សម្ដេច​តេជោ​ នៅ​តែ​ទុកចិត្ត​ខាង​ប្រដាល់​អាច​រក​មេដាយ​បាន​ច្រើន​នៅ​ស៊ីហ្គេម​ ហ្វីលីពីន​

  • 2019-11-19 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​តែ​ស្រឡាញ់​ និង​ទុកចិត្ត​ចំពោះ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​និច្ច​ ហើយ​ដាក់​ការ​រំពឹង​ថា​ប្រភេទ​កីឡា​មួយ​នេះ​នឹង​អាច​រក​មេដាយ​បាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​នៅ​ ឯ​ហ្វីលីពីន។​

រូបភាព NOCC

សម្ដេច​តេជោ​ មាន​ប្រសាសន៍​ម្សិលមិញ​នា​ពិធី​ជួបជុំ​សំណេះសំណាល​ជា​មួយ​ប្រតិភូ​កីឡាករ​ កីឡា​ការិនី​ ដែល​ត្រៀម​ចេញទៅ​ថា​ សូម​អត្តពលិក​ដែល​នឹង​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​របស់​កម្ពុជា​ទាំង​អស់ ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ជា​ពិសេស​ការ​ហាមឃាត់​ចំពោះ​សារធាតុ​ប៊ូវ​កម្លាំង​ ឬ​ការ​ធ្វើ​ខុស​លក្ខន្តិក​នៃ​ការ​ប្រកួត​ផ្សេងៗ។​ កុំ​ចង់​ឈ្នះ​រហូត​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាក់​មុខមាត់​ ការ​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា​របស់​កីឡា​នោះ​ទេ​ ជៀសវាង​មាន​សម្ដីថា​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ប្រកួត​អាក្រក់​ ឬ​កាច។​

រូបភាពហ្វេសបុក វ៉ាន់ វឿន​
រូបភាពហ្វេសបុកផេក​សម្ដេច

ក្រៅ​ពី​ការ​លើក​ឡើង​ខាង​លើ​នេះ​ហើយ​ សម្ដេច​ក៏​សួរនាំ​ឈ្មោះ​កីឡាករ​ប្រដាល់​មួយ​ចំនួន​ផង​ដែរ​ ថែម​ទាំង​ដាក់​ក្ដី​សង្ឃឹម​ថា​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​នេះ​នឹង​អាច​ឈ្នះ​មេដាយ​បាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។ ​ព្រោះ​សម្ដេច​បាន​តាមដាន​ និង​ទស្សនា​ពី​ការ​ប្រកួត​នានា​នៅ​ចុង​សប្ដាហ៍​កន្លង​មក​រហូត និង​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​អ្នក​ប្រដាល់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។​

រូបភាព NOCC

រំលឹក​ដែរ​ថា​ កាល​ពី​ស៊ីហ្គេម​លើក​ទី២៩​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ ២០១៧​ ប្រភេទ​កីឡា​គុន​ខ្មែរ​បញ្ជូន​កីឡាករ​ចំនួន​ ៥រូប​ ក្នុង​នោះ​ឈ្នះ​មេដាយ​មាស១គ្រឿង​ ប្រាក់១គ្រឿង​ សំរឹទ្ធ​២គ្រឿង។​ សម្រាប់​ស៊ីហ្គេម​ ២០១៩​នេះ​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បញ្ជូន​កីឡាករ​៤រូប​ និង​កីឡា​ការិនី១រូប​សរុប៥នាក់។​ កីឡាករ​គុន​ខ្មែរ​ចំនួន​៦រូប​ផ្សេង​ទៀត​ក៏​ប្រកួត​លើ​ប្រភេទ​កីឡា​ Kick Boxing​ ផង​ដែរ។​ កម្ពុជា​នឹង​ចូលរួម​លើ​៣១​ប្រភេទ​កីឡា​ក្នុង​ស៊ីហ្គេម​នៅ​ហ្វីលីពីន​លើក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម