ឡុង​ ជិន​ ភ្លាត់​ចាញ់​សិស្ស​ប្អូន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ TV5​ និងត្រូវអាជ្ញាកណ្ដាលរាប់២ដងទៀត

  • 2019-11-10 06:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ល្បីឈ្មោះ​ ឡុង​ ជិន​ ភ្លាត់​ស្នៀត​ចាញ់​កីឡាករ​ជំនាន់​ក្រោយ​ ទូច​ ដេវីត​ ធ្លាក់​ចេញ​ពី​កម្មវិធី​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​ម្សិលមិញ​នេះ។​

ឡុង ជិន(ក្រហម)

ជើង​ខ្លាំង​មក​ពី​ក្លឹប​ ខ្លារខិន​ ឡុង​ ជិន​ ម្សិលមិញ​នេះ​ភ្លាត់​ស្នៀត​ក្នុង​កម្មវិធី​សំខាន់​ជម្រុះ​ពាន​រង្វាន់​ TV5​ ចាញ់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ ទូច​ ដេវីត​ អស់​ឱកាស​ត្រឹម​វគ្គ​ទី៣​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រដាល់​មួយ​ចំនួន​ហួស​ចិត្ត។​ ទូច​ ដេវិត​ បើ​គិត​ពីការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គឺ​បាន​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ខណៈ​ការ​ចូល​លេងពាន​រង្វាន់​លើក​នេះ​ជា​លើក​ដំបូង​របស់​គេ​ផង​ដែរ។​ ឡុង​ ជិន​ មិន​ត្រឹម​តែ​ចាញ់​ការ​ប្រកួត​មួយ​នេះ​ទេ​ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ចំនួន​២ដង​ថែម​ទៀត​ក្នុង​ទឹក​ទី២​ ដោយ​សារ​រងកណ្ដាប់ដៃ​ច្រើន​ពេក។​

ឡុង ជិន ពេលអាជ្ញាកណ្ដាលរាប់

ចូល​ទឹក​ទី១​ ឡុង​ ជិន​ វ៉ៃ​តាម​ស្ដាយ​របស់​ខ្លួន​ដូច​ពី​មុនៗ​ គឺ​ចេញ​មួយៗ​ប៉ុណ្ណោះ​ មិន​ថា​កណ្ដាប់ដៃ​ ការ​ទាត់​នោះ​ទេ​ ដោយ​គិត​ថា​ជា​ទឹក​ដំបូង​នៅ​ស្ទាបស្ទង់​សិន​ តែ​យ៉ាងណា​ ទូច​ ដេវីត​ មិន​គិត​ដូច្នេះ​ទេ​ទាត់​ជើង​សិស្ស​ច្បង​ខ្លាំង​ៗ​រហូត​ចង់​ខូច​ភ្លៅ​ទៅ​ហើយ។​ ចូល​ទឹក​ទី២​ កូន​សិស្ស​លោក​ អាត​ សំរឺទ្ធ​ រូប​នេះ​ក៏​ចូល​វ៉ៃ​សម្រុក​កណ្ដាប់​ដៃ​ជា​ច្រើន​រហូត​ដល់​ ឡុង​ ជិន​ គាំង​ក្បាច់​ធ្វើ​អ្វី​មិន​ចេញ​ហើយ​ក៏​ត្រូវ​អាជ្ញាកណ្ដាល​តែ​ម្ដង​ ក្រោយ​មក​បន្តិច​ទៀត​ក៏​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ម្ដង។​

ទូច ដេវីត ពេលអាជ្ញាកណ្ដាលរាប់វិញ

ការ​ប្រកួត​ឈាន​ដល់​ទឹក​៣​ ឡុង​ ជិន​ ប្រមូល​ស្មារតី​ និង​វ៉ៃ​សម្រុក​ ចាប់​វ៉ៃ​ជង្គង់​ និង​គាំ​កែង​រហូត​អាជ្ញាកណ្ដាល​រាប់​១ដង​លើ​ ទូច​ ដេវីត​ វិញ​ប៉ុន្តែ​គេ​នៅ​តែ​អាច​បន្ត​ការប្រកួត​រហូត​បញ្ជាប់​ និង​ឈ្នះ​ពិន្ទុ​លើ​សិស្ស​ច្បង​រូប​នេះតែ​ម្ដង។​

ទូច ដេវីត ពេលឈ្នះ ឡុង ជិន

ការ​ចាញ់​របស់​ ឡុង​ ជិន​ នេះ​ក៏​មាន​ការ​ស្រែក​ឡូឡា​ និង​មិន​ពេញ​ចិត្តពី​សំណាក់​អ្នក​គ្រូ​ ឡុង​ រ៉ាវី​ ដែល​ជា​ម្ចាស់​ក្លឹប​ខ្លារខិន​ផង​ដែរ​ ដោយ​សារ​តែ​គិត​ថា​អាជ្ញាកណ្ដាល​លោក​ អូត​ ភូថង​ គិត​តែ​ចាប់​បំបែក​មិន​ឲ្យ​សិស្ស​ខ្លួន​មាន​ឱកាស​វ៉ៃ​ជង្គង់ ហាក់ដូចជាជួយកីឡាករម្ខាងទៀត។​ នៅ​ពេលនោះ​ដែរ​ ផុន​ ផាន់ណា​ ដែល​ជា​អ្នក​ឲ្យ​ទឹក​ ឡុង​ ជិន​ ក៏​មិន​ពេញ​ចិត្ត​សម្រាប់​ការ​ប្រកួត​នេះ​ដែរ​ ដោយ​គិត​ថា​ក្រុម​អាជ្ញាកណ្ដាល​ ចៅក្រម​ជួយ​កីឡាករ​ម្ខាងៗ​ យ៉ាង​ណា​មិញ​ គណៈកម្មការ​ប្រកួតនៅ​តែ​ឲ្យ​ ទូច ​ដេវីត​ ឈ្នះ​ដដែល។​ រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ជុំ​ទី៣​ នៃ​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​៦០​គីឡូក្រាម​ ម្សិលមិញ​នេះ​គឺ​ ឡុង​ ជិន​ ចាញ់​ពិន្ទុ​ ទូច​ ដេវីត​ ខណៈ​ កូយ​ ឡាយ​ ឈ្នះ​ស្វ័យប្រវត្តិ​លើ​ ស៊ន​ រ៉ាគីម៕​

អត្ថបទ៖ នួន ស៊ីណា​