មិន​មាត់​ៗ យឹង យន ស្រាប់​តែ​ហក់​ចូល​ប្រឡូក​ជំនួញ​មួយ​បាត់

  • 2019-10-30 04:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម្បុរ​ស្រអែម​មក​ពី​ខេត្ត​កំពង់​ធំ យ៉ឹង យន បាន​សម្រេច​ឈាន​ជើង​ចូល​ទី​រក​ទីផ្សារ​ជំនួញ ដែល​ជា​រឿង​ថ្មី​ថ្មោង​មួយ​សម្រាប់​លោក ដោយ​បាន​បង្កើត​ក្រុម​ពិធីការ​មួយ​ក្រុម​សម្រាប់​បម្រើ​អារម្មណ៍​ប្រិយមិត្ត​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ។

ជំនួញ​ផ្ទាល់​ខ្លួន​លើក​ដំបូង ជា​ក្រុម​ពិធីការ​នេះ ម្ចាស់​បទ "សម្រស់​ផ្លរីដា" បាន​យក​ឈ្មោះ​របស់​លោក​ទៅ​ដាក់​តែ​ម្ដង ខណៈ​លោក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​រួច​មក​ហើយ ពោល​គឺ​ឈ្មោះ "យ៉ឹង យន តន្ត្រី"។ លោក យន ប្រាប់​ថា លោក​បាន​ដំណើរ​ការ​ក្រុម​ពិធីការ​នេះ បាន​ប្រមាណ​ជាង ១​ឆ្នាំ​មក​ហើយ ដោយ​មាន​បម្រើ​ប្រិយមិត្ត​នូវ​សិល្បៈ​តន្ត្រី​សម័យ និង​បុរាណ បូក​រួម​ទាំង​ភ្លេង​ការ និង​មហោរី​ផង។

មក​ដល់​បច្ចុប្បន្ន​នេះ ក្រុម​ពិធីការ​របស់​លោក មាន​គ្នា​សរុប​ជិត​២០​នាក់ ក្នុង​នោះ​មាន តន្ត្រី​ករ​សម័យ៥នាក់ តន្ត្រីករ​ភ្លេង​ខ្មែរ ៨នាក់ និង​អ្នក​ចម្រៀង ៤នាក់ ដែល​ទាំង​អស់​គ្នា សុទ្ធ​តែ​មាន​ជំនាញ​ច្បាស់​លាស់ និង​មាន​សមត្ថភាព​ខ្ពស់​ទាំង​ផ្នែក​សម័យ និង​បុរាណ។ ចំពោះ​ការ​បង្កើត​ក្រុម​នេះ​ឡើយង តារា​ចម្រៀង​ដែល​គេ​ដាក់​នាម​ឲ្យ​ថា​ជា កែវ សារ៉ាត់ ទី​២ របស់​កម្ពុជា​រូប​នេះ បាន​លើក​ឡើង​ថា ការ​ចាប់​យក​របរ​បន្ថែម​នេះ គឺ​ដើម្បី​ពង្រឹង​ការងារ​សិល្បៈ ក៏​ដូច​ជា​អាជីព​ផង។

ហេតុផល​ផ្សេង​ទៀត ក៏​ព្រោះ​តែ​លោក​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ ទើប​បង្កើត​ក្រុម​នេះ​ឡើង ដែល​អាច​ផ្សព្វផ្សាយ​ពី​សិល្បៈ​បុរាណ​ខ្មែរ​ផង និង​បាន​ជួយ​ឲ្យ​សិល្បករ​បុរាណ កាន់​តែ​មាន​ទីផ្សារ​ច្រើន​ផង។

លោក យ៉ឹង យន មិន​បាន​បង្ហើប​ឲ្យ​ចំ​ពី​តួលេខ​ដែល​លោក​បាន​ទទួល​ការ​កក់​ក្រុម​របស់​លោក​ទៅ​សម្ដែង​ក្នុង​កម្មវិធី​នានា​នោះ​ឡើយ។ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បើក​បាន​ជាង ១​ឆ្នាំ មក​នេះ លោក ប្រាប់​ថា អ្វី​ដំណើរ​ទៅ​មុខ​សន្សឹម​ៗ ក្នុង​នោះ​លោក​ទទួល​បាន​កក់​ច្រើន​នៅ​រដូវ​ប្រាំង ប៉ុន្តែ​ខ្សត់​បន្តិច​នៅ​រដូវ​ភ្លេង។ ដោយ​ឡែក​រដូវ​ប្រាំង​ឆ្នាំ​នេះ ការងារ​បាន​រត់​មក​រក​ហូរហែ​ហើយ។

លោក​ប្រាប់​ថា "គិត​ត្រឹម​ឥឡូវ គឺ​មាន​គេ​កក់​បណ្ដើរ​ៗ​ហើយ ចាប់​ពី​ខែ ១១ ខែ ១ និង​ខែ ៤ ឆ្នាំ​២០២០"។ ក្រៅ​ពី​កាន់​កាប់​ក្រុម​ពិធីការ​ខាង​លើ លោកយ៉ឹង យន គេ​ឃើញ​ចេញ​មុខ​ផ្សព្វផ្សាយ​លក់​ដី​ទៀត​ផង កាល​ពី​ពេល​កន្លង​ទៅ។ យ៉ាង​ណា អតីត​ជយលាភី​លេខ​២ កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" រដូវ​កាល​ទី​២ ប្រាប់​ថា នោះ​គ្រាន់​ជា​ការងារ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​តន្ត្រី​របស់​លោក រាប់​ទុក​ថា​ជា​ការងារ​ស្នូល​មួយ៕

អត្ថបទ៖ ទារិកា