ជើងឯក​ពិភព​លោក Mobile Legend: Bang Bang ​បើក​ការ​ប្រកួត​ធំ​លើក​ដំបូង​មិន​ធ្លាប់​មាន

  • 2019-11-04 04:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​អេឡិចត្រូនិក​ដែល​កំពុង​ពេញ​និយម​បំផុត​គឺ​វិញ្ញាសា Mobile Legends: Bang Bang ពេល​នេះ​នឹង​ធ្វើឲ្យកក្រើក​ចេញ​ពីប្រទេសម៉ាឡេស៊ី​ដែល​ជា​សមរ​ភូមិរៀប​ចំការប្រកួត​ជើង​ឯក​ពិភពលោក Mobile Legends: Bang Bank World Championship ដែល​ហៅ​កាត់ថា M1 ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៩នេះដែល​មានប្រាក់រង្វាន់សរុបរហូតដល់ ២៥០០០០ដុល្លារអាមេរិក។

​ព្រឹត្តិការណ៍​ជើងឯកពិភព​លោកធំមិនធ្លាប់មាននេះ​នឹងប្រជុំដោយក្រុមកីឡាករ​អេឡិចត្រូនិក​ខ្លាំង​ៗ​ដែល​មាន​សមត្ថភាព ​និងទេព​កោសល្យ​ខ្ពស់​មក​ពី១៤​តំបន់ជុំវិញពិភពលោក។​ ការប្រកួត​ទាំងអស់​នឹង​ផ្សាយ​ផ្ទាល់តាមរយៈ Youtube Gaming​ ចេញពីសមរភូមិទីលាន Axiata Arena តំបន់ Bukit Jalil ក្នុង​ទីក្រុង​កូឡាឡាំពូរ​ ប្រទេស​ម៉ាឡេស៊ី។ នេះ​ជាព្រឹត្តិការណ៍អស្ចារ្យ​ដែលអ្នកនិយមចូលចិត្ត​កីឡា​អេឡិចត្រូនិក​លើវិញ្ញាសា ​Mobile Legends: Bang Bang ពិតជា​ទទួលបានបទ​ពិសោធន៍ដ៏​អស្ចារ្យ​ជាក់ជា​មិនខាន។

ជើងឯក​ពិភពលោក ​M1 គឺ​ជាលទ្ធផល​ដ៏គួរជាទីមោទនភាព​ពីកិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​កម្សាន្ត ​MOONTON ​និង​ដៃគូឧបត្ថម្ភ​សំខាន់ ​U Mobile។ បើ​តាមសេចក្តីថ្លែងការណ៍របស់របស់លោក Justin Yuan ​ជានាយក​ប្រតិបត្តិ និង​ជា​សហស្ថាបនិក​ក្រុមហ៊ុន MOONTON បានគូសបញ្ជាក់ថា «ដៃគូឧបត្ថម្ភ​សំខាន់ U Mobile​ ដែលជាក្រុមហ៊ុន​ទូរគមនាគន៍ទទួល​បានពានរង្វាន់ជា​ច្រើន​របស់​ប្រទេស​ម៉ាឡេស៊ី​បានពង្រីកនូវកិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ​MOONTON ដោយ​បាន​ក្លាយ​ជាដៃគូឧបត្ថម្ភ​ផ្លូវការ​សម្រាប់ការ​​​ប្រកួតជើងឯកពិភពលោក M1 World Championship។ ភាពជា​ដៃគូរបស់ U Mobile ជាមួយ MOONTON បានឆ្លុះ​បញ្ចាំងឲ្យ​ឃើញពីការប្តេជ្ញាចិត្ត​ក្នុងការលើក​កម្ពស់វិស័យកីឡា​អេឡិចត្រូនិក​ទាំងនៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពិភពលោក»។

ជើងឯក M1 World Championship ​នឹងចាប់ផ្តើមការប្រកួតវគ្គ​ជម្រុះក្នុង​ពូលពីថ្ងៃទី១១ ​ដល់ទី​១៤ ខែវិច្ឆិកា ​ឆ្នាំ២០១៩។ បន្ទាប់​ពីមកក្រុមខ្លាំងដែល​ជាប់វគ្គជម្រុះក្នុងពូលត្រូវ​ឡើងដល់វគ្គ​ប្រកួត​សំខាន់។ ​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពន ​និង​មីយ៉ាន់ម៉ា​ ព្រមទាំង​ក្រុមជាប់វគ្គ​ជម្រុះមក​ពីប្រទេសកម្ពុជា ​ថៃ ឡាវ វៀតណាម ជប៉ុន ​តួរគី រុស្ស៊ី ​សហរដ្ឋអាមេរិក និង​ប្រេស៊ីល​ជាដើម។ ​ចាំមើលក្រុមមក​ពីប្រទេសណាដែលជាជើងខ្លាំងពិតប្រាកដ?​

អ្នក​និយម​តាម​ដាន​កីឡា​អេឡិចត្រូនិក​ជ្រាប​ហើយ​ថា ​កីឡា eSports នឹងមាន​មុខផ្លូវការចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​នៅ​ប្រទេស​ហ្វីលីពីនពី​ថ្ងៃទី៣០​ ខែវិច្ឆិកា ​ដល់ទី១១ ​ខែធ្នូ​ ឆ្នាំ២០១៩នេះ។ ​ក្នុងនោះ Mobile Legends គឺជាវិញ្ញាសាមួយរបស់កីឡាអេឡិចត្រូនិកមួយដែរ។ តាមព័ត៌មាន​ច្បាស់ការគឺ​ ប្រទេស​ចំនួន៩ក្នុងតំបន់អាស៊ាន​នឹងបញ្ជូកក្រុមកីឡាអេឡិចត្រូនិក​របស់​ខ្លួន​ចូលរួម​ប្រភេទ​កីឡា​ស៊ីហ្គេម ចុងឆ្នាំនេះ។​ វិញ្ញាសា Mobile Legends: Bang Bang នឹងប្រកួត​នៅថ្ងៃទី៥ ទី៧ និងទី៨ ខែ​ធ្នូ ​ដែល​មាន​ផ្សាយផ្ទាល់​តាម​ផេក Bang Bang៕

អត្ថបទ៖ ប្រុស យុទ្ធ