ទំនើបកម្មឌីជីថលក្នុងវិស័យធនាគារអាស៊ានតែមួយ ផ្សារភ្ជាប់អាស៊ានឆ្នាំ២០២៥ និងពិភពលោក

  • 2019-11-25 11:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជំនាញ​​​កំពូល​ៗ​​​ក្នុង​សេវា​ហិរញ្ញ​វត្ថុ​មក​ពី​ទូ​ទាំង​​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន បាន​​មក​ជួប​ជុំ​​គ្នា​នៅ​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ចូលរួម​ក្នុង​​​សន្និសីទ​ប្រចាំ​តំបន់​​ដ៏​សំខាន់​មួយ ដែល​​​ផ្ដោត​ទៅ​លើ​កំណែ​ទម្រង់​​​ប្រព័ន្ធ​​​ឌី​ជី​ថល​ក្នុង​វិស័យ​ធនាគារ និង​សេវា​ហិរញ្ញ​វត្ថុ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រោម​ទស្សនទាន​ «ការ​ផ្សារ​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥-ពិភព​លោក​​​​ដ៏​ក្លែវក្លា​​ថ្មី​មួយ​នៃ​នវានុវត្តភាព ប្រព័ន្ធ​ឌី​ជី​ថល​សម្រាប់​វិស័យ​ធនា​​គារ​អាស៊ាន​តែ​មួយ (ASEAN Connectivity 2025 - a brave new world of digital innovation for one ASEAN banking sector)» នេះ​គឺ​ជា​សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​២២ ហើយ​នឹង​ត្រូវ​សហការ​​រៀប​ចំឡើង​ដោយ​សមាគម​ធនាគារ​កម្ពុជា (ABC) និង​សមាគម​ធនាគារិក​អាស៊ាន (ABA)។

ឯក​ឧត្តម ជា ចាន់​តូ អគ្គទេសា​ភិបាល​ធនាគារជាតិ​នៃ​កម្ពុជា

គណៈ​អធិបតី​ជាន់​​ខ្ពស់​នៅក្នុង​សន្និសីទ​ដ៏​សំខាន់​មួយ​នេះ រួម​មាន​ ឯក​ឧត្តម ជា ចាន់​តូ អគ្គទេសា​ភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ឯក​ឧត្តម Dato Lim Kok Hoi អគ្គ​រដ្ឋ​​លេខា​ធិការ​សហ​គមន៍​អាស៊ាន​។

ឯក​ឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «ការ​ធ្វើ​ទំនើប​កម្ម​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ និង​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ថ្មីៗ បាន​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ ទៅ​កាន់​ប្រជា​ពល​រដ្ឋ​អា​ស៊ាន​ច្រើន​ជាង​៦០០​លាន​នាក់ ប្រកប​ដោយ​សុវត្ថិ​ភាព និង​បរិយាបន្ន»​។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមា​គម​ធនា​គារ​​​កម្ពុជា ​បាន​បញ្ជាក់​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​តំបន់​​អាស៊ាន មាន​ន័យ​ថា រាល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ អាច​​សិក្សា​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅមក អនុ​វត្ត​​តាម​​គ្នា​ទៅ​វិញ​ទៅមក និង​​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា ដើម្បី​​ជួយ​​​ជំ​រុញ​ដល់​​ការ​អភិវឌ្ឍ​​សេដ្ឋ​កិច្ច និង​សង្គម​​។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមា​គម​ធនា​គារ​​​កម្ពុជា

លោក​បន្ត​ថា៖ «យើង​មិន​ត្រឹម​​តែ​បាន​​ឃើញ​ពី​ការ​រីក​​ចម្រើន​របស់​ក្រុមហ៊ុន​​ធំ​​ៗ​ក្នុង​តំបន់​​ដូច​ជា Grab នៅ​សិង្ហបុរី ឬ​ក៏​ក្រុមហ៊ុន Go Jek នៅ​ឥណ្ឌូនេស៊ី ដែល​​កំពុង​តែ​ឈាន​មុខ​គេ​​ក្នុង​វិស័យ​នេះ ក្នុង​ការ​ធ្វើ​ឲ្យ​​បច្ចេក​វិទ្យា​ថ្មី​ៗ មាន​ភាព​ងាយ​ស្រួល ​ប៉ុណ្ណោះ​ទេ​​»។

«យើង​បាន​សិក្សា​រៀន​សូត្រ​ពី​ក្រុម​ហ៊ុន​ទាំង​នោះ ហើយ​យើង​កំពុង​តែ​អភិវឌ្ឍ​ក្រុម​​អ្នក​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​របស់​យើង ដូច​ជាក្រុមហ៊ុន PassApp ឬ Joonaak ដែល​កំពុង​តែ​​នាំ​យក​ចំណេះ​ដឹង​ក្នុង​តំបន់​របស់​ពួក​គេ​នៅ​ទីនេះ ដើម្បី​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​​ពល​ដ្ឋ​របស់​យើង​។ ពិត​ណាស់ យើង​បាន​ទទួល​ស្វាគមន៍​ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត ដើម្បី​ប្រតិបត្តិ​នៅ​ទីនេះ ប៉ុន្តែ យើង​មាន​មោទនភាព​ណាស់​ដែល​យើង​​មាន​ទេព​កោសល្យ​ និង​មហិច្ឆតា ​ក្នុង​ការ​បង្កើត និង​បង្កើន​ការ​ប្រកួត​ប្រជែង​​ក្នុង​ស្រុក​ជាមួយនឹង​ក្រុមហ៊ុន​ធំ​ៗប្រចាំ​តំបន់​ទាំង​នេះ​»​។ លោក​បណ្ឌិត អ៊ិន ចាន់នី បញ្ជាក់​បន្ថែម។

ប្រតិភូ​ជាន់​ខ្ពស់​​ជាច្រើន​ផ្សេង​ទៀត ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​ផ្តល់​អនុ​សាសន៍​របស់​ខ្លួន​​​លើ​ប្រធាន​បទ​ដូច​គ្នា​នេះ អំឡុង​ពេល​កិច្ច​ពិភាក្សា​​ជាក្រុម ទៅ​លើ​ប្រព័ន្ធឌី​ជីថល និង​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ (Fintech) សន្តិ​សុខ​​លើ​ការ​លួច​ចម្លង​ទិន្នន័យ (cybersecurity) និង​បញ្ជី​កំណត់ត្រា​ប្លុក (Blockchain) និង​កំណែ​ទម្រង់​ប្រព័ន្ធ​ឌីជី​ថល​​ក្នុង​វិស័យ​ធនាគារ និង​​​សេវា​ហិរញ្ញ​វត្ថុ​។

យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រតិ​ភូ​ចំនួន ៥០០នាក់ បាន​ចូលរួម​​ក្នុង​សន្និសីទ​រយៈ​ពេល​១​ថ្ងៃ​ពេញ​នេះ នៅ​ឯ​សណ្ឋាគារ​សុខា​​ភ្នំ​ពេញ រួម​ជាមួយ​នឹង​មន្ត្រី​​តំណាង​ជាច្រើន​មក​ពី​ប្រទេស​ទាំង ​១០​ក្នុង​តំបន់​​អាស៊ាន និង​ភ្ញៀវ​កិត្តិ​យស​ជាច្រើន​​ផ្សេង​ទៀត​​ទូ​ទាំង​តំបន់​​​។

ថ្ងៃ​ទី​២​នៃ​​សន្និសីទ​​​ដ៏​សំខាន់​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ម្ចាស់​ឧបត្ថម្ភ​ជាច្រើន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង ធនាគារ​ អេ​ស៊ី​លី​ដា ក្នុងនាម​ជា​ដៃគូ​យុទ្ធ​សាស្ត្រ និង​​ធនាគារ ស៊ី​អាយ​អិម​ប៊ី (CIMB) ធនាគារ​​កា​ណា​ឌី​យ៉ា និង​ធនាគារ​ភ្នំ​ពេញ ពាណិជ្ជ ក្នុង​នាម​ជា​ដៃ​គូ​ចម្បង គឺ​ជា​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​៤៩ ហើយ​ និង​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​​សមាជិក​របស់​សមាគម​ធនាគារិក​អាស៊ាន ប៉ុណ្ណោះ​​។ ​

នេះ​គឺ​ជា​លើក​ទី​១ហើយ​ដែល​កម្ពុជា បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​​​សន្និសីទ​ធនាគារ​អាស៊ាន​នេះ ដែល​តម្រូវ​ឲ្យ​រាល់​ប្រទេស​​ជា​សមាជិក​សហគមន៍​អាស៊ាន​ទាំង​អស់​ ត្រូវ​ដាក់​វេន​គ្នា​​ធ្វើ​ជាម្ចាស់​ផ្ទះ រៀង​រាល់​រយៈ​ពេល​​២​ឆ្នាំ​ម្តង​៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម