ចាក់ Filler ឲ្យច្រមុះខ្ពស់ បុរសម្នាក់ពិការភ្នែកទាំងសងខាង ច្រមុះរលួយទាំងស្រុង
- 2019-11-14 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់ Filler ឲ្យច្រមុះខ្ពស់ បុរសម្នាក់ពិការភ្នែកទាំងសងខាង ច្រមុះរលួយទាំងស្រុង
ចន្លោះមិនឃើញ
ក្រោយពេលចាក់បំពេញ filler ឲ្យច្រមុះខ្ពស់នៅហាងកែសម្ផស្សមួយ មុខរបស់លោក N ចាប់ផ្ដើមហើមខ្លាំង ឈឺចុកចាប់ ភ្នែកស្រវាំង និងច្រមុះចាប់ផ្ដើមរលួយ។
ព្រឹកថ្ងៃទី១២ ខែវិច្ឆិកាមុននេះ វេជ្ជបណ្ឌិត Nguyen Anh Tuan ប្រធានផ្នែកវះកាត់កែសម្ផស្សនៃមន្ទីរពេទ្យ Dai Hoc Y Duoc ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានទទួលសង្គ្រោះករណីអ្នកជំងឺម្នាក់ឈ្មោះ V N N មកពីខេត្ត Long An ប្រទេសវៀតណាម ក្រោយពេលច្រមុះលោកត្រូវរលួយ ហើយបើកភ្នែកមិនរួច ក្រោយពេលចាក់ Filler រួច។
តាមសម្ដីរបស់អ្នកជំងឺ កាលពីថ្ងៃទី៤ ខែវិច្ឆិកានេះ លោកបានទៅកាន់ហាងកែសម្ផស្សក្នុងតំបន់មួយដើម្បីចាក់បំពេញ filler ឲ្យច្រមុះរបស់លោកមានរាងខ្ពស់ជាងមុន។ នៅពេលត្រលប់មកដល់ផ្ទះវិញ ស្រាប់តែមុខរបស់លោកចាប់ផ្ដើមហើម និងចុកយ៉ាងខ្លាំង។ ដោយសារតែទើបចាក់រួច ទើបលោកស្មានថា នេះជារឿងធម្មតា។ យ៉ាងណាក្ដី ភ្នែករបស់លោកចាប់ផ្ដើមស្រវាំង និងមើលលែងឃើញ ទើបបុរសវ័យ២៧ឆ្នាំ ពឹងអ្នកផ្ទះឲ្យជូនមកទីក្រុងហូជីមិញដើម្បីព្យាបាល។
ក្រោយពេលពិនិត្យរួច វេជ្ជបណ្ឌិតបានសន្និដ្ឋានថា ច្រមុះរបស់លោកត្រូវឆ្លងមេរោគ រលួយស្បែកច្រមុះ ប៉ះពាល់ដល់ផ្នែកខាងក្នុង ប៉ះទង្គិចដល់ភ្នែក ធ្វើឲ្យភ្នែកបាត់បង់ការមើលឃើញ៥០%។
ក្រោយពេលវះ និងព្យាបាលរួច អ្នកជំងឺនៅពេលនេះបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ តែបន្សល់ស្លាកស្នាមធំ ព្រមទាំងពិការភ្នែកជារៀងរហូត។
វេជ្ជបណ្ឌិតដដែលបានឲ្យដឹងថា ដោយសារតែហាងកែសម្ផស្សមួយចំនួន គ្មានគុណភាពខ្ពស់ គ្មានជំនាញច្បាស់លាស់ ទើបធ្វើឲ្យជនរងគ្រោះត្រូវឆ្លងមេរោគ ហើយរាលដាលដល់ភ្នែកបែបនេះ។ លោកសំណូមពរដល់មនុស្សគ្រប់គ្នាថា បើសម្រេចចិត្តកែសម្ផស្សត្រូវរកកន្លែងដែលមានគុណភាពច្បាស់លាស់ និងជំនាញពិតប្រាកដ បើមិនចង់នាំទុក្ខដាក់ខ្លួន៕