មនុស្សរាប់ពាន់នាក់ត្រៀមរើសសំរាម នៅស្ទឹងសៀមរាប ផ្ញើសារអប់រំបរិស្ថាន មុនថ្ងៃបុណ្យឯករាជ្យ និងបុណ្យអំទូក

  • 2019-11-01 04:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុនថ្ងៃទិវាឯករាជ្យជាតិ និងពិធីបុណ្យអំទូកមកដល់ ខេត្តសៀមរាបត្រៀមយុទ្ធនាការសម្អាតបរិស្ថាន នៅសង្កាត់ពីរដាច់ដោយឡែកគ្នា គឺសង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ខេត្តសៀមរាប។

សូមចុចអាន៖ បរទេសម្នាក់ថា មកដល់ស្រុកខ្មែរ ភ្នំពេញមានភ្នំសំរាម

ចៅសង្កាត់សាលាកំរើក លោក សាម ឡន បានប្រាប់ Sabay ថា មនុស្សយ៉ាងតិច ១ ០០០នាក់ នឹងចូលរួមសម្អាតបរិស្ថាន ជាពិសេសរើសសំរាមតាមបណ្តោយស្ទឹងសៀមរាប នៅថ្ងៃទី ៥ ខែវិច្ឆិកា ២០១៩។ អ្នកចូលរួមព្រឹត្តិការណ៍ មានគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមហ៊ុនឯកជន ផ្នែកសណ្ឋាគារ អង្គការ និងសាលារៀន ជាដើម។

«យើងធ្វើនេះជាវិធានការអប់រំនៅឡើយ ផ្សព្វផ្សាយតាមសាលារៀន និង ភូមិ ឲ្យយល់ដឹងអំពីការទុកដាក់សំរាម កាត់បន្ថយថង់ប្លាស្ទិក»។ នេះជាការលើកឡើងរបស់លោក សាម ឡន។

សូមចុចអាន៖ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​កាកសំណល់ និងការចោលសំរាម​ក្រុង​ភ្នំពេញ​ឲ្យ​បាន​ស្អាត​ល្អ?

ទន្ទឹមនឹងគ្នានេះដែរ ចៅសង្កាត់សៀមរាប លោក ម៉ៃ សុមេត ក៏បានលើកឡើងដែរថា នៅអំឡុងដើមខែវិច្ឆិកា នេះនឹងមានព្រឹត្តិការណ៍២ ជុំវិញការផ្សព្វផ្សាយអំពីបញ្ហាសំរាម។ ទី១ នៅថ្ងៃទី ៣ វិច្ឆិកា រំពឹងថាមានអ្នកចូលរួមចំនួនជាង ១ ០០០នាក់ និងថ្ងៃទី ៧វិច្ឆិកា ខាងមុខនេះ ជិត១០០នាក់ ជិះទូកប្រមូលសំរាម នៅក្នុងស្ទឹងសៀមរាបផ្នែកខាងក្រោម។

«យើងដល់ពេលសង្គ្រោះសំរាម ចេញពីស្ទឹងសៀមរាបហើយ ព្រោះសំរាមកាន់តែច្រើនឡើងៗនៅទីនេះ»។ នេះជាការលើកឡើងរបស់លោក ម៉ៃ សុមេត។

នៅអំឡុងពេលនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងដុតដៃដុតជើង លើការងារនេះ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាទុកដាក់សំរាម និងក្រុមហ៊ុនសំរាមឲ្យប្រមូលឲ្យបានទៀងទាត់។ វិធានការអប់រំនឹងធ្វើរហូតដល់ដំណាច់ឆ្នាំនេះ នឹងចាប់ផ្ដើមវិធានការផាកពិន័យ។

លោក ចៅសង្កាត់សៀមរាប បានបញ្ជាក់ថា ផលប៉ះពាល់មកពីសំរាមមានពីរ គឺ៖

  • ទី១ សោភណភាព សណ្ដាប់ធ្នាប់ (មានភ្ញៀវទេសចរ ឆ្លងកាត់ផ្លូវ​នេះ ទៅទន្លេសាប)

  • ទី២ ប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញស្ទឹង និងបរិវេណកន្លែងចោលសំរាម

សូមបញ្ជាក់ថា សង្កាត់សៀមរាប មានជាជនសរុប ២ម៉ឺន ៣០២៨នាក់ ស្មើននឹង ៤ ៧៤៨គ្រួសារ និងមាន ៨ភូមិ។ តួលេខនេះ លោកចៅសង្កាត់សៀមរាប ប្រាប់ឲ្យដឹង។

សូមចុចអាន៖ កាកសំណល់​ប្លាស្ទិក​នៅ​ផែក្រុង​ព្រះ​សីហនុ​បាន​ដឹក​ចេញ​ទៅ​វិញ​អស់​ហើយ

ការចោលសំរាមពាសវាលពាសកាល លោកចៅសង្កាត់សៀមរាប បានទទួលស្គាល់ថា កន្លងមកដោយសារតែក្រុមហ៊ុនសំរាមមកយកមិនទៀងទាត់ និង កន្លែងខ្លះក្រុមហ៊ុនបានយកដល់កន្លែង ហើយការវេចខ្ចប់សំរាមរបស់ប្រជាពលរដ្ឋក៏មិនបានល្អ និងការចោលសំរាមពាសវាលពាសកាលជាដើម។ ប៉ុន្ដែមួយរយៈចុងក្រោយនេះ ក្រោយពីមានការចុះអប់រំផ្សព្វផ្សាយឃើញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើន និងក្រុមហ៊ុនក៏បានបង្កើនកិច្ចសហប្រតិបត្តិការបានល្អលើការងារផ្ដល់សេវាប្រមូលសំរាម។

យុទ្ធនាការ នៃការរើសសំរាមនៅសង្កាត់សៀមរាប និងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបនេះ ត្រូវបាន លោក ស៊ា សុផល ជាប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សី ជាសហគ្រិនសង្គម ជាសកម្មជនអប់រំ និងបរិស្ថានប្លាស្ទិកទន្លេសាប បានគាំទ្រពេញទំហឹង។

«សារសំខាន់នៃព្រឹត្តិការណ៍នេះ គឺស្ទឹងមិនមែនជាកន្លែងចោលសំរាម»។ លោកសុផលនិយាយ។

សំរាម​នៅស្ទឹងសៀមរាប

លោក ស៊ា សុផល បានបញ្ជាក់ថា ការសម្អាតសំរាមចេញពីស្ទឹងមានសារៈសំខាន់ណាស់ ក្រៅពីថែរក្សាស្ទឹង សោភណភាព និងកត្តាសំខាន់មិនឲ្យសំណល់ថង់ប្លាស្ទិកហូរចូលទន្លេសាប ជាដើម។

យុទ្ធនាការ​ទាំងពីរខាងលើ គឺជាសារអប់រំផ្សព្វផ្សាយអំពីការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋ ឲ្យទម្លាក់ចោលគំនិតចោលសំរាមពាសវាលពាសកាល ងាកមកបោះចោលសំរាមនៅក្នុងធុងសំរាម និងការយល់ដឹងអំពីបរិស្ថានស្អាត៕

រូបភាព៖ ផ្ដល់​ឲ្យ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម