លោក គឹម បញ្ញា ៖ "ការផាកពិន័យដល់ផ្ទះគ្មានអ្វីត្រូវបារម្ភឡើយ បើអនុវត្តស្មើភាព តម្លាភាព និងជាប់លាប់ ”
- 2019-12-18 06:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គឹម បញ្ញា ៖ "ការផាកពិន័យដល់ផ្ទះគ្មានអ្វីត្រូវបារម្ភឡើយ បើអនុវត្តស្មើភាព តម្លាភាព និងជាប់លាប់ ”
ចន្លោះមិនឃើញ
“ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តការផាកពិន័យដល់ផ្ទះចំពោះអ្នកបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ក្នុងពេលដ៏ឆាប់ខាងមុខ និងសូមធ្វើឡើងឱ្យបានជាប់លាប់ តម្លាភាព និងស្មើភាព”។ ទាំងនេះជាចំណាប់អារម្មណ៍ លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ី ក្នុងកិច្ចសម្ភាសជាមួយ sabay កាលពីម្សិល។
អ្នកជំនាញផ្នែកចរាចរណ៍រូបនេះបានគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលគ្រោងនឹងតាមផាកពិន័យអ្នកល្មើសភ្លើងសញ្ញាចរាចរណ៍ដល់ផ្ទះ ប៉ុន្តែចង់ឱ្យអនុវត្តឱ្យបានជាប់លាប់ និងឈរលើគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់។
វិធានការនេះ គឺបានដើរស្របគ្នានឹងអនុសាសន៍នៃសន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រារព្ធធ្វើកាលពីថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានស្នើសុំឱ្យ បង្កើនចំនួនកាំមេរ៉ាសុវត្ថិភាពឲ្យបានច្រើននៅតាមទីសាធារណៈដើម្បីតាមពិនិត្យឥរិយាបថអ្នកបើកបរ និងតាមពិន័យ ព្រមទាំងប្រើប្រាស់កាំមេរ៉ាសុវត្ថិភាពដែលមាននៅតាមដងផ្លូវសម្រាប់ការអនុវត្តច្បាប់ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ទុកជាមុន។
"គោលគំនិតដែលយើងចង់ឱ្យមានការអនុវត្ត ព្រោះយើងចង់ឱ្យមានវិធានការនៃការការពារ ការបង្ហារឱ្យបានជាមុន កុំចាំរហូតក្លាយជាបទល្មើស ឬករណីនៃគ្រោះថ្នាក់ចរាចរណ៍។ ក្រៅពីហ្នឹងយើងចង់ឱ្យមានការអនុវត្តលើអ្នកប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបើកបរ និងប្រភេទរថយន្តធន់ធំ ដែលចេញចូលក្រុងខុសពេលវេលា”។ លោក បញ្ញា បន្ថែម។
ដោយសារកម្ពុជាទើបចាត់វិធានការនេះលោក បញ្ញា ចង់ឃើញមានការអនុវត្តលើប្រភេទរថយន្តដែលបើកបរល្មើសសញ្ញាចរាចរណ៍លើមុនគេ និងឈរលើគោលការណ៍ស្មើភាពមិនចំពោះរថយន្តទំនើប ឬមិនទំនើបនោះទេ ពោលគឺផ្អែកទៅលើគោលការណ៍ច្បាប់ទាំងស្រុង ។ ការអនុវត្តច្បាប់រមែងមានការពេញចិត្ត និងមិនពេញចិត្ត និងអាចជួបបញ្ហាប្រឈមខ្លះៗប៉ុន្តែជាទូទៅលោកចង់ឱ្យមានការអនុវត្តដោយមិនថយក្រោយនោះទេ។ "ធម្មតាប្រជាពលរដ្ឋយើងនៅពេលអនុវត្តច្បាប់គាត់តែងមានអារម្មណ៍អ្វីមួយកើតឡើង ប៉ុន្តែបើសិនជាទង្វើរបស់គាត់បំពានច្បាប់ គាត់មិនសប្បាយចិត្តវាអត់ត្រូវ ដោយការកាំមេរ៉ាគេបានចាប់ហើយវាអត់មានអីខុសទេ”។
លោក បញ្ញា បានឱ្យដឹងទៀតថា ស្ថាប័នអនុវត្តច្បាប់គួរមានផែនការ និងយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់មុននឹងអនុវត្តដើម្បីជៀសវាងការបាត់បង់ជំនឿពីប្រជាពលរដ្ឋ។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍កាលពីពេលថ្មីៗនេះបានបញ្ជាក់ពីផែនការ របស់នគរបាលជាតិ ក្នុងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយនឹងផាកពិន័យដល់ផ្ទះ ចំពោះអ្នកដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតល្មើសច្បាប់ជាដើម។
លោកបានគូសបញ្ជាក់ថា ការបំពាក់ឧបករណ៍កាំមេរ៉ាសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់បច្ចេកទេសបានយ៉ាងល្អ ហើយនៅភ្នំពេញនឹងឈានដល់ការពិន័យ តាមរយៈការប្រើប្រាស់កាមេរ៉ានេះ ចំពោះអ្នកមិនគោរពភ្លើងសញ្ញាតាមដងផ្លូវ និងចតខុស គឺអាចធ្វើការផាកពិន័យ ដោយថតយកលេខរថយន្តបានស្រាវជ្រាវរកអត្តសញ្ញាណដល់ផ្ទះ។
យ៉ាងណាមិញក្រោយប្រកាសផែនការនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានលើកឡើងផ្សេងៗគ្នា ខណៈអ្នកខ្លះគាំទ្រ និងអ្នកខ្លះទៀតថា មិនអាចទៅរួចឡើយ។ ត្រង់ចំណុចនេះលោក បញ្ញា បានបន្ថែមថា ក្រៅពីអនុវត្តច្បាប់មានតម្លាភាព ស្មើភាព អ្នកបើកបរល្មើសច្បាប់ត្រូវក្លាហានទទួលកំហុស និងត្រូវចេះរាយការណ៍ទៅសមត្ថកិច្ចជំនាញតាមរយៈបណ្ដាញសង្គម ព្រោះការអនុវត្តស្មើភាពទៅបានលុះត្រាតែមានការចូលរួមទាំងអស់គ្នា៕