លេចឮថាឡាន "រថក្រោះ" មកដល់ខ្មែរឆាប់ៗនេះ
- 2019-12-02 04:19:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចឮថាឡាន "រថក្រោះ" មកដល់ខ្មែរឆាប់ៗនេះ
ចន្លោះមិនឃើញ
ថ្មីៗនេះទំព័ររថយន្តមួយឈ្មោះ "Amazing Modification” បានបង្ហាញដំណឹងមួយអំពីរថយន្ត Rezvani Tank ស៊េរីឆ្នាំ ២០២០ ដែលរថយន្តនេះកំពុងស្ថិតនៅតាមផ្លូវមកកាន់ប្រទេសកម្ពុជា។
ក្រៅពីរូបភាព ២ សន្លឹកដែលបង្ហាញអំពីការដាក់រថយន្តចូលទៅក្នុងទូរកុងតឺន័រ ទំព័រខាងលើមិនបានប្រាប់ព័ត៌មានអ្វីបន្ថែមនោះឡើយ។ រថយន្ត Rezvani Tank ស៊េរីថ្មី បានបង្ហាញមុខជាលើកដំបូងក្នុងកម្មវិធី Monterey Car Week នាថ្ងៃទី ១៦ ខែសីហា ដោយវាមានចែកចេញជា ៣ ប្រភេទ។
ប្រភេទធូរជាងគេមានតម្លៃ ១៥៥ ០០០ ដុល្លារ ប្រើម៉ាស៊ីនកម្លាំង ២៨៥ សេះ ចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង ប៉ុន្តែវាក៏មានជម្រើសម៉ាស៊ីន ៥០០ សេះ ចំណុះ ៦,៤ លីត្រ ៨ ស៊ីឡាំង ឬ ម៉ាស៊ីនម៉ាស៊ូត ២៨៥ សេះ ចំណុះ ៣,០ លីត្រផងដែរ។ ពីរប្រភេទទៀតគឺបំពាក់ម៉ាស៊ីន Dodge Demon ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានដល់ ១០០០ សេះ ជាមួយតម្លៃចាប់ពី ២៩៥ ០០០ ដុល្លារ សម្រាប់ប្រភេទ Tank Military Edition និងចាប់ពី ៣៤៩ ០០០ ដុល្លារ សម្រាប់ប្រភេទ Tank X។
គួរដឹងថាកាលពីអំឡុងខែវិច្ឆិកាឆ្នាំ ២០១៨ លោក ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថាក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិ នាំចូលផ្ដាច់មុខនូវប្រភេទរថយន្ត Rezvani របស់សហរដ្ឋអាមេរិក មកលក់នៅប្រទេសកម្ពុជា និងមានសិទ្ធចែកចាយបន្តទៅកាន់ប្រាំប្រទេសផ្សេងទៀតដែលរួមមាន៖ សិង្ហបុរី, ម៉ាឡេស៊ី, ថៃ, វៀតណាម និងឡាវ។ នេះមានន័យថារថយន្ត Tank ស៊េរីឆ្នាំ ២០២០ ខាងលើទំនងជាការនាំចូលលើកដំបូងរបស់លោកឧកញ៉ា ស្រី ចាន់ថន មកកាន់ប្រទេសកម្ពុជា៕