស​ម្រឹត​សម្រាំង​តួ​សម្តែង​ដែល​មាន​ទេពកោសល្យ និង​អាច​បញ្ចូល​អារម្មណ៍​ជាមួយ​ការ​និយាយ​ផ្ទាល់​ដោយ​មិន​បញ្ចូល​សំឡេង​​ឡើយ។ បន្ថែម​ពី​លើ​នេះ PNN ក៏​នឹង​បន្ថែម​បច្ចេកទេស​ថ្មី ជាពិសេស​គឺ​ការ​បន្ថែម​ម៉ោង​ចាក់​ផ្សាយ​នៅ​ក្នុង​ម៉ោង​មាស​រហូតដល់ ៦០០​ម៉ោង​ក្នុង​មួយ​ឆ្នាំ និង​ការ​បោះ​ទុន​បន្ថែម​ក្នុង​ការផលិត​រឿង​ភាគ​ខ្មែរ ដែល​ឆ្នាំ​មុន​ៗ​ភី​អិន​អិន​បាន​ផលិត​រឿង​ភាគ​ខ្មែរ​ប្រហែលជា​៤០០​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា​ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន​។

​រឿង​ភាគ​ខ្មែរ​ល្បីៗ​ដែល​ត្រៀម​នឹង​ចាក់​ផ្សាយ​សម្រាប់​ឆ្នាំ​២០២០​នេះ​មាន​ដូចជា​រឿង "ឥទ្ធិ​ពល​ស្នេហ៍​ក្នុង​ភ្លើង​បណ្តាសារ​" "អ្នក​ម៉ាក់​វ័យក្មេង" "សង្គ្រាម​ម​រតក" "សព្វ​សិទ្ធ" និង "​អ្នក​ទី​បី" រួម​នឹង​រឿង​ភាគ​ខ្មែរ​ជាច្រើន​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​គ​ម្រោ​ង​ផលិត​និង​ចាក់​ផ្សាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិ​ន​។​

​ដោយឡែក​សម្រាប់​អ្នកនិពន្ធ​ល្បី​ៗ​ដែល​នឹង​មក​សហការ​ផលិត​ជាមួយ​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន​មានដូចជា អ្នកស្រី ពាន់ ភួង​បុប្ផា អ្នកស្រី ម៉ី សន​សុធា​រី អ្នកស្រី សុ​ម៉ាលី រួម​និង​អ្នកនិពន្ធ​ដែល​មាន​ស្នាដៃ​ជា​ច្រើន​រូប​ទៀត​។ ​

​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន រំពឹងថា​សម្រាប់​ឆ្នាំ​២០២០​ខាងមុខ នឹង​រឹតតែ​ធ្វើ​អោយ​ទស្ស​និក​ជន​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង ដោយ​មាន​ការ​រួម​សហការ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ដើម្បី​អោយ​រឿង​ភាគ​ខ្មែរ​កាន់តែ​មាន​គុណភាព​ជាង​ឆ្នាំ​កន្លង​ទៅ​៕ ​